ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំ​ចង់ទៅ​រៀន តែ​គ្មាន​កង់​ជិះ គ្មាន​ខោអាវ​ថ្មីនិងសៀវភៅ សម្រាប់​ទៅ​រៀន​នឹង​​គេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​អាសូរ​ពេក​ណាស់​ នៅ​ពេល​កុមារី​ពីរ​នាក់​បងប្អូន​អាយុ​៩​ឆ្នាំ និង​អាយុ​១០​ឆ្នាំ បាន​និយាយ​ថា ខ្ញុំ​ចង់ទៅ​រៀនតែ​គ្មាន​កង់​ជិះ គ្មាន​ខោអាវ​ថ្មី និង​សៀវភៅ សម្រាប់​ទៅ​រៀន​នឹង​គេ…

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​អាសូរ​ពេក​ណាស់​ នៅ​ពេល​កុមារី​ពីរ​នាក់​បងប្អូន​អាយុ​៩​ឆ្នាំ និង​អាយុ​១០​ឆ្នាំ បាន​និយាយ​ថា ខ្ញុំ​ចង់ទៅ​រៀនតែ​គ្មាន​កង់​ជិះ គ្មាន​ខោអាវ​ថ្មី និង​សៀវភៅ សម្រាប់​ទៅ​រៀន​នឹង​គេ សូម​ជួយ​ខ្ញុំ​ផង ។ នេះ​ជាស​ម្តី​ពិត​របស់​កុមារី​ទាំង​ពីរ​នាក់​បងប្អូន ដែល​កំពុង​រស់នៅ​ជាមួយ​ជីដូន​អាយុ​៦៦​ឆ្នាំ រួម​នឹង​កុមារ​តូច​ៗ​ពីរ​នាក់​ទៀត​ដែល​មាន​អាយុ​ត្រឹម២​ឆ្នាំ និង​អាយុ​ទើប​៨​ខែ ពួក​គេ​ក្មេង​ៗ​ត្រូវជា​ជីដូនមួយ​នឹង​គ្នា ។ ក្មេង​ៗ​ទាំង​៤​នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​លែងលះ​គ្នា ហើយ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​ទៅ ដោយ​បន្សល់​ទុក​ពួក​គេ​នៅ​ជាមួយ​ជីដូន រស់នៅ​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មួល ស្រុក​រលាប្អៀរ ។

ជួប​ជាមួយ​«​កោះសន្តិភាព​»​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ស្ត្រី​ឈ្មោះ ហ៊ឹ​ម ហៃ អាយុ​៦៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រៀបរាប់​ថា ចៅ​ៗ​ទាំង​៤​នាក់​របស់​គាត់ គឺ​មាន​ឪពុក​ម្តាយ​ពីរ​គ្រួសារ​ដែល​សុទ្ធ​សឹង​ជា​កូនបង្កើត​របស់​គាត់ ក្នុង​នោះ​១​គ្រួសារ​មាន​ឪពុក​ឈ្មោះ រឿ​ន រា អាយុ​៣៦​ឆ្នាំ មាន​ម្តាយ​ឈ្មោះ រិ សា អាយុ​៣២​ឆ្នាំ (​រិ សា ជា​កូនបង្កើត​របស់​គាត់​) ។ ពួក​គេ​មានកូន​ស្រី​ពីរ​នាក់​ម្នាក់​ឈ្មោះ រ៉ា ស្រី​កា អាយុ​១០​ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ រ៉ា ស្រី​ធា អាយុ​៩​ឆ្នាំ ។ ចំណែក​មួយ​គ្រួសារ​ទៀត មាន​ឪពុក​ឈ្មោះ រិ សេង អាយុ​៣៦​ឆ្នាំ (​រិ សេង ជា​កូន​គាត់​បង្កើត​) មាន​ម្តាយ​ឈ្មោះ សាន គ្រួសារ​នេះ​មានកូន​២​នាក់​ ម្នាក់​កូនស្រី​ឈ្មោះ រ៉ា ថា​អុ​ី អាយុ​២​ឆ្នាំ និង​ម្នាក់​ទៀត​កូនប្រុស ឈ្មោះ រ៉ា សេ​ម អាយុ​៨​ខែ ។

ជីដូន​រៀបរាប់​ថា កាលពី​២​ឆ្នាំ​មុន គ្រួសារ​គាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ នៅ​ក្រុង​កំពង់ឆ្នាំង តែ​ក្រោយមក​គេ​អភិវឌ្ឍន៍​ផ្លូវ​អស់​ទៅ គាត់​បាន​មក​សុំ​ដី​គេ​ស្នាក់​នៅ​ភូមិ​ខ្លែង​ព័រ​ជាង​២​ឆ្នាំ​ហើយ ។ ថ្មី​ៗ​នេះ​ម្ចាស់​គេ​បាន​មក​ប្រាប់​ឱ្យ​គាត់​រក​ទីតាំង​ផ្សេង​រស់នៅ​ទៅ ព្រោះ​គេ​ត្រូវការ​ដាំ​ដំណាំ តែ​គាត់​បាន​អង្វរ​ម្ចាស់​គេ​សុំ​នៅ​មួយ​រយៈ​ទៀត​សិន​ព្រោះ​មិន​មាន​កន្លែង​ស្នាក់​នៅ​សោះ ។ ម្យ៉ាងវិញទៀត កូន​ៗ​គាត់​បាន​លែងលះ​គ្នា​ទាំង​២​គ្រួសារ និងរ​ត់ទៅ​ធ្វើការ​នៅ​ថៃ​អស់ហើយ ។ ស្ត្រី​រូប​នោះ​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ​បានកូន​ប្រុស​គាត់​ឈ្មោះ រិ សេង ដែល​ត្រូវជា​ឪពុក កូន​តូច​២​នាក់ ជា​អ្នក​ផ្ញើ​ប្រាក់​មក​ឱ្យ​១​ខែ​បាន​១០​ម៉ឺន​រៀល គ្រាន់​ទិញ​ទឹកដោះគោ​ឱ្យ​ចៅ​និង​ទិញ​អង្ករ ពេល​ខ្លះ​ក៏​ហូប​បបរ​ដែរ ព្រោះ​គ្មាន​ប្រាក់ ។

ចំ​ណែ​កូន​ៗ​ផ្សេង​ទៀត មិន​ដែល​ផ្ញើ​មក​ម្តងណា​ឡើយ ។ ចៅ​ៗ​គាត់​ធំ​ៗ​ពីរ​នាក់​មិន​បាន​ទៅ​រៀនសូត្រ​នោះ​ទេ ព្រោះតែ​ក្រីក្រ​ខ្លាំង​ណាស់​ក្មួយ​អើយ ។ ជាមួយ​គ្នា​នេះ​កុមារី រ៉ា ស្រី​កា និង រ៉ា ស្រី​ធា ប្រាប់​ថា ពួក​នាង​ចង់​រៀន​ណាស់​ពូ តែ​គ្មាន​ខោអាវ សៀវភៅ និង​គ្មាន​កង់​ជិះ​ទៅ​រៀន​ព្រោះតែ​សាលា​នៅ​ឆ្ងាយ​ហេតុនេះ​ហើយ​ពួក​នាង​និង​លោកយាយ សុំ​លើកដៃ​សំពះ​អង្វរ​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​សៀវភៅ ខោអាវ និង​កង់​ឱ្យ​ពួក​នាង​បាន​ជិះ​ទៅ​រៀន​ផង ព្រោះ​សាលា​នៅ​ឆ្ងាយ​ពី​ភូមិ ។ ភូមិ​នេះ​គ្មាន​សាលារៀន​ទេ​ពូ ។

លោក គង់ សុខ អនុប្រធាន​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មូល​បានឱ្យ​ដឹង​ថា គ្រួសារ​នេះ​បាន​មក​សុំ​ដី​គេ​ស្នាក់​នៅ​ពីរ​ឆ្នាំ​ហើយ តែ​គាត់​មិន​បានដឹង​ថា កូន​ៗ​គាត់​លែងលះ​គ្នា​ទេ ហើយ​ទុក​កូន​ៗ​ចោល​ឱ្យ​ម្តាយ​មើល​យ៉ាងនេះ​ដែរ ។ គ្រួសារ​នេះ​ពិតជា​មាន​ជីវភាព​ក្រីក្រ​ពិតប្រាកដ​មែន ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ភូមិ​ខ្លែង​ព័រ​សូម​អំពាវនាវ​ដល់​សប្បុរ​ជន ជិត​ឆ្ងាយ​សូម​មេត្តា​ជួយ​គ្រួសារ​ខាងលើ​នេះ​ផង ព្រោះ​កំពុង​តែ​ជួប​ការ​ខ្វះខាត​គឺ​ក្រីក្រ​ខ្លាំង​ណាស់។
សូម​បញ្ចា​ក់ថា នៅ​ថ្ងៃ​នោះ​ក្រុម​អ្នក​សារព័ត៌មាន និង​ក្រុម​មន្ត្រី​សុរិយោដី ដែល​បាន​ទៅ​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​គួរ​ឱ្យ​សង្វេគ​បែប​នេះ បាន​រៃ​ប្រាក់​គ្នា​ជួយ​ឧបត្ថម្ភ​បាន​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ