ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ប្រពៃណី​ជួប​បញ្ហាក្រោយ​ផ្សារ​ទំនើប​អន្តរជាតិ​ចូល​មក​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីវករ​តាម​ផ្សារ​ប្រពៃណី​ដូច​ជា ផ្សារ​អូរ​ឫស្សី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង និង​ផ្សារ​ច្បារ​អំពៅ ជាដើម​នោះ បាន​បង្ហាញ​ពី​ក្តី​បារម្ភ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីវករ​តាម​ផ្សារ​ប្រពៃណី​ដូច​ជា ផ្សារ​អូរ​ឫស្សី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង និង​ផ្សារ​ច្បារ​អំពៅ ជាដើម​នោះ បាន​បង្ហាញ​ពី​ក្តី​បារម្ភ ខណៈ​ផ្សារ​ទំនើប​ធំ​ៗ​មក​ពី​បរទេស​បាន​ចូល​មក​បង្កើត និង​ពង្រីក​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ទាក់ទាញ​អតិថិជន​អស់​មួយ​ចំនួន​ធំ ជា​ពិសេស​អតិថិជន​ដែល​ជា​យុវវ័យ និង​អ្នកមាន​ជីវភាព​ធូរធារ ។

បើ​តាម​លោក ស្រួយ ឌី​ណា អាជីវករ​ក្នុង​ផ្សារ​ដើម​គ បាន​ឲ្យ​ដឹង​ថា កាលពី​៣​ឆ្នាំ​មុន ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ដើម​គ ស្ទើរតែ​រក​ពេលទំនេរ​គ្មាន​ទេ ហើយ​អតិថិជន​ចូល​មក​រក​ទិញ​អីវ៉ាន់ និង​ប្រើ​សេវាកម្ម​ផ្សេង​ៗ​ក្នុង​ផ្សារ​ណែន​ៗ​ពេញ​ផ្សារ​តែ​ម្ដង ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ អតិថិជន​ដែល​ធ្លាប់​ឃើញ​មុខ​កាលពីមុន​នោះ បាន​បាត់​អស់​ច្រើន ស្ទើរតែ​លើស​ពី​ពាក់កណ្ដាល ដោយ​ពួក​គេ​ងាក​ទៅ​រក​ផ្សារ​ទំនើប​ៗ ដែល​មាន​ម៉ាស៊ីនត្រជាក់ និង​កន្លែង​ស្អាត ។ លោក​ថា ៖« ខ្ញុំ​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​ដើម​គ ។ កាលពីមុន ខ្ញុំ​រក​ពេល​ញ៉ាំ​បាយ​ស្ទើរ​មិន​បាន​ផង ព្រោះ​មាន​ទាំង​អតិថិជន​មក​រក​ធ្វើ​គ្រឿងអលង្ការ និង​មាន​អតិថិជន​ខ្លះ​ទៀត​មក​ទិញ​ពី​ខ្ញុំ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខ្ញុំ​ទំនេរ​ច្រើន​ជាង​មុន ព្រោះ​បាត់​អតិថិជន​អស់​ច្រើន ។ ខ្ញុំ​បាន​សង្កេត​ឃើញ​អាជីវករ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្សារ​នេះ ក៏​បាន​ត្អូញត្អែរ​ខ្លាំង​ដែរ​ពី​ការ​បាត់ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ហើយ​អ្នកខ្លះ​ស្ទើរតែ​រក​ប្រាក់​បង់ថ្លៃ​តូប​មិន​បាន​ផង » ។

លោក​បន្ត​ថា កាលពីមុន មាន​តែ​ផ្សារ​ប៉ុន្មាន​ប៉ុណ្ណោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​លក្ខណៈ​ផ្សារ​ប្រពៃណី ហើយ​កាលនោះ អាជីវករ​តាម​ផ្សារ​ទាំងនោះ​ឃើញ​ថា ពួក​គាត់​ពិតជា​កាក់កប​ក្នុង​ការ​រក​ប្រាក់​ចំណូល ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រៅពី​ផ្សារ​ទំនើប​ធំ​ៗ​ដែល​បាន​បើក​នៅ​ក្រុងភ្នំពេញ​ហើយ​នោះ នៅ​តាម​តំបន់​ជាយ​ៗ​រាជធានី ក៏​ដូច​ជា​នៅ​តំបន់​ផ្សេង​ៗ​តាម​ខណ្ឌ​នីមួយ​ៗ ក៏​មាន​បង្កើត​ផ្សារ​តូច​ៗ ព្រមទាំង​មានការ​លក់ដូរ​ស្រ​ដៀង​នឹង​ផ្សារ​ប្រពៃណី​ដូច​ជា​ផ្សារ​ដើម​គ ផ្សារ​ទួល​ទំពូង ផ្សារ​អូរ​ឫស្សី និង​ផ្សារ​អូ​ឡាំ​ពិ​ក​ដែរ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បាត់​អតិថិជន​ច្រើន​នៅ​តាម​ផ្សារ​ទាំងនោះ ។
ចំណែក​អាជីវករ​មួយ​រូប​ទៀត​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ អាជីវកម្ម​លក់រាយ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ពិតជា​បាន​ធ្លាក់​ចុះ​មែន តែបើ​និយាយ​ពី​អាជីវកម្ម​បោះ​ដុំ​វិញ ហាក់​នៅ​តែ​មាន​សកម្មភាព​ដដែល ។

លោក​ថា ៖« មាន​ផ្សារ​ទំនើប​មួយ​ចំនួន​នៅ​ភ្នំពេញ ក៏​បាន​យក​ទំនិញ​បោះ​ដុំ​ពី​ផ្សារ​អូរ​ឡាំ​ពិ​ក​ទៅ​លក់​បន្ត​ដែរ ដូចនេះ​ហើយ​ការ​លក់​បោះ​ដុំ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក​នៅ​តែ​ដដែល ចំណែក​ការ​លក់រាយ​ហាក់​ធ្លាក់​បន្តិច ព្រោះ​មាន​យុវជន​មួយ​ចំនួន​ធំ គាត់​ជឿជាក់​លើ​ផ្សារ​ទំនើប ។ ម្យ៉ាងទៀត ផ្សារ​ទំនើប​គេ​មាន​កន្លែង​កម្សាន្ត មាន​កន្លែង​ទទួលទាន​ស្អាត មាន​ចំណត​ត្រឹមត្រូវ ជា​ពិសេស​មាន​ម៉ាស៊ីនត្រជាក់​មិន​ធ្វើ​ឲ្យ​គេ​ធុញ​ទៀត​ផង » ។
អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត មិនមែន​ជា​ការ​ងាយស្រួល​ទេ ។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មាន​ផ្សារ​ទំនើប​ដែល​វិនិយោគិន​មក​ពី​បរទេស ដូច​ជា​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ផ្សារ​ម៉ា​ក្រូ បាន​បើក​នៅ​ភ្នំពេញ​ជា​បន្តបន្ទាប់ ហើយ​ទាំងនេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ផ្សារ​ប្រពៃណី និង​បាន​ធ្វើ​ឲ្យ​បាត់​ចំណូល​ដល់​អាជីវករ​លក់​តាម​ផ្សារ​ប្រពៃណី​ផង​ដែរ ។

អ្នកឧកញ៉ា​បន្ត​ថា ៖« យើង​ដឹង​ហើយ​ថា ផ្សារ​ប្រពៃណី​យើង​មាន​លក្ខណៈ​ពិសេស​ខុស​ៗ​គ្នា ដូច​ជា ផ្សារ​ធំ​ថ្មី និង​ផ្សារ​ទួល​ទំពូង ដែល​ជា​ផ្សារ​ទទួលភ្ញៀវ​ទេសចរ​បរទេស ហើយ​ផ្សារ​អូរ​ឫស្សី និង​ផ្សារ​អូ​ឡាំ​ពិ​ក ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ​។ ចំណែក​ផ្សារ​ចាស់ ផ្សារ​ដេប៉ូ ផ្សារ​កណ្ដាល ផ្សារ​ដើម​គ និង​ផ្សារ​ច្បារ​អំពៅ គឺជា​ផ្សារ​លក់រាយ លក់​បន្លែ និង​លក់​ត្រី​សាច់ ជាដើម ។ ដូចនេះ ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​ត្រឡប់​មក​រក​ផ្សារ​ទាំងនេះ​វិញ យើង​ត្រូវការ​កែ​លម្អ​ផ្សារ​ទាំងនេះ​ឲ្យ​មានគុណ​ភាព បរិស្ថាន អនាម័យ និង​តម្លៃ ទើប​អាច​រក្សា​ភាព​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើប​បាន » ។

ក្នុង​នាម​ជា​ប្រធាន​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​ប្រកាស​ស្វែងរក​ការ​សហការ​ជាមួយ​បណ្ដា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា​ក្នុង​ប្រទេស ដើម្បី​ផ្ដល់​នូវ​ឥណទាន​សម្រាប់​អាជីវករ​នៅ​តាម​ផ្សារ​ប្រពៃណី ដើម្បី​ពង្រីក និង​កែ​លម្អ​តូប​នៅ​តាម​ផ្សារ​ដែល​ខ្លួន​កំពុង​ធ្វើ​អាជីវកម្ម ។
គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ផ្សារ​ទំនើប​ធំ​ៗ​មួយ​ចំនួន​ទៀត​បាន​ចាប់ផ្ដើម​បើក និង​គ្រោង​បើក​ដំណើរការ​មាន​ដូច​ជា ផ្សារ​ទំនើប​AEON Mall2 ដែល​បាន​បើក​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ​, ផ្សារ​ទំនើប​The Bridge Commercial, ផ្សារ​ទំនើប The Prince Central Plaza, និង​ផ្សារ​ទំនើប Phnom Penh Mega Mall ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ