ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​ចំនួន​៥វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ «​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥ ដើម្បី​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ «​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥ ដើម្បី​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC ។

នៅ​ក្នុង​សេចក្តី​ប្រកាស​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ទាំង​៥​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​វិញ្ញាបនបត្រ​មាន​ទុន​សរុប​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​អាច​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណជិត​៥​ពាន់​កន្លែង ។ ក្រុមហ៊ុន​ទាំង​៥​នោះ​រួម​មាន ៖
១-​ក្រុមហ៊ុន KAMPONG SPEU PLANTATION CO., LTD ៖ ​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​អំពៅ​) និង​សាងសង់​រោងចក្រ​កែ​ច្នៃ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៨៥,៥៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​២.២៩០​កន្លែង ។

២-​ក្រុមហ៊ុន SCHNEITEC ENERGY ៖ ជា​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​១១៥​គីឡូវ៉ុល សៀមរាប​-​ឧត្តរមានជ័យ អនុ​ស្ថានីយ​ឧត្តរមានជ័យ និង​អនុ​ស្ថានីយ​បែក​ចាន (​ពោធិ៍​សែន​ជ័យ​) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រឹប សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មាន​ទុន​វិនិយោគ​ប្រមាណ​៨០,៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​៤១៣​កន្លែង ។
៣-​ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT ៖ មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ​៨៦,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១.៨៤៨​កន្លែង ។

៤-​ក្រុមហ៊ុន HEIN LI PROPERTIES CO., LTD ៖  មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​១៤៩​បន្ទប់ និង រី​សត ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ប្រមាណ​៣៩,៣៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​២៤១​កន្លែង ។
៥-​ក្រុមហ៊ុន LYLY KAMEDA CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​នំ​ស្រួយ និង​អាហារ​សម្រន់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​១៣៧​កា​១ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​៩,១២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១៥៣​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ