ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ភ្ជាប់​ផ្លូវដែក​រួច តើ​ពលរដ្ឋ​អាច​ជិះ​រថភ្លើង​ទៅ​ប្រទេស​ថៃ​បាន​ដែរ​ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ ផ្លូវ​រថភ្លើង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ភ្ជាប់​ទៅ​កាន់​ប្រទេស​ថៃ នឹង​សម្រេចការ​ត​ភ្ជាប់​រួចរាល់​នៅ​ដើមខែ​កក្កដា​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ ផ្លូវ​រថភ្លើង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ភ្ជាប់​ទៅ​កាន់​ប្រទេស​ថៃ នឹង​សម្រេចការ​ត​ភ្ជាប់​រួចរាល់​នៅ​ដើមខែ​កក្កដា​ខាង​មុខ​នេះ ។ ការ​ភ្ជាប់​ផ្លូវដែក​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​ថ្មី​មួយទៀត​រវាង​កម្ពុជា​-​ថៃ ។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ជា​ការ​លើក​ឡើង​នៅ​ពេល​នេះ ពេល​ដាក់​ឲ្យ​ដំណើរការ តើ​ពលរដ្ឋ​កម្ពុជា​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​តាម​រថភ្លើង​បាន​ដែរ​ឬទេ ?

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស​បាន​ត​ភ្ជាប់​រួចរាល់​ក្តី តែ​ពេលវេលា​អាច​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​តាម​រថភ្លើង​នេះ ពុំ​ទាន់​ច្បាស់លាស់​នោះ​ទេ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​បញ្ចប់​កិច្ចព្រមព្រៀង​រួម​គ្នា​នៅឡើយ ។
លោក វ៉ា​ស៊ឹ​ម សុរិយា មន្ត្រី​អ្នកនាំពាក្យ​បាន​ថ្លែង​ថា ៖« យើង​សូម​ជម្រាប​ថា មិន​ទាន់​បាន​ទេ ព្រោះ​មាន​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នៅ​មិន​ទាន់​បាន​បញ្ចប់ ប៉ុន្ដែ​បងប្អូន​អាច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​» ។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​នឹង​ខិតខំ​បញ្ចប់​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ​នេះ ។
លោក​លើក​ឡើង​ដូច្នេះ​ថា ៖« ពេល​ដែល​សម្តេច​តេ​ជោ លោក​អញ្ជើញ​ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ CLMV នៅ​ប្រទេស​ថៃ បាន​ជួប​ជាមួយ​ភាគី​ថៃ ហើយ​យើង​ជំរុញ​ការងារ​ហ្នឹង​ឱ្យ​ឆាប់​ចប់ ។ ក្រៅពី​កា​រត​ភ្ជាប់​ហើយ យើង​ត្រូវ​គិត​រឿង​ប្រតិបត្តិការ​ធ្វើ​ដូច​ម្តេច​ឱ្យ​ទូរថភ្លើង ក្បាលរថភ្លើង​ទាំងមូល​អាច​ឆ្លង​គ្នា​បាន » ។ លោក វ៉ា​ស៊ឹ​ម សុរិយា បញ្ជាក់​ថា ៖« យើង​ត្រូវ​បង្ហើយ ឬ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ជា​មុន​សិន ហើយ​ក្រុមការងារ​កំពុង​តែ​ជំរុញ​ការ​ជួបជុំ​គ្នា​នៅ​ខែ​នេះ​ឬ​នៅ​ខែ​ក្រោយ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង រហូត​ឈាន​ដល់​កិច្ច​ចុះហត្ថលេខា​រួម​គ្នា​បាន » ។
បើ​តាម​ប្រធាន​នាយកដ្ឋាន​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ខាង​ផ្លូវដែក​រវាង​កម្ពុជា​-​ថៃ សម្រេច​បាន​លទ្ធផល​ច្រើន​ហើយ គឺ​នៅ​សេសសល់​តែ​ចំណុច​តូច​ៗ​ប៉ុណ្ណោះ ហើយ​ស្ថិត​នៅ​ក្នុង​ដំណើរ​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា ។
លោក អោ​ក អ៊ួ​ក ប្រធាន​នាយកដ្ឋាន​ស្តីទី​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ម្សិលមិញ​ថា ៖« កិច្ចព្រមព្រៀង​នេះ​កំពុង​តែ​ដំណើរការ​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា ។ ខ្ញុំ​ដឹង​ថា វា​នៅ​សល់​ចំណុច​តិចតួច​ពាក់ព័ន្ធ​នឹង​ពាក្យពេចន៍​ខ្លះ​ៗ​ត្រូវ​សម្រួល ។ យើង​បាន​ផ្ញើ​សេចក្តី​ព្រាង​ដែល​ជា​ជំហរ​របស់​កម្ពុជា​ទៅ​ខាង​ភាគី​ថៃ​រួច​ហើយ ពេល​នេះ យើង​នៅ​រង់ចាំ​ចម្លើយ​ពី​ខាង​គាត់​(​ថៃ​)​មក​វិញ​ទេ » ។ លោក​លើក​ឡើង​ថា ៖« បើ​បាន​ចម្លើយ​តប​មក​មានការ​ខុសឆ្គង​ត្រង់​ណា យើង​នឹង​ជជែក​គ្នា​បន្ត​ទៀត ។ ខាងយើង​ចង់បាន​បែប​នេះ ហើយ​ខាង​ថៃ​គាត់​ចង់បាន​បែប​នោះ យូរ​ៗ​ទៅ​វា​នឹង​អាច​ត្រូវ​គ្នា​។ ជា​រួម ការ​ចរចា​នេះ​សម្រេច​បាន​លទ្ធផល​ច្រើន​ហើយ នៅ​សេល​សល់​ចំណុច​តូច​ៗ​នឹង​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​នៅ​ពេល​ខាង​មុខ​នេះ » ។
បើ​តាម​លោក វ៉ា​សឹ​ុ​ម សុរិយា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក វា​នឹង​ជួយ​សម្រួល​បាន​ច្រើន តាម​រយៈ​ការ​កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន ថែម​ទាំង​ចូលរួម​បន្ធូរបន្ថយ​ចរាចរណ៍ ឬ​ជួយ​សម្រាល​បន្ទុក​ការ​ដឹក​ជញ្ជូន​នៅ​តាម​ផ្លូវជាតិ​លេខ​៥​បាន​ច្រើន មិន​ធ្វើ​ឱ្យ​ផ្លូវជាតិ​ឆាប់​ខូច​ផង ។​ កាលពី​ស​ប្តា​ហ៍​មុន សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​មន្ត្រី​ថៃ​បង្កើន​ល្បឿន​ការងារ ដើម្បី​បញ្ចប់សេចក្តី​លម្អិត​នៃ​អនុស្សរណៈ​ការ​យោគយល់​គ្នា ដែល​នឹង​បញ្ជាក់​អំពី​ច្បាប់​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​រថភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ។
សម្ដេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ដើម្បី​ជំរុញ​កិច្ចសន្យា​ស្តី​ពី​កិច្ចព្រមព្រៀង​នេះ ក្នុងអំឡុងពេល​កិច្ចប្រជុំ​មួយ​នៅ​ខាងក្រៅ​វេទិកា​ប្រតិបត្តិ ACMECS នៅ​ទីក្រុង​បាងកក កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ ។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ថា ៖« ក្រុម​មន្ត្រី​នៃ​ភាគី​ទាំង​ពីរ​គួរតែ​ជួប​គ្នា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ និង​ជួយ​យើង​ឈាន​ដល់​កិច្ចព្រមព្រៀង » ។
បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ជួសជុល​ខ្សែ​ផ្លូវដែក​ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​ថៃ តាម​រយៈ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ជាមួយ​ការ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​និង​ថៃ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​នេះ ។ កា​រត​ភ្ជាប់​ផ្លូវដែក​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ តាម​ការ​ប្ដេជ្ញា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​សន្យា​រួម​គ្នា​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ