ខណៈសាំងកំពុងឡើងថ្លៃនៅទូទាំងពិភពលោក យើងគួរតែយកចិត្តទុកដាក់ចំពោះអត្រាស៊ីសាំងរបស់យានជំនិះ ដើម្បីជួយសន្សំសំចៃឲ្យបានកាន់តែប្រសើរ ។ តើរថយន្តណាខ្លះដែល អ្នកជំនាញគិតថា ជារថយន្តស៊ីសាំងច្រើនជាងគេនៅក្នុងប្រភេទនីមួយៗ ?
១-រថយន្តកៅអី២ ៖ ស្តេចរថយន្តប្រណាំងតម្លៃកប់ពពក Bugatti Chiron ដែលជាកម្មសិទ្ធិរបស់ Cristiano Ronaldo គឺជាមេស៊ីសាំងនៅក្នុងប្រភេទរថយន្តកៅអី២នេះ ។ វាមានម៉ាស៊ីនដល់ទៅ១៦ស៊ីឡាំង ហើយស៊ីសាំងជាមធ្យមបូកទាំងនៅក្នុងក្រុង និងក្រៅក្រុង ចំនួន២១លីត្រ/១០០គីឡូម៉ែត្រ ។
២-រថយន្តប្រភេទ Mini Compact ៖ ជារថយន្ត Ferrari GTC4Lusso ដែលស៊ីសាំងជាមធ្យម១៨លីត្រ/១០០គីឡូម៉ែត្រ ។
៣-រថយន្តប្រភេទ Sub Compact ៖ រថយន្ត Bentley Continental GT ស៊េរីអាចបើកដំបូលបាន គឺស៊ីសាំងជាមធ្យម១៦លីត្រ/១០០គីឡូម៉ែត្រ ។
៤-រថយន្តប្រភេទ Compact ៖ រថយន្តស៊េរីប្រណីត Rolls Royce Dawn ជា Rolls Royce អាចបើកដំបូលបាន ។ វាស៊ីសាំងដូចរថយន្ត Bentley ខាងលើដែរ គឺ១៦លីត្រ/១០០គីឡូម៉ែត្រ ។
៥-រថយន្តខ្នាតកណ្តាល ៖ យើងមានរថយន្តដល់ទៅ៣ប្រភេទរួមមាន រថយន្ត Bentley Flying Spur, រថយន្ត Bentley Mulsanne និងរថយន្ត Rolls Royce Wraith ។ រថយន្តទាំង៣នេះស៊ីសាំងជាមធ្យម១៦លីត្រ/១០០គីឡូម៉ែត្រ ។
៦-រថយន្តខ្នាតធំ ៖ គ្មានអ្វីក្រៅពីរថយន្ត Rolls Royce Ghost និង Phantom ទេ ។ វាស៊ីសាំងដូច Wraith ដែរ គឺ១៦លីត្រ/១០០គីឡូម៉ែត្រ ។
៧-រថយន្តប្រភេទភីកអាប់ខ្នាតតូច ៖ ជារថយន្ត Nissan Frontier ដែលស៊ីសាំង១៣លីត្រ/១០០គីឡូម៉ែត្រ ។
៨-រថយន្តប្រភេទភីកអាប់ខ្នាតធម្មតា ៖ ជារថយន្តយក្ស ដែលយើងឃើញបើកបរច្រើនលើផ្លូវស្រុកយើង គឺ Toyota Tundra ជាមួយនឹងកម្រិតស៊ីសាំង១៦លីត្រ/១០០គីឡូម៉ែត្រ ។
៩-រថយន្តប្រភេទ SUV ខ្នាតតូច ៖ នៅស្រុកយើងមិនសូវមានទេ ។ វាជារថយន្ត Mercedes GLC63 ដែលស៊ីសាំង១៣លីត្រ/១០០គីឡូម៉ែត្រ ។
១០-រថយន្តប្រភេទ SUV ខ្នាតធម្មតា ៖ ជារថយន្តដែលថ្លៃ តែរាងបុរាណ Mercedes G550 ។ នៅស្រុកយើងមានជិះច្រើនដែរនៅពេលនេះ ។ វាស៊ីសាំងកប់ស៊េរីដល់ទៅ២១លីត្រ/១០០គីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ