សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថាកាណាដាជាប្រទេសដំបូងនៅក្នុងក្រុមប្រទេសឧស្សាហកម្មឈានមុខទាំង៧ (G7) គ្រោងប្រកាសឲ្យកញ្ឆាជារឿងស្របច្បាប់ ។
ឥរិយាបថនេះបានកើតឡើងក្រោយពីព្រឹទ្ធសភារបស់កាណាដា បានយល់ស្របលើសេចក្ដីព្រាងច្បាប់កញ្ឆាថ្មីនៅក្នុងសំឡេង៥៦ ទល់នឹង៣០ឲ្យលុបចោលបំរាមការប្រើកញ្ឆា ដែលបើកឲ្យប្រើអស់រយៈពេលយូរដល់ទៅ៩០ឆ្នាំ ប៉ុន្តែព្រឹទ្ធសភាក៏បានបង្កើនលក្ខខណ្ឌជាច្រើនមាត្រា ត្រូវរង់ចាំឲ្យសភាធ្វើការពិចារណាថ្មីជាមុនសិន ។
កាលពីឆ្នាំមុនរដ្ឋាភិបាលកាណាដាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីចាស្ទីន ទ្រូដូ (Justin Trudeau) បានស្នើច្បាប់នេះឡើងដោយផ្ដល់ពីហេតុផលថា ការគ្រប់គ្រង និងធ្វើឲ្យរុក្ខជាតិប្រភេទនេះស្របច្បាប់នឹងជួយឲ្យកញ្ឆានៅឆ្ងាយពីយុវជន ធ្វើឲ្យប្រាក់ចំណូលពីការទិញ-លក់កញ្ឆាមិនធ្លាក់ទៅក្នុងដៃរបស់ឧក្រិដ្ឋជន ។
ប្រសិនបើច្បាប់ថ្មីដាក់ឲ្យប្រើ កាណាដានឹងក្លាយជាប្រទេសទី២ នៅលើពិភពលោកឲ្យពលរដ្ឋប្រើកញ្ឆាដោយស្របច្បាប់តាមពីក្រោយប្រទេសអ៊ុយរូហ្គាយ ខណៈពេលកាលពីមុននេះកាណាដាក៏បានអនុញ្ញាតឲ្យប្រើកញ្ឆានៅក្នុងផ្នែកវេជ្ជសាស្ត្រដែរ ៕
ចែករំលែកព័តមាននេះ