សារសំខាន់របស់ខន្តីមានន័យធំធេងណាស់នៅក្នុងព្រះពុទ្ធសាសនា គឺជាបណ្តូលធម៌សម្រាប់នាំទៅរកការសម្រេចគោលដៅខ្ពស់បំផុតរបស់ជីវិត។ យើងអាចនិយាយថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គទាំង៨៤០០០ធម្មក្ខន្ធ មករួមនៅត្រង់ថា ខន្តីមួយម៉ាត់នេះឯង។ អ្នកគ្មានខន្តីមិនអាចសម្រេចធម៌សូម្បីតែបន្តិចបន្តួចឡើយ ។
ក្នុងសេចក្តីប្រកាសដើម្បីចាត់តាំងអង្គការពុទ្ធសាសនា ជាលើកដំបូងបង្អស់របស់ព្រះអង្គនៅប្រទេសឥណ្ឌា កាលពីជាង២៦០០ប្លាយឆ្នាំមុន ហើយអ្វីដែលពុទ្ធបរិស័ទយើងសម័យនោះស្គាល់ក្នុងនាមថា មហាចតុរង្គសន្និបាត នោះព្រះអង្គបានលើកខន្តីគឺការអត់ធន់ ថាជាភ្លើងដ៏ធំបំផុតសម្រាប់ដុតបំផ្លាញនូវឧបសគ្គទាំងឡាយ ដែលរារាំងដល់ការធ្វើដំណើរទៅរកគោលដៅនៃជីវិតគឺព្រះនិព្វាន គឺទ្រង់សម្តែងថា ខន្តិ បរមំ តបោ តីតិក្ខា សេចក្តីអត់ធន់គឺជាតបៈ(ការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនិងចិត្តឱ្យស្ងប់)ដ៏ឧត្តម ។
មានខន្តីនៅក្នុងចិត្តដរាបណា ផលដែលទទួលបានគឺសេចក្តីស្ងប់ សុខស្រួលពិតជាមានដរាបនោះ ខន្តីហ្នឹងហើយជាផ្លូវនាំទៅរកបរមសុខពោលគឺព្រះនិព្វាន ។
ចែករំលែកព័តមាននេះ