ខេត្តកំពង់ឆ្នាំង ៖ ទន្ទឹមនឹងរទេះគោខ្មែរដែលស្ទើរតែបាត់បង់អស់ទៅហើយដោយសារកត្តាច្រើនយ៉ាងដូចជាប្រជាពលរដ្ឋបានងាកមកប្រើរទេះកង់ឡាន និងប្រើគោយន្តជំនួសរទេះគោបុរាណរបស់បុព្វបុរសខ្មែរយើងពីជំនាន់ដើម រួមផ្សំនឹងគ្មានការផលិតថ្មីឡើងវិញនូវរទេះគោបុរាណនេះផងនោះក៏មានកសិកររស់នៅ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានប្រមូលទិញរទេះគោចាស់ៗពីតាមមូលដ្ឋានជនបទយកមកជួសជុលដាក់តាំងលក់អោយអតិថិជន ដែលភាគច្រើនគឺជាអ្នកទីក្រុងដើម្បីយកទៅតាំងលំអរនៅក្នុងភូមិឋានរបស់ខ្លួនប្រៀបដូចជាការរួមចំណែកថែរក្សាសម្បត្តិវប្បធម៌របស់ជាតិទុកអោយក្មេងជំនាន់ក្រោយបានស្គាល់យ៉ាងនោះដែរ ។
លោក មាស សុវណ្ណារី អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ និងជាអ្នកប្រមូលទិញរទេះគោចាស់ៗនៅតាមមូលដ្ឋានជនបទយកមកជួសជុលលក់បានអោយដឹងថា ដោយសារតែស្រឡាញ់នូវរទេះគោខ្មែរដែលធ្វើឡើងអំពីឈើប្រណិតល្អៗ មានឈើ បេង ធ្នង់ នាងនួន សុក្រំ និងខ្លះមានដល់ក្រញូងទៀតនោះលោកក៏ចាប់ផ្តើមមានគំនិតប្រមូលទិញរទេះគោចាស់ៗទាំងនោះពីប្រជាពលរដ្ឋ តាមមូលដ្ឋានឆ្ងាយជិត ដើម្បីយកមកជួសជុលកែលំអរឡើងវិញដើម្បីដាក់លក់ ប៉ុន្តែលោកទើបតែចាប់យកមុខរបរខាងលើនេះក្នុងឆ្នាំ២០១៨នេះទេ ។
កន្លងទៅមានអ្នកនៅទីក្រុងមួយចំនួនបានកម្មង់ទិញរទេះគោខ្មែរដើម្បីយកទៅដាក់តាំងលំអរនៅក្នុងភូមិដ្ឋានទុកអោយកូនចៅបានស្គាល់ព្រោះថា មកដល់ពេលនេះប្រជាពលរដ្ឋភាគច្រើនលែងប្រើរទេះគោនេះទៀតហើយគឺពួកគាត់នាំគ្នាមកប្រើប្រាស់គោយន្ត ឬរទេះកង់ឡានជំនួសវិញ ។
លោកបានអោយដឹងទៀតថា រទេះគោចាស់ៗទាំងនេះដែលលោកបានទិញមកក្នុង១គ្រឿងមានតម្លៃពី២០ម៉ឺនទៅ៤០ម៉ឺនរៀលតាមការខូចតិច ឬខូចច្រើន ហើយបានជួលជាងមកជួលជុលតំឡើងអោយល្អឡើងវិញដោយអស់ថ្លៃឈ្នួលពី៣០ម៉ឺនទៅ៤០ម៉ឺនរៀលទើបលក់ចេញបាន ហើយពេលលក់ចេញទៅវិញក្នុង១គ្រឿងៗមានតម្លៃពី៣០០ទៅ៤៥០ដុល្លារតាមប្រភេទឈើធ្នង់ ឬឈើក្រញូង ដែលភាគច្រើនគឺបានលក់ដាច់នៅមុនថ្ងៃចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងថា រទេះគោខ្មែរគឺជាសម្បត្តិបេតិកភណ្ឌជាតិដែលបានកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំមកហើយគឺជាស្នាដៃបុព្វបុរសខ្មែរយើង ជាក់ស្តែងដូចមានរូបចម្លាក់នៅលើប្រាសាទអង្គរវត្តមាន រទេះគោ រទេះសាឡីសម្រាប់ព្រះរាជា រទេះសេះចម្បាំង និងរទេះដឹកកាំភ្លើងធំជាដើម គឺជាស្នាដៃរបស់ដូនតាខ្មែរ គប្បីកូនខ្មែរយើងនាំគ្នារក្សាទុកស្នាដៃនេះកុំអោយបាត់បង់គឺដើម្បីអោយប្រពៃណីវប្បធម៌ជាតិពិតជារុងរឿងឡើងវិញ ៕
ចែករំលែកព័តមាននេះ