ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងសេពគ្រឿងញៀនចំនួន១២នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មពួកក្របួចបានជាបន្តបន្ទាប់ រួមជាមួយថ្នាំញៀនចម្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានទាំងអាវុធច្នៃ និងឧបករណ៌សេពគ្រឿងញៀនផងដែរ ។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៨ នៅភូមិគោកព្រិច ឃុំគោករមៀត ។
ជនសង្ស័យទាំង១២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន១-ឈ្មោះម៉ូវ ស៊ឹងហៅ (ហម ស៊ឹង) ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្តី រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ២-ឈ្មោះគយ ច្រឹប ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ៣-ឈ្មោះផៅខឿត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ៤-ឈ្មោះសាប់ សៀន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ៥-ឈ្មោះសឺតមាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ៦-ឈ្មោះធឿន ថី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ៧-ឈ្មោះដឿន ដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀតស្រុកថ្មពួក ៨-ឈ្មោះ-ជា ជេន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀតស្រុកថ្មពួក ៩-ឈ្មោះខាវ ចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ១០-ឈ្មោះរ៉ាយ បារាំង ហៅប្រាំង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ១១-ឈ្មោះស តុលា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក និង១២-ឈ្មោះភ្លឿយ នឿត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
លោកវរសេនីយ៍ទោសៅ សារឿន អធិការនគរបាលស្រុកថ្មពួកប្រាប់ថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើជាប់ចោទពីបទចែកចាយ ចំណែក១០នាក់ទៀតជាប់ចោទពីបទប្រើប្រាស់ ក្រោយធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន ។ ករណីបង្ក្រាបនេះត្រូវបានលោកអធិការបន្តថា ក្រោយទទួលព័ត៌មានពីបណ្តាញ និងអនុវត្តតាមបទបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត ក្នុងការការពារ និងទប់ស្កាត់រាល់បទល្មើសដំបូង កំលាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដោយដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌សថ្លា២២កូនថង់តូច និងថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន ពណ៌ផ្កាឈូក WY ចំនួន១៣៥គ្រាប់ អាវុធច្នៃមួយដើម និងកាំបិតស្នៀត២ដើម។
លោកអធិការបន្តថា ក្រោយបង្ក្រាប និងឆែកឆេរទីតាំងប្តីប្រពន្ធពីរនាក់ជាជនសង្ស័យខាងលើ លោកក៏ដឹកនាំកម្លាំងបង្ក្រាបជនសង្ស័យសេពគ្រឿងញៀនតាមទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ក្នុងស្រុកថ្មពួករហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យ១០នាក់ដែលជាប់ចោទសេពគ្រឿងញៀន ។ លោកអធិការប្រាប់ថា ជនសង្ស័យទាំង១២នាក់ រួមនឹងវត្ថុតាងកំពុងត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ