ខេត្តបន្ទាយមានជ័យ ៖ ជ្រូកនាំចូលពីថៃហូរហែតាមច្រកតំបន់បឹងត្រកួន ខណៈឈ្មួញនិយាយផ្សេង ចំណែកមន្ត្រី២ស្ថាប័នទៀតឆ្លើយខុសគ្នាធ្វើឲ្យមានមន្ទិល។ រថយន្តថៃបានដឹកជ្រូកចូលមកកម្ពុជាឲ្យឈ្មួញខ្មែរនៅទីតាំងមួយក្បែររង្វង់មូលផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ស្រុកថ្មពួក។ នៅទីតាំងលើកដាក់ជ្រូក ស្ត្រីឈ្មោះ សុខ លាង វ័យជាង៣០ឆ្នាំ បានអះអាងថា ជាតំណាងក្រុមហ៊ុន អង្គរសុខសារឹទ្ធ នាំជ្រូកចូលពីប្រទេសជិតខាងបានអះអាងថា ក្រុមហ៊ុនគាត់នាំចូលជ្រូកថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ នេះមានចំនួន២៥០ក្បាល និងនាំយកទៅចែកចាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។ អ្វីដែលមិនគួរឲ្យជឿនោះគឺជ្រូកលើរថយន្តទាំង៤គ្រឿងត្រូវគេសង្ស័យថាអាចលើសពី២៥០ក្បាល។ ជួបតាមទូរស័ព្ទលោក ហ៊ុយ ទូច ប្រធានការិយាល័យបុសុព្យាបាលខេត្តប្រាប់តាមទូរស័ព្ទថា ជ្រូកនាំចូលពីថៃបច្ចុប្បន្នមាន៣ក្រុមហ៊ុន មួយក្រុមហ៊ុនជាជ្រូកពូជទិញយកទៅចែកចាយចិញ្ចឹមតាមបណ្តាខេត្តគឺនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយក្រុមហ៊ុនស៊ីភី(CP )។
លោក ហ៊ុយ ទូច បន្តថា ជ្រូកកាប់សាច់នាំចូលតាមច្រកតំបន់បឹងត្រកួនមាន២ក្រុមហ៊ុន គឺក្រុមហ៊ុន អង្គរសុខសារឹទ្ធ និងក្រុមហ៊ុន ប៊ុតចន្ធូ។ លោកបន្តថា ក្រុមហ៊ុនទាំង២ខាងលើមានច្បាប់ត្រឹមត្រូវ ហើយ១ក្រុមហ៊ុនៗនាំចូលជ្រូក១៥០ទៅ២០០ក្បាល ឬអាចលើសតាមតម្រូវការទីផ្សារក្នុងការនាំចូលទៅចែកចាយនៅភ្នំពេញ និងតាមបណ្តាខេត្ត។ ដោយឡែកច្រកតំបន់ម៉ាឡៃ មន្ត្រីខាងលើបញ្ជាក់ថា ពុំមានការនាំចូលជ្រូកនោះទេ។ ករណីខាងលើលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់បឹងត្រកួនប្រាប់តាមទូរស័ព្ទផ្ទុយពីលោកហ៊ុយ ទូច ដោយនិយាយថា ជ្រូកនាំពីប្រទេសថៃតាមច្រកតំបន់បឹងត្រកួនមានតែ១ក្រុមហ៊ុនទេ គឺក្រុមហ៊ុនអង្គរសុខសារឹទ្ធ ហើយថាជ្រូកនាំចូលពីថៃនៅថ្ងៃនេះមានចំនួន៣០០ក្បាល ។
នៅពេលដែលភ្នាក់ងារ កោះសន្តិភាព លើកជាសំណួរយោងប្រភពដែលថា ជ្រូកនាំចូលពីថៃតាមច្រកតំបន់បឹងត្រកួនថ្ងៃនេះមានជាង៧០០ក្បាល បែរជាស្ត្រីខាងលើឆ្លើយតបតាមទូរស័ព្ទថា តាមពិតជ្រូកដឹកចូលពីថៃនេះ១រថយន្តតែ១០០ក្បាលទៅវិញ ហើយថា ជ្រូកទាំង៤រថយន្តខាងលើមិនមែនជាជ្រូកក្រុមហ៊ុនគាត់តែមួយទេ គឺជ្រូកមួយចំនួនជារបស់ក្រុមហ៊ុនផ្សេង ប៉ុន្តែគេទៅសាង ឬលើកដាក់ជាមួយគ្នាលើទីតាំងតែមួយ៕
https://youtu.be/dwZ0lphUBwI
ចែករំលែកព័តមាននេះ