ខេត្តបន្ទាយមានជ័យ ៖ សកម្មជនរបស់គណៈបក្ស២ គឺគណៈបក្សសង្គ្រោះជាតិ និងគណៈបក្សរួបរួមជាតិជិត ៦០០នាក់ បានសុំចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា នៅក្រុងប៉ោយប៉ែត និងកំពុងធ្វើពិធីទទួលពួកគាត់ជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិមិត្តភាព ដោយមានរៀបចំពិធីទទួលសកម្មជនមកពីគណៈបក្សសង្គ្រោះជាតិ និងរួបរួមជាតិ ។
អតីតអនុប្រធានចលនាខ្មែរអ៊ីស្លាមក្រុងប៉ោយប៉ែតមកពីគណៈបក្សសង្គ្រោះជាតិ លោក ស្រេនណាស៊ាត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ប្រាប់ថា ដោយលោកអស់ជំនឿលើគណៈបក្សសង្គ្រោះជាតិ ម្យ៉ាងមើលឃើញពីគណៈបក្សប្រជាជនកម្ពុជាហ៊ានថា ហ៊ានធ្វើ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ស្រុកទេសមានសុខសន្តិភាព និងអភិវឌ្ឍន៍គ្រប់វិស័យដូចជា ផ្លូវ សាលារៀន មន្ទីរពេទ្យ ទើបលោកសម្រេចចិត្តចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជាយ៉ាងដូច្នេះ ។
មន្ត្រីគណៈបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតប្រាប់ថា មានសកម្មជនគណៈបក្ស២ គឺគណៈបក្សសង្គ្រោះជាតិ និងគណបក្សរួបរួមជាតិ ៥៦៦នាក់ ក្នុង៣សង្កាត់ គឺសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត បានស្ម័គ្រចិត្តចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ។
មន្ត្រីដដែលបន្តថា រសៀលថ្ងៃដដែលនេះ និងមានពិធីទទួលសកម្មជនមកពីគណៈបក្សសង្គ្រោះជាតិ និងរួបរួមជាតិនៅស្នាក់ការគណៈប្រជាជន សង្កាត់ផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាលផងដែរ ៕
ចែករំលែកព័តមាននេះ