ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​កាន់តែ​ច្រើន​ងាក​មក​ធ្វើស្រែ​តាម​កិច្ចសន្យា

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ពិតជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនដោយ​ធានា​បាន​នូវ​ទីផ្សារ និង​តម្លៃ ព្រមទាំង​ទទួល​បានការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ។ បច្ចុប្បន្ន​នេះ នៅ​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ជាង​៤០ ដែល​សហគមន៍​ទាំងនោះ​បាន​ចាប់ផ្ដើម​ងាក​មក​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​ចុះ​កិច្ចសន្យា​ផលិត…

ខេត្តព្រះវិហារ ៖ ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ពិតជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនដោយ​ធានា​បាន​នូវ​ទីផ្សារ និង​តម្លៃ ព្រមទាំង​ទទួល​បានការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ។ បច្ចុប្បន្ន​នេះ នៅ​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ជាង​៤០ ដែល​សហគមន៍​ទាំងនោះ​បាន​ចាប់ផ្ដើម​ងាក​មក​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​ចុះ​កិច្ចសន្យា​ផលិត និង​ផ្គត់ផ្គង់​ដំណាំ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​ជូន​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ។

លោក ចាន់ ពេជ្រ តំណាង​ក្រុមហ៊ុន​ស៊ិ​ក​នេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន​៨ កាលពី​ថ្ងៃ​ទី​២០ មិថុនា ថា គិត​មក​ត្រឹម​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បាន​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្តព្រះវិហារ​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ឃើញ​ថា ការ​ទិញ​-​លក់​ស្រូវ​រវាង​កសិករ និង​ក្រុមហ៊ុន មានដំណើរ​ការ​ល្អ​ប្រសើរ និង​បង្កើន​បរិមាណ​ក្នុង​ការ​ទិញ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​បន្ដ​ថា ៖« សក្តានុពល​ស្រូវ​សរីរាង្គ នៅ​ខេត្តព្រះវិហារ ពិតជា​មានគុណ​ភាព​ខ្ពស់​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ។ ទោះជា​យ៉ាងនេះ​ក្តី លោក​សំណូមពរ​ដល់​កសិករ ក៏​ដូច​ជា​សហគមន៍​កសិកម្ម​ទាំងអស់ ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ ធ្វើ​យ៉ាងណា ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់​របស់​ក្រុមហ៊ុន ជា​ពិសេស ក្នុងអំឡុងពេល​ដាំ​ដុះ ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ដំណាំ​ស្រូវ​ខុស​ស្តង់ដា » ។
ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រវាង​សហគមន៍​កសិកម្ម​និង​ក្រុមហ៊ុន កាន់តែ​កើនឡើង​ក្នុង​ការ​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​សរីរាង្គ​ជូន​ដល់​ក្រុមហ៊ុន ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​២០ មិថុនា នេះ សហគមន៍​កសិកម្ម​ចំនួន​៨​ទៀត​នៅ​ក្នុង​ខេត្តព្រះវិហារ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ក​នេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ក្នុង​បរិមាណ​ចំនួន​៣.៥០០​តោន​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

ក្នុង​ឱកាស​នោះ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​សហគមន៍​កសិកម្ម​ទាំងអស់​ពង្រឹង​នូវ​គុណភាព និង​ស្តង់ដា ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​សរីរាង្គ​ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ជា​ដាច់ខាត ។ មួយវិញទៀត នៅ​ពេល​ប្រមូល​ផល សមាជិក​សហគមន៍​នីមួយ​ៗ​ត្រូវ​គោរព​ទៅ​តាម​កិច្ចសន្យា​ផ្គត់ផ្គង់​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​បាន​គ្រប់​តាម​ផែនការ ចៀសវាង​ការ​លក់​ស្រូវ​នេះ​ទៅ​ឲ្យ​ឈ្មួញកណ្តាល​ផ្សេង​ៗ ផ្ទុយ​ពី​កិច្ចសន្យា ។ លោក ធួន សាន ប្រធាន​ក្រុមប្រឹក្សាភិបាល សហភាព​សហគមន៍​កសិកម្ម​ព្រះ​វិហារ​-​មាន​ជ័យ ដែល​តំណាង​ឲ្យ​សហគមន៍​កសិកម្ម​ទាំង​៨ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ណែនាំ​ដល់​សមាជិក សហគមន៍​កសិកម្ម​ទាំងអស់ ក្នុង​ការ​ផលិត​ដំណាំ​ស្រូវ​សរីរាង្គ​នេះ​ឲ្យ​ស្រប​ទៅ​តាម​គុណភាព និង​ស្តង់ដា​ត្រឹមត្រូវ​បំផុត ទៅ​តាម​ការ​កំណត់​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា កាលពីដើម​ខែមិថុនា​នេះ សហគមន៍​កសិកម្ម​ចំនួន​៨​ផ្សេង​ទៀត ក៏​បាន​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ផលិត​ដំណាំ ផ្គត់ផ្គង់​ស្រូវ និង​ដំឡូង​មី​សរីរាង្គ ក្នុង​បរិមាណ​ជាង​៣​ម៉ឺន​តោន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ។ ក្នុង​នោះ ស្រូវ​សរីរាង្គ​ជាង​២​ម៉ឺន​តោន និង​ដំឡូង​មី​សរីរាង្គ​ជាង​១​ម៉ឺន​តោន ។

អ្នកស្រី គឹ​ម ម៉ា​រី តំណាង​សហគមន៍​កសិកម្ម​ជាំ​ក្សាន្ត​ជាយ​ដែន​មាន​ជ័យ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​ចាប់​យក​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដោយ​មើលឃើញ​ថា ការ​ធ្វើ​បែប​នេះ​ធានា​បាន​នូវ​ទីផ្សារ​កសិផល​មាន​តម្លៃ​សមរម្យ បើ​ធៀប​នឹង​កសិផល​ដែល​លក់​ទៅ​ឲ្យ​ឈ្មួញកណ្តាល ។ ជាក់ស្តែង ស្រូវ​សរីរាង្គ​របស់​ពួក​គាត់​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​១​តោន ចំណេញ​ពី​២៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល បើ​ធៀប​នឹង​លក់​ទៅ​ឲ្យ​ឈ្មួញកណ្តាល​ដើរ​ប្រមូល​ទិញ ។  អ្នកស្រី​ថា ៖« ដោយ​មាន​ជំនឿ​ទុកចិត្ត​លើ​ក្រុមហ៊ុន សហគមន៍​របស់​យើង​នឹង​បន្ត​ចុះ​កិច្ចសន្យា​ផលិត​ដំណាំ​ដំឡូង​មី​បន្ថែម​ទៀត​លក់​ឲ្យ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាងក្រៅ ២០​រៀល​ក្នុង​១​គីឡូក្រាម​សម្រាប់​ដំឡូង​មី​ស្រស់ » ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ឆ្នាំ​២០១៨​នេះ បង្ហាញ​ថា សហគមន៍​កសិកម្ម​ចំនួន​៣២​សហគមន៍​ក្នុង​ចំណោម​៤៣​សហគមន៍ បាន​ចុះ​កិច្ចសន្យាលក់​ស្រូវ​សរីរាង្គ​ចំនួន​២៥.៥៩៨​តោន និង​ដំឡូង​មី​ចំនួន​១០.៥០០​តោន ដែល​មាន​សមាជិក​ផលិត​សរុប​ចំនួន​៤.៦១០​គ្រួសារ​សម្រាប់​លក់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ក្នុង​ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ