ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីចែកបណ្ណសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលតូប រាន ជូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអាជីវករផ្សារសាមគ្គីស្ទឹងត្រែងចំនួន៦២៣នាក់ ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី0៧ ខែមេសា ឆ្នាំ២០១៥ ផ្សារថ្មស្ទឹងត្រែងត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិអាជីវករអស់ជាច្រើន ។ ឆ្លើយតបនៅនឹងទុក្ខលំបាករបស់បងប្អូនអាជីវករ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេច សាងសង់ផ្សារសាមគ្គីស្ទឹងត្រែង និងតូប រាន ជូនបងប្អូនអាជីវករដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច និងសាងសង់ដោយកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ។
ការសាងសង់អគារផ្សារសាមគ្គីស្ទឹងត្រែង និងតូប រាន បានសម្រេច និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានចំនួន១.២៨៦តូប និងរានថ្មសម្រាប់អាជីវករមកពីជនបទលក់ត្រី បន្លែ ប្រវែង៧២ម៉ែត្រ ស្មើនឹងចំនួនអាជីវករ៦២៣នាក់ ។ រដ្ឋបាលខេត្តបានចាត់ចែងឲ្យបងប្អូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែងចូលទៅលក់ដូរជាផ្លូវការនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយក្តីសប្បាយរីករាយព្រោះផ្សារថ្មីនេះមានរចនាបថល្អ បរិស្ថានល្អ ផាសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹក និងប្រព័ន្ធការពារសុវត្ថិភាព ហើយតូប រាន នីមួយៗត្រូវបានសាងសង់ឡើងស្របតាមបទដ្ឋានត្រឹមត្រូវ ។
បងប្អូនអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាកនានាជូនពួកគាត់ ជាក់ស្តែងដូចជា ការសាងសង់ផ្សារ តូប រាន ជូនពួកគាត់ ហើយទទួលបានប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិតូប រាន ៕
ចែករំលែកព័តមាននេះ