នៅមិនដល់៣សប្តាហ៍ទៀតនោះទេការប្រកួតដណ្តើមខ្សែក្រវាត់ WBA រវាងខ្លាកំណាចទ្វីបអាស៊ី Manny Pacquiao និងជើងខ្លាំងឆ្លងដែនមកពីអាហ្សង់ទីន Lucas Matthysse នឹងត្រូវឡើងសង្វៀន ប៉ះគ្នានៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យទី១៥ ខែកក្កដា ខាងមុខនេះ ។
ចំពោះជំនួបលើកទី១សម្រាប់ឆ្នាំ២០១៨នេះ Pacquiao បានខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់បំផុតបន្ទាប់ពីចាញ់ទាំងមិនអស់ចិត្តពេលប្រកួតប៉ះកីឡាករអូស្ត្រាលី Jeff Horn កាលពីខែកក្កដា ឆ្នាំ២០១៧ រួចមក ។
ទន្ទឹមនឹងនេះគ្រូបង្វឹក Buboy Fernandez បាននិយាយថា «ខ្ញុំអាចនិយាយបានថា ពេលនេះ Pacquiao បានត្រៀមខ្លួន ៨៥% ហើយ ប៉ុន្តែយើងមិនចង់ឱ្យគាត់ឆាប់ឡើងដល់ ១០០% ភ្លាមៗទេ» ។ គ្រូបង្វឹករូបនេះបន្ថែមថា «សមត្ថភាពគាត់ឥឡូវនេះ គឺដូចអ្វីដែលយើងចង់បានអ៊ីចឹង» ។
គួររំលឹកថា កាលពីខែមេសាកន្លងទៅអតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក៨សម័យកាលខាងលើបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC ថា «ជំនួបប៉ះ Matthysse មិនមែនជាការប្រកួតចុងក្រោយរបស់ខ្ញុំទេ ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាចងចាំ មិនត្រឹមតែខ្ញុំឈ្នះខ្សែក្រវាត់នោះឡើយ ។ ខ្ញុំនឹងបន្តនៅទីនេះក្នុងនាមជាអ្នកប្រដាល់អាជីពមួយរូបដដែលមិនទាន់បញ្ចប់នោះទេ» ។
សូមបញ្ជាក់ថា ចាប់តាំងពី Pacquiao ប្រកួតចាញ់កីឡាករ Jeff Horn របូតខ្សែក្រវាត់ WBO កាលពីឆ្នាំមុនមក ស្តេចប្រដាល់ហ្វីលីពីនរូបនេះមិនទាន់ឡើងសង្វៀនម្តងឡើយ ។ ចំពោះប្រវត្តិឡើងសង្វៀនវិញ កីឡាករវ័យ៣៩ឆ្នាំ កំពស់១.៦៨ម៉ែត្រ Pacquiao ធ្លាប់ប្រកួតបានចំនួន៦៨ដង ដោយទទួលជ័យជម្នះបានចំនួន៥៩ដង ក្នុងនោះផ្តួលគូប្រកួតសន្លប់៣៨ដង និងស្មើ២ដង ចាញ់៧ដង ។
ចំណែកឯគូប្រកួតនឹងត្រូវប៉ះគ្នាលើកនេះកីឡាករ Lucas Matthysse ដែលជាម្ចាស់ខ្សែក្រវាត់ WBA World Weterweight វ័យ៣៥ឆ្នាំ ធ្លាប់ឡើងសង្វៀនបានចំនួន៤៤ដង ឈ្នះ៣៩ ក្នុងនោះក៏ធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន៣៦ដង និងចាញ់៤ដង ប៉ុន្តែមិនដែលស្មើនោះទេ ខណៈឈ្នះដៃគូដោយមិនប្រកួតម្តង ៕
ចែករំលែកព័តមាននេះ