ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីមនុស្សឆ្កួតជ្រូកម្នាក់បានប្រកាច់ លង់ទឹកស្លាប់នៅតំបន់តាប្រងើយ ខាងកើតភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចំងាយប្រហែល ៣០០០ម បង្កឲ្យមានការភ្ញាក់ផ្អើល។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ហង់ រឿន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ តាមយោងការបំភ្លឺស្ត្រីជាប្រពន្ធ ជនរងគ្រោះឈ្មោះ អ៊ិត ខេត អាយុ៤០ឆ្នាំប្រាប់ថា ប្ដីរបស់គាត់មានជំងឺចេះតែប្រកាច់ជាញឹកញាប់ អ្នកភូមិថាគាត់មានជំងឺឆ្កួតជ្រូក ហើយរាល់ថ្ងៃគាត់តែងតែទិញស្រាសកន្លះលីត្រយកទៅជាមួយ និងបានឲ្យរូបគាត់ជាប្រពន្ធរៀបបាយទឹកឲ្យគាត់យកទៅភ្ជួរស្រែនៅតំបន់កើតហេតុខាងលើជាប្រចាំ។
ហើយនៅមុនថ្ងៃកើតហេតុ ថ្ងៃទី១៣ ខែមិថុនា គាត់បានរៀបចំបាយទឹក និងទិញស្រាកន្លះលីត្រដាក់ឲ្យ ប្ដីគាត់យកទៅភ្ជួរដូចសព្វដង លុះរហូតដល់ល្ងាចគាត់រង់ចាំផ្លូវប្តីមិនឃើញត្រឡប់មកផ្ទះវិញសោះ ក្នុងចិត្តរបស់គាត់នឹកស្មានថាប្ដីគាត់ប្រហែលជាដេកនៅឯស្រែហើយមើលទៅ។ លុះដល់ព្រឹកថ្ងៃទី១៤ មិថុនា ២០១៨ គាត់ក៏រៀបចំបាយទឹកយកទៅឲ្យប្ដីនៅឯស្រែ នៅពេលដែលទៅដល់ស្រាប់តែ ប្រទះឃើញសាកសពប្ដីរបស់គាត់បានលង់ទឹកក្នុងស្រែស្លាប់បាត់មិនដឹងពីពេលណាមកនោះទេ ហើយក៏ប្រាប់បងប្អូនពីបញ្ហានេះ។
ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងជំនាញ ប៉ុស្ដិ៍នគរបាល ឃុំក្រយា និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា៖ សពជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺឆ្កួតជ្រូក ហើយប្រកាច់ឈ្លក់ទឹកស្រែ បណ្ដាលឲ្យលង់ស្លាប់ប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើព្រហ្មទណ្ឌណាមួយឡើយ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ