ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ប្រហុក​ចាប់​ផ្តើម​សំបូរ​បណ្តើរ​ៗ​ ហើយ​ ១គីឡូ​ក្រាម​ថ្លៃ​៦០០ទៅ​៨០០រៀល

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ និង​១៣​ ធ្នូ ត្រូវ​នឹង​ថ្ងៃ​៦ និង​៧​កើត​​ ខែ​មិគ​សិរ​នេះ​នៅ​ខេត្ត​​កំពង់​ឆ្នាំង​ត្រី​ប្រហុក​ ​ចាប់​ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ​ ។​ ការ​ប្រមូល​ផល​ត្រី​នៅ​ឆ្នាំ​នេះ​គេ​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​។ លោក​កែវ ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​បាន​និយាយ​​ឱ្យ​ដឹង​ថា គ្រាន់​តែ​ដើម​ដៃ​ ឬ​ថ្ងៃ​៦ និង​៧​កើត​​ ខែ​មិគ​សិរ​ដែ​ល​ជា​ខែ​ដំបូង​​តាម​ឡូត៍​នេសាទ​ត្រូវ​ប្រមូល​ផល​ត្រី​ប្រហុក​ គឺ​តំលៃ​ត្រី​ប្រហុកត្រឹមតែ​៦០០​ទៅ​៨០០​រៀល

ខេត្ត​កំពង់​ឆ្នាំង​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ និង​១៣​ ធ្នូ ត្រូវ​នឹង​ថ្ងៃ​៦ និង​៧​កើត​​ ខែ​មិគ​សិរ​នេះ​នៅ​ខេត្ត​​កំពង់​ឆ្នាំង​ត្រី​ប្រហុក​ ​ចាប់​ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ​ ។​ ការ​ប្រមូល​ផល​ត្រី​នៅ​ឆ្នាំ​នេះ​គេ​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​។ លោក​កែវ ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​បាន​និយាយ​​ឱ្យ​ដឹង​ថា គ្រាន់​តែ​ដើម​ដៃ​ ឬ​ថ្ងៃ​៦ និង​៧​កើត​​ ខែ​មិគ​សិរ​ដែ​ល​ជា​ខែ​ដំបូង​​តាម​ឡូត៍​នេសាទ​ត្រូវ​ប្រមូល​ផល​ត្រី​ប្រហុក​ គឺ​តំលៃ​ត្រី​ប្រហុកត្រឹមតែ​៦០០​ទៅ​៨០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម ​ទាប​ជាង​ឆ្នាំ​កន្លងទៅ​ក្នុង​ខ្នើត​នៃ​ខែ​ដូច​​គ្នា​នេះ​ថ្លៃ​ដល់​ទៅ​១.២០០​រៀល​ឯ​ណោះ​ ។ លោក​ជឿ​ជាក់​ថា​ ត្រីប្រហុក​នឹង​ធ្លាក់​ថ្លៃ​ជាង​នេះ​ទៀត​នៅ​ក្នុង​ខ្នើត​ខែ​នេះ​ និង​ខ្នើត​ខែ​ក្រោយៗ​ទៀត​ ។

លោក​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​​លោក​ហ៊ាន​និយាយ​ថា​ ផល​ត្រី​ឆ្នាំ​នេះ​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ព្រោះ​លោក​មើល​តាម​តំលៃ​ត្រី​ប្រហុក​តាម​ទី​ផ្សារ តែ​កាល​ណា​មាន​តំលៃទាប​គឺ​ត្រី​សំបូរ​ ហើយ ប៉ុន្តែ​បើ​តំលៃ​ថ្លៃ​​គឺ​ត្រី​ប្រហុក​​ខ្សត់ ​​។
លោក​ផន សំបូរ អាជីវ​ករ​ឡូត៍​នេសាទ​លេខ​៥ ព្រែក​ពាមតា​លា​បាន​និយាយ​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ ថ្ងៃ​៦​ និង​៧​កើត​ត្រូវ​នឹង​ថ្ងៃ​ទី​១២ និង​១៣ ធ្នូ ក្នុង​ឡូត៍​នេសាទ​​ចាប់​ត្រី​ប្រហុក​បាន​ជិត​៤០​តោន និង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ ​ចាប់​បាន​ច្រើន​ជាង​នេះ​ទៀត​ ។ លោក​រំពឹង​ថា ក្នុង​ខ្នើត​​ខែ​ក្រោយៗ​ទៀត​ត្រី​ប្រហុក​ពិត​ជា​សំបូរ​ជាង​នេះ​ទៀត​ ។ ទោះ​បី​ជា​បែប​នេះ​ក្តី​លោក​បញ្ជាក់​ថា មិន​ដល់​ថ្នាក់​បើក​បង្ហូរ​ត្រី​ចោលទេ​ ព្រោះ​ខ្លាច​បាក់​របាំង​ធ្នួស​ ។

លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បន្ត​ថា ក្រៅ​ពី​ឡូត៍​លេខ​៥​នៅ​មាន​ឡូត៍​ដទៃ​ទៀត​ក៏​ត្រូវ​ត្រី​ប្រហុក​ច្រើន​ដូច​គ្នា​ដែរ​ ។ កត្តា​ច្រើន​ដែល​នាំ​ឱ្យ​ផល​ត្រី​សំបូរ​ឡើង​វិញ គឺ​ដូច​ជា​ការ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​ដោយ​កាប់​បំផ្លាញ​ចោល​អួន និង​លូ​ស្បៃ​មុង របាំង​ព្រួល​ របាំង​សាច់​អួន​ក្រឡា​ញឹក ឧបករណ៍​ឆក់​ ទប់​ស្កាត់​ការ​កាប់​ព្រៃ​លិច​ទឹក​ជា​ដើម​ ។ ដោយ​ឡែក​ក្រៅ​ពី​ត្រី​ប្រហុក​​ ត្រី​ធំៗ ឬ​ហៅ​ថា​ត្រី​មូល​ នៅ​ខែ​នេះ​មិន​ទាន់​ត្រូវ​ប៉ុន្មាន​ទេ តែ​អាច​នឹង​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ដូច​​ត្រី​ប្រហុក​ដែរ ៕