ខេត្តពោធិ៍សាត់ ៖ ឱសថ និងសម្ភារបរិក្ខាពេទ្យមួយចំនួនធំរបស់ក្រុមហ៊ុន អង្គរហ្គោល ដែលមានអាជ្ញាប័ណ្ណ រុករករ៉ែនៅកម្ពុជា ត្រូវបានលោកជំទាវ ជា ខេង ស៊ុយ សែម នាំយកមកផ្ដល់ជូន មន្ទីរពេទ្យបង្អែកខេត្ត ពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺនៅ ក្នុងមន្ទីរពេទ្យ។
លោកជំទាវ ជា ខេង តំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ បានជម្រាបជូនថា បរិក្ខាពេទ្យដែលនាំយកមក ប្រគល់ជូននាពេលនេះមាន ថ្នាំពេទ្យ តុ ទូ គ្រែសម្រាប់អ្នកជំងឺ រទេះជនពិការ និងសម្ភារជាច្រើនមុខទៀត សរុប១.៤៨២កញ្ចប់ ជាអំណោយរបស់ក្រុមហ៊ុន អង្គរហ្គោលរុករករ៉ែនៅកម្ពុជា តាមរយៈលោករដ្ឋមន្ត្រី ស៊ុយ សែម។ លោកជំទាវបានឲ្យដឹងថា មកដល់ពេលនេះ មានចំនួន០៥លើក ហើយដែលក្រុមហ៊ុនអង្គរហ្គោល បាននាំយកឱសថ និងបរិក្ខាពេទ្យជួយដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ក្រៅពីនេះក្រុមហ៊ុនបានជួយ សាងសង់មន្ទីរពេទ្យបឹងខ្នារ និងអគារសិក្សានៅសាលាបឋមសិក្សាប្រហាលឃុំតាលោស្រុកបាកាន និងបានផ្ដល់ឱសថ បរិក្ខាពេទ្យដល់មន្ទីរពេទ្យនៅខេត្តរតនៈគិរីផងដែរ។ លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាល និងលោកវេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ស៊ុយ សែម និងលោកជំទាវ ជា ខេង ដែលមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន អង្គរហ្គោល បាននាំយកថ្នាំពេទ្យ និងសម្ភារបរិក្ខាពេទ្យ ជាច្រើនមុខមកផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាលើកទី០៥ នាពេលនេះស្របពេលដែលមន្ទីរពេទ្យ មានការខ្វះខាត និងត្រូវការជាចាំបាច់។
ទង្វើរបស់ក្រុមហ៊ុន អង្គរហ្គោល ពិតជាបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាយ៉ាងពិតប្រាកដ។ ថ្នាំពេទ្យ និងសម្ភារទាំងអស់នេះលោកនឹងចាត់ចែងប្រើប្រាស់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺដែលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យឲ្យបានចំទិសដៅ។ ក្រៅពីនេះនឹងបែងចែកទៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាន មួយចំនួនទៀត ដែលមានការខ្វះខាតផងដែរ៕
ចែករំលែកព័តមាននេះ