ទីក្រុងប៉េកាំង ៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការវិស័យទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បាននិយាយថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេលេខ២លើពិភពលោក និងមានចំនួនប្រជាពលរដ្ឋជាង១,៣ប៊ីលាននាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
UNWTO បានឲ្យដឹងថា មានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១.៣២២ប៊ីលាននាក់កាលពីឆ្នាំ២០១៧ ហើយចំនួននេះនឹងបន្តកើនឡើងនៅឆ្នាំនេះផងដែរ ។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានស៊ីនហួ លោក Zhu Shanzhong ប្រធាន UNWTO បានប្រាប់ថា អង្គការរបស់លោកផ្តល់សារសំខាន់យ៉ាងខ្លាំងដល់ភ្ញៀវទេសចរចិន និងជឿជាក់ថា វិស័យទេសចរណ៍ពិភពលោក មិនអាចទទួលបានការអភិវឌ្ឍដ៏ខ្ពស់បែបនេះឡើយ ប្រសិនបើគ្មានភ្ញៀវទេសចរចិនទេនោះ ។
គួរបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិទូទាំងពិភពលោកបានកើនឡើង៧% មកស្មើ១.៣២២ប៊ីលាននាក់នៅឆ្នាំ២០១៧ ។ តំបន់អឺរ៉ុបទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦៧១លាននាក់ កើនឡើង៨% ច្រើនជាងឆ្នាំ២០១៦ ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិកវិញទទួលបានភ្ញៀវបរទេសចំនួន៣២៤លាននាក់ ច្រើនជាងឆ្នាំ២០១៦ ប្រមាណ៦%ផងដែរ ។
ខណៈមានការជំរុញដោយកំណើនប្រាក់ចំណូល និងភាពងាយស្រួលក្នុងការទទួលបានទិដ្ឋាការ ការធ្វើដំណើរទៅបរទេសរបស់ភ្ញៀវទេសចរចិន បានកើនឡើងរហូតដល់១៣០លានជើងកាលពីឆ្នាំមុន ហើយពួកគេបានចំណាយប្រាក់ប្រមាណ១១៥,២៩ប៊ីលានដុល្លារ ។
លោក Zhu Shanzhong បានបន្តទៀតថា ៖« កាលពីឆ្នាំមុន ការធ្វើដំណើររបស់ទេសចរចិនទៅកាន់បរទេស បានកើនឡើង៧% ខណៈការចំណាយរបស់ពួកគេនៅបរទេស កើនឡើង៥% បើធៀបនឹងឆ្នាំ២០១៦ ។ ភ្ញៀវទេសចរចិនស្មើនឹង១០% នៃចំនួនភ្ញៀវទេសចរក្នុងពិភពលោក » ។
ភ្ញៀវទេសចរចិនក៏បានចាប់ផ្តើមធ្វើដំណើរកម្សាន្តទៅកាន់អាហ្វ្រិកផងដែរ ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក បានទទួលផលប្រយោជន៍ពីចំនួនភ្ញៀវទេសចរចិនយ៉ាងច្រើន ។ ជាក់ស្តែង ប្រទេសអាល្លឺម៉ង់ទទួលបានទេសចរចិនចំនួន១០លាននាក់កាលពីឆ្នាំ២០១៧ ។ មន្ត្រី UNWTO សង្ឃឹមថា ភ្ញៀវទេសចរចិននឹងបន្តមានកំណើនរឹងមាំថែមទៀត និងដើរតួសំខាន់ក្នុងវិស័យទេសចរណ៍ពិភពលោក ៕
ចែករំលែកព័តមាននេះ