ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ធ្វើ​ពលករ​នៅ​ថៃបាន​ទាំង​កម្រៃ ​និង​ជំនាញ​មក​បង្កើត​របរ​ខ្លួនឯង(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​ដាក់ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ហើយ កុំ​រំពឹង​តែ​ប្រាក់ខែ ត្រូវ​តែ​ព្យាយាម​ចាប់​ជំនាញ​ឲ្យ​ស្ទាត់ មិន​ថា​ការងារ​នោះ​តូច ឬ​ធំ​ឡើយ ដើម្បី​យក​មក​អនុវត្ត ឬ​បម្រើ​ការ​នៅ​ប្រទេស​យើង​វិញ ។…

ខេត្ត​ប៉ៃលិន ៖ បើ​ដាក់ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ហើយ កុំ​រំពឹង​តែ​ប្រាក់ខែ ត្រូវ​តែ​ព្យាយាម​ចាប់​ជំនាញ​ឲ្យ​ស្ទាត់ មិន​ថា​ការងារ​នោះ​តូច ឬ​ធំ​ឡើយ ដើម្បី​យក​មក​អនុវត្ត ឬ​បម្រើ​ការ​នៅ​ប្រទេស​យើង​វិញ ។ តើ​បងប្អូន​ពលករ​ខ្មែរ​យើង​ប៉ុន្មាន​នាក់​ហើយ​ដែល​មានគំនិត​បែប​នេះ ? អឿ​ន សល់ ជា​ស្ត្រី​ក្នុង​គ្រួសារ​ក្រីក្រ​ម្នាក់ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ព្រោះតែ​ជីវភាព​យ៉ាប់​យឺន​ពេក ក៏​បាន​បែក​ពី​ប្ដី​ពី​កូន ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​មើលថែ​ផ្សិត​នៅ​ក្នុង​កសិដ្ឋាន​បណ្ដុះ​ផ្សិត​មួយ​កន្លែង​ក្នុង​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។

ដោយសារ​ការ​មើលថែ​យូរ​ខែ​ឆ្នាំទៅ ស្ដ្រី​រូប​នេះ​ក៏​មានគំនិត​ចង់​ចេះ​ជំនាញ​នេះ​មក​បង្កើត​របរ​នៅ​ឯ​ស្រុក​កំណើត ព្រោះ​ខ្លួន​មិន​អាច​ពឹង​តែ​លើ​ប្រាក់ខែ​នោះ​ទេ ។ ក្រោយ​ពី​សម្រេចចិត្ត​ហើយ ក៏​សុំ​ថៅកែ​ថៃ​រៀន​ពី​វិធី​បណ្ដុះ​ផ្សិត ប៉ុន្ដែ​ត្រូវ​ថៅកែ​តម្រូវ​ឲ្យ​បង់ថ្លៃ​ចំនួន​៤​ម៉ឺន​បាត (​ស្មើ​ប្រមាណ​១.២៥០​ដុល្លារ​អា​មេ​ិ​ក​) ទើប​គេ​បង្រៀន ។ ទោះបី​យ៉ាងនេះ​ក្ដី នាង​នៅ​តែ​ខិតខំ​រក​ប្រាក់​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​នាង​ហើយ​ត្រឡប់​មក​បណ្ដុះ​ផ្សិត​លក់​នៅ​ឯ​ស្រុក​កំណើត ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​នាង​ប្រសើរ​ឡើងជា​លំដាប់ ។

ស្ត្រី​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ថា នាង​មាន​ប្តី​ឈ្មោះ ទឺង ចិន អាយុ​៤០​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១ និង​បាន​ចាប់ផ្ដើម​របរ​នេះ​អស់​រយៈពេល​៦​ឆ្នាំ​ហើយ ឃើញ​ថា លទ្ធផល​ជីវភាព​ទៅ​មុខ​យ៉ាង​រលូន ។ ក្នុង​១​ថ្ងៃ​ៗ បើ​ផ្សិត​អត់​សូវ​ដុះ​សោះ ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៥​ទៅ​៦​ម៉ឺន​រៀល​ដែរ តែបើ​មាន​ដុះ​ច្រើន​វិញ ក្នុង​១​ថ្ងៃ​ៗ​អាច​រក​ចំណូល​បាន​១៥​ទៅ​២០​ម៉ឺន​រៀល និង​លើស​នេះ ។ ស្ត្រី​រូប​នេះ​បន្ដ​ថា ៖« តាម​ពិត របរ​នេះ​រៀន​មិន​ច្រើន​ថ្ងៃ​ទេ គ្រាន់តែ​គេ​បង្ហាញ​បន្ដិចបន្តួច គឺ​យើង​អាចយ​កមក​អនុវត្ត​បាន​ហើយ » ។ អ្នកស្រី​ថា ៖« ដំបូង​ឡើយ ខ្ញុំ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​មើលថែ​ផ្សិត​ឱ្យ​គេ​នៅ​ក្នុង​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ តែ​ដោយ​ចាប់អារម្មណ៍​នឹង​របរ​បណ្តុះ​ផ្សិត​លក់ ទើប​សុំ​រៀនសូត្រ​ពី​ថៅកែ​ថៃ​ម្នាក់​នោះ​។ ការ​រៀន​បាន​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ថៅកែ​តម្រូវ​ឱ្យ​ខ្ញុំ​បង់ថ្លៃ​ចំនួន​៤​ម៉ឺន​បាត ។ ក្រោយ​ពី​ចេះ​ដឹង​នូវ​របៀប​ផ្សំ​គ្រឿង និង​វិធី​បណ្តុះ​ផ្សិត​រួចរាល់ ខ្ញុំ​ក៏​ប្រញាប់​ត្រឡប់​មក​ស្រុក​វិញ ហើយ​ចាប់ផ្តើម​ធ្វើ​ភ្លាម​ៗ​តែ​ម្តង » ។

អ្នកស្រី អឿ​ន សល់ បញ្ជាក់​ថា ៖« មុន​ដំបូង ខ្ញុំ​ចាប់ផ្តើម​យក​គ្រឿងផ្សំ​មាន កន្ទក់ ម្សៅដំណើប កំបោរ​ស​ហូប​ម្លូ រួច​យក​ទៅ​លាយ​ជាមួយ​ស្នូលពោត ដុត​ភ្លើង​ចំហុយ​រយៈពេល​៥​ម៉ោង ហើយ​រក្សា​ទុក​២​យប់ ទើប​ច្រក​ក្នុង​ថង់​ដាក់​ព្យួរ​តែ​ម្តង ដោយ​សាកល្បង​ត្រឹមតែ​១០០​ទៅ​២០០​ថង់​ប៉ុណ្ណោះ ។ ក្នុងអំឡុងពេល​នោះ ខ្ញុំ​ពិតជា​ភ័យ​អរ​ៗ ព្រោះ​មិន​ទាន់​ដឹង​ថា លទ្ធផល​យ៉ាងណា​នោះ​ទេ ។ ក្រោយ​ពី​ឃើញ​វា​ដុះ​ល្អ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​លទ្ធផល​របស់ខ្ញុំ​បាន​សម្រេច​ហើយ និង​ចាប់ផ្ដើម​បេះ​លក់រាយ ដោយ​ពុំ​ទាន់​មាន​ម៉ូយ​ដុំ​នោះ​ទេ » ។

អ្នកស្រី​បន្ដ​ថា រយៈពេល​១​ឬ​២​ឆ្នាំ​ក្រោយមក ទីផ្សារ​ក៏​ចេះ​តែ​ល្បី​ទៅ​ៗ និង​មាន​គេ​កុម្ម​ង់​ទិញ​ទៅ​បណ្តុះ​លក់​នៅ​ខេត្តកំពត​៥.០០០​ថង់ ហើយ​ក្រោយមក​បាន​កើនឡើង​ដល់​១​ម៉ឺន​ទៅ​២​ម៉ឺន​ឯណោះ ។ ចាប់ពី​ពេល​នោះ​មក ទីផ្សារ​ផ្សិត​របស់​អ្នកស្រី​កាន់តែ​ទូលំទូលាយ និង​មាន​គេ​កុម្ម​ង់​ទិញ​សម្រាប់​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​នៅ​តាម​កាស៊ីណូ​ព្រំដែន​កម្ពុជា​-​ថៃ រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​អ្នកស្រី​មិន​ពិបាក​រក​ទីផ្សារ​ឡើយ ។
អ្នកស្រី​អះអាង​ថា ៖« រាល់ថ្ងៃ ខ្ញុំ​បេះ​ផ្សិត​លក់រាយ​ចាប់ពី​១០​ទៅ​២០​គីឡូក្រាម ដោយ​១​គីឡូ​លក់​បាន​ប្រាក់​៥.០០០​រៀល ហើយ​នៅ​រដូវប្រាំង​អាច​លក់​បាន​រហូត​ដល់​ទៅ​៧.០០០​រៀល​ឯណោះ ហើយ​ខ្ញុំ​បេះ​វា​ហូរហែ ធ្វើ​ឲ្យ​ជីវភាព​របស់ខ្ញុំ​មិន​ខ្វះមុខខ្វះក្រោយ​ដូច​មុន​ឡើយ ហើយ​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​មាន​ផែនការ​នឹង​ទំនុកបម្រុង​ការ​សិក្សា​កូន​ៗ​ឲ្យ​រៀន​បាន​ខ្ពង់ខ្ពស់ ព្រោះ​កូនស្រី​ច្បង​រៀន​ថ្នាក់​ទី​១២​ហើយ ចំណែក​កូន​ទី​២​រៀន​ថ្នាក់​ទី​១០ និង​កូនប្រុស​ពៅ​រៀន​ថ្នាក់​ទី​៣ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ