ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​គ្រោង​សិក្សា​ពី​បច្ចេកទេស​បំពាក់​ស្លាក​លេខ​លើ​កង់​បី​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​កង់​បី​ដែល​កំពុង​ចរាចរ​តាម​ដងផ្លូវ​បច្ចុប្បន្ន គឺ​ពិតជា​សម្បូរ​បែប និង​​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្ដែ​អ្វី​ដែល​មហាជន​បាន​កត់សម្គាល់​នោះ គឺ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​ខ្លះ​បាន​កិប​ស្លាក​លេខ​នៅ​ជាប់​រ៉ឺ​ម៉ក និង​ខ្លះ​ទៀត​កិប​ជាប់​នឹង​ម៉ូតូ ។ ភាព​មិន​ស្ដង់ដា​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​កង់​បី​ដែល​កំពុង​ចរាចរ​តាម​ដងផ្លូវ​បច្ចុប្បន្ន គឺ​ពិតជា​សម្បូរ​បែប និង​​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្ដែ​អ្វី​ដែល​មហាជន​បាន​កត់សម្គាល់​នោះ គឺ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​ខ្លះ​បាន​កិប​ស្លាក​លេខ​នៅ​ជាប់​រ៉ឺ​ម៉ក និង​ខ្លះ​ទៀត​កិប​ជាប់​នឹង​ម៉ូតូ ។ ភាព​មិន​ស្ដង់ដា​បែប​នេះ កំពុង​ក្លាយជា​ចំណោទបញ្ហា ដោយសារ​តែ​មហាជន​យល់​ឃើញ​ថា ការ​កិប​ស្លាក​លេខ​ជាប់​រ៉ឺ​ម៉ក​ហាក់​មាន​ទំនួល​ខុស​ត្រូវ​ជាង ព្រោះ​អ្នកដំណើរ​អាច​ដឹង​ពី​អត្ត​សញ្ញាណ​អ្នកបើកបរ​តាម​រយៈ​លេខ​សម្គាល់​យានយន្ដ ពិសេស​នៅ​ពេល​ប៉ះពារ​តាម​ដងផ្លូវ​ជាដើម ខណៈ​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហាក់​នៅ​ឆក​ល្វែង​ក្នុង​ការ​គ្រប់គ្រង​បច្ចេកទេស​នេះ​នៅឡើយ ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ជុំវិញ​បញ្ហា​នេះ លោក​ពុំ​ទាន់​មាន​ដំណោះស្រាយ​ទេ ដោយសារ​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់ ប៉ុន្ដែ​លោក​បាន​សន្យា​ថា នឹង​យក​បញ្ហា​នេះ​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា និង​ត្រួតពិនិត្យ​ពី​លក្ខណៈ​បច្ចេកទេស ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ថា ៖« ករណី​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខ្មែរ មិន​ទាន់​ឆ្លើយ​តប​បាន​ទេ ដោយសារ​ពុំ​ទាន់​មាន​ព័ត៌មាន​ជាក់ស្តែង ហើយ​ខ្ញុំ​នឹង​យក​សំណួរ​នេះ​ទៅ​ឱ្យ​មន្ត្រី​ខាង​អគ្គនាយក​ដឹក​ជញ្ជូន​យក​ទៅ​ពិនិត្យ និង​ធ្វើ កុំឱ្យ​ខុស​បច្ចេកទេស​ដើម្បី​ងាយស្រួល​តាមដាន និង​ត្រួតពិនិត្យ​រ៉ឺ​ម៉ក​កង់​បី​របស់​យើង » ។ ប្រធាន​​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​សមាជិក​អ្នក​បើក​កង់​បី​ខ្មែរ​ប្រមាណ​១​ម៉ឺន​នាក់ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ក្រសួង ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ដល់​បងប្អូន​អ្នក​បើក​កង់​បី ហើយ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ដោយសារ​សមាគម​ចង់​អភិរក្ស ក៏​ដូច​ជំរុញ​ឱ្យ​រ៉ឺ​ម៉ក​ដែល​ច្នៃប្រឌិត​ដោយ​កូន​ខ្មែរ មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស ។

លោក ឯ សុភា​ស់ ប្រធាន​សមាគម​រូប​នេះ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ម្សិលមិញ​ថា ៖« នេះ​ជា​ការ​យកចិត្តទុកដាក់​រៀបចំ ឬ​ពិនិត្យ​លទ្ធភាព​កែតម្រូវ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​យើង ដើម្បី​អាច​ប្រកប​មុខរបរ​រកស៊ី​នៅ​លើ​ទីផ្សារសេរី​នេះ​មាន​តម្លាភាព និង​ជា​មោទនភាព​មួយ​សម្រាប់​ខ្ញុំ » ។ ទន្ទឹម​នឹង​នេះ លោក​ក៏​មាន​គម្រោង​ស្នើ​ឱ្យ​ក្រសួង​រៀបចំ​ឱ្យ​មានការ​បណ្តុះបណ្តាល ដើម្បី​ជំរុញ​ឱ្យ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​បាន​រៀន​ពី​ច្បាប់​ចរា​ចរណ៍ និង​កំណត់​អត្តសញ្ញាណ ឬ​ឯកសណ្ឋាន​ត្រឹមត្រូវ ខណៈ​នៅ​ពេល​បច្ចុប្បន្ន សមា​គម​មាន​សមាជិក​ប្រមាណ​១​ម៉ឺន​នាក់ ឬ​១​ម៉ឺន​រ៉ឺ​ម៉ក ។ លោក​បន្ត​ថា ៖« នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ជំរុញ​សមាជិក​របស់​សមាគម​បំពាក់​App របស់​ក្រុមហ៊ុន​Crab ដើម្បី​ជំរុញ​ឱ្យ​រ៉ឺ​ម៉ក​ខ្មែរ​យើង​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​សេវា​កាន់តែ​ប្រសើរ និង​កុំឱ្យ​អតិថិជន​ធុន​ទ្រាន់​នឹង​រឿង​ថ្លៃ​ដូច​ពេល​នេះ​ទៀត » ។

លោក​បញ្ជាក់​ថា ៖« សម្រាប់​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​នៅ​រាជធានី​ភ្នំពេញ មាន​១​ម៉ឺន​នាក់​ឬ​១​ម៉ឺន​រ៉ឺ​ម៉ក ក្នុង​នោះ​មាន​ប្រហែល​៥០% ពុំ​បាន​កិប​ស្លាក​លេខ​នៅ​ក្រោយ​រ៉ឺ​ម៉ក ។ ចំណែក​អ្នក​រត់​កង់​បី​ដែល​មិនមែន​ជា​សមាជិក មាន​ប្រហែល​ជាង​៣​ម៉ឺន​នាក់​កំពុង​ចរាចរ​នៅ​រាជធានី​ភ្នំពេញ » ។ លោក​បន្ដ​ថា ៖« ជា​ទិស​​ដៅ ខ្ញុំ​បាន​ស្នើ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ជំនាញ រួម​ទាំង​មន្ទីរ នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៧ មិថុនា ខាង​មុខ​នេះ បង្កើត​ឱ្យ​ចេញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​បណ្តុះបណ្តាល និង​បំពាក់​ស្លាក​លេខ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេក​ទេស ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​អាច​ប្រើប្រាស់​App នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ។ ដូចនេះ យើង​នឹង​ជំរុញ​ធ្វើ​ឱ្យ​បាន​នូវ​ការ​រំពឹង​ទុក​សម្រាប់​សមាគម » ។

លោក ឯ សុភា​ស់ សង្ឃឹមថា នៅ​រយៈពេល​១​ឬ​២​ឆ្នាំ​ទៀត ការ​ចរាចរ​រ៉ឺ​ម៉ក​កង់​បី​នឹង​មាន​របៀបរៀបរយ​, មាន​ឯកសណ្ឋាន និង​មាន​ក្រុម​ត្រឹមត្រូវ មិន​ស្ថិត​នៅ​បែប​អនាធិបតេយ្យ​ដូច​បច្ចុប្បន្ន​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ