ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ព្រមាន​ចាត់វិធានការ​ក្រុមហ៊ុន​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​រូបិយប័ណ្ណ​ជាតិ​បាន​ប្រកាស​ច្រានចោល​ពី​ការ​មិន​ទទួលស្គាល់​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក ។ ជា​ការ​កត់សម្គាល់ រូបិយ​ប័ណ្ណ​ប្រភេទ​ថ្មី​នេះ​នៅ​តែ​កំពុង​ចរាចរ លក់ ជួញដូរ និង​ទូទាត់​យ៉ាង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​រូបិយប័ណ្ណ​ជាតិ​បាន​ប្រកាស​ច្រានចោល​ពី​ការ​មិន​ទទួលស្គាល់​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក ។ ជា​ការ​កត់សម្គាល់ រូបិយ​ប័ណ្ណ​ប្រភេទ​ថ្មី​នេះ​នៅ​តែ​កំពុង​ចរាចរ លក់ ជួញដូរ និង​ទូទាត់​យ៉ាង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។ យ៉ាងនេះ​ក្ដី ធនាគារជាតិ​នៃ​កម្ពុជា (NBC) សហការ​ជាមួយ​គណៈ​កម្ម​ការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​បណ្តា​ក្រុមហ៊ុន​ណា​ធ្វើការ​ផ្សព្វផ្សាយ ជួញដូរ​កាស​អេ​ឡិច​ត្រូ​និក​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ ។

យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មិថុនា បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​កន្លង​មកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​សង្កេត​ឃើញ​ថា មានការ​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ​ទូទាត់​កាស​អេ​ឡិច​ត្រូ​និក​ដូច​ជា KH Coin, Suncoin, K coin, One-coin, Forex coin និង​កាស​អេ​ឡិច​ត្រូ​និក​ប្រហាក់ប្រហែល​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ ចរា​ចរ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេ​ឡិច​ត្រូ​និក ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច គឺជា​សកម្មភាព​ខុសច្បាប់  ។សេចក្តីថ្លែងការណ៍​រួម​សង្កត់ធ្ងន់​ថា ៖ «ការ​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេ​ឡិច​ត្រូ​និក ដូច​ជា KH Coin, Suncoin, K coin, One-coin, Forex coin និង​កាស​អេ​ឡិច​ត្រូ​និក​ប្រហាក់ប្រហែល ដែល​មិន​មានការ​គ្រប់គ្រង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សាធា​រណជន និង​សង្គម​ទាំងមូល​ដូច​ជា ៖ ចេញផ្សាយ​ដោយ​ពុំ​មាន​វត្ថុ​ធានា​សង​ត្រឡប់​មក​វិញ​ឡើយ​, ទទួល​រង​ការ​ខាតបង់​លើ​ការ​វិនិយោគ ដោយសារ​តែ​តម្លៃ​ចារឹក​របស់​កាស​អេ​ឡិច​ត្រូ​និក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​, ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ធ្វើ​ឱ្យ​បាត់បង់​មូលនិធិ ដោយសារ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​, ពុំ​មាន​យន្តការ​ការពារ​ផល​ប្រយោជន៍​អតិថិជន​, អ្នក​ប្រើប្រាស់​កាស​អេ​ឡិច​ត្រូ​និក ជា​ជនអនាមិក ពុំ​មានការ​សម្គាល់​​អត្តសញ្ញាណ ឬ​សាវតា​របស់​អ្នក​ប្រើប្រាស់​បាន​ច្បាស់លាស់ គឺជា​ហានិភ័យ​ក្នុង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម » ។

ដូច្នេះ ស្ថិត​ក្នុង​ដំណាក់កាល​នេះ អាជ្ញាធរ មាន​សមត្ថកិច្ច សូម​អំពាវនាវ​ដល់​សាធា​រណ​ជន​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឃោសនា​ផ្សព្វផ្សាយ​កៀរគរ​ប្រមូល​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ​ទិញ លក់ ជួញដូរ ទូទាត់​កាស​អេ​ឡិច​ត្រូ​និក ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ បុគ្គល ឬ​នីតិបុគ្គល​ណា​ដែល​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ ធ្វើ​ប្រតិបត្តិការ​ទិញ លក់​ជួញដូរ ទូទាត់​កាស​អេ​ឡិច​ត្រូ​និក ដោយ​​​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរ​មាន ។ ទាក់ទង​នឹង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​ស្ថាប័ន​ទាំង​៣​ខាងលើ បើ​តាម​អគ្គ​នាយក​​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​គោលបំណង​ទប់ស្កាត់​កុំឱ្យ​ពល​​រដ្ឋ​កម្ពុជា ចាញ់បោក ហើយ​ក្នុង​ករណី​ពលរដ្ឋ​ចាញ់បោក​អស់ប្រាក់​ហើយ ទើប​ចេញ​សេច​​ក្តី​ប្រកាស​នេះ គ្មាន​ន័យ​នោះ​ទេ ។លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២០ មិថុនា ម្សិលមិញ​ថា ៖« កន្លង​មក ស្ថាប័ន​ពាក់ព័ន្ធ​នីមួយ​ៗ​របស់​ខ្លួន​ធ្លាប់​ចេញ​សេចក្តី​ប្រកាស​​ជា​បន្តបន្ទាប់ តែ​សម្រាប់​សេចក្តីថ្លែងការណ៍​រួម​រវាង​ស្ថាប័ន​ទាំង​៣​ខាងលើ​នេះ ទើបតែ​មាន​លើក​ទី​១ ហើយ​មាន​គោលបំណង​ដើម្បី​បង្ការ ឬ​ទប់ស្កាត់​កុំឱ្យ​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ដែល​រកស៊ី​ពាក់ព័ន្ធ​ការ​ជួញដូរ​កាស​អេ​ឡិច​ត្រូ​និក​នេះ » ។ សកម្មភាព​ជួញ​ដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា ចាប់​ផ្ដើម​ហូរ​ចូល​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ក្នុង​នោះ​មាន​វិនិយោគិន​ចិន​ជា​ច្រើន​បាន​មក​ស្វែងរក​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅ​កម្ពុជា ព្រមទាំង​បាន​កៀងគរ​បណ្ដា​អាជីវ​ករ​នានា​ក្នុង​ប្រទេស ដើម្បី​ចូលរួម​វិនិយោគ​ជាមួយ​ពួក​គេ ។

ជាមួយ​គ្នា​នោះ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ប្រកាស​ម្ដង​រួច​មក​ហើយពី​ការ​មិន​ទទួលស្គាល់​នូវ​ការ​ជូ​ញ​ដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក​នៅ​​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ​លោក​ជំទាវ​មាន​ប្រសាសន៍​ថា ៖« ធនាគារជាតិ​នឹង​មិន​ទទួលខុសត្រូវ​ឡើយ​ចំពោះ​ការ​ចាញ់បោក​ណាមួយ​របស់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​មួយ​នេះ ពីព្រោះ​ប្រភេទ​រូបិយប័ណ្ណ​នេះ មិន​មាន​ស្ថាប័ន​ណាមួយ ឬ​ធនាគារ​ណាមួយ​ទទួលយក​ដោះ​ដូរ​ដូច​រូបិយប័ណ្ណ​ក្រដាស​នោះ​ទេ ។ រាល់​ការ​វិនិយោគ​នានា​លើ​កាស​អេ​ឡិច​ត្រូ​និក​នេះ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ