ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ដល់​វេន​ជើង​ខ្លាំង​ទម្ងន់60​គីឡូក្រាម​ប៉ះ​គ្នា​យក​ជើងឯក​ម្ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រមូលផ្ដុំ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ផ្សេង​ៗ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ជើងឯក​កាលពី​ពេល​កន្លង​ទៅ ពេល​នេះ ប៉ុស្ដិ៍​លេខ​៥​បាន​ប្រកាស​រដូវ​កាល​ថ្មី​ដោយ​បើក​រេញ​ឱ្យ​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បាន​ឡើង​ប្រកួត​យក​កៅអី​ជើងឯក​ម្ដង​ហើយ ដោយ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ បើក​ឆាក​កាលពី​ថ្ងៃ​ទី​៩ មិថុនា នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥(TV5)…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រមូលផ្ដុំ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ផ្សេង​ៗ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ជើងឯក​កាលពី​ពេល​កន្លង​ទៅ ពេល​នេះ ប៉ុស្ដិ៍​លេខ​៥​បាន​ប្រកាស​រដូវ​កាល​ថ្មី​ដោយ​បើក​រេញ​ឱ្យ​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បាន​ឡើង​ប្រកួត​យក​កៅអី​ជើងឯក​ម្ដង​ហើយ ដោយ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ បើក​ឆាក​កាលពី​ថ្ងៃ​ទី​៩ មិថុនា នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥(TV5) ព្រែក​កំ​ពិស ។ នេះ​ជា​ការ​ប្រកួត​ដណ្ដើម​​តំណែង​ជើងឯក TV5 Kkock Out Series By K.cement រដូវ​កាល​ទី​៣ បន្ទាប់​ពី​ព្រឹត្តិការណ៍​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​២​ដង​រួច​ម្ដង​ហើយដោយ​ចម្រាញ់​បាន​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម និង​៦៣​គីឡូក្រាម ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​អះអាង​ថា ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​ជម្រើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ៗ ប៉ុស្ដិ៍​លេខ​៥​បាន​សម្រេច​បើក​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​វិញ​ម្ដង ។ លោក​ថា កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម មាន​ច្រើន​សម្រាប់ការ​ប្រកួត​ដែល​តម្រូវ​ឱ្យ​មាន​កីឡាករ​រហូត​ដល់​៣២​រូប​មក​ពី​ក្លិប​ផ្សេង​គ្នា ដោយ​ឡើង​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ៗ ដែល​ព្រឹត្តិការណ៍​នេះ​លោក​មិន​ងាយ​នឹង​រក​កីឡាករ​មក​ប្រកួត​នោះ​ទេ ដោយសារ​តែ​រូបមន្ត​ប្រកួត​ដែល​លោក​បង្កើត​ឡើង ត្រូវការ​អ្នក​ប្រកួត​ក្នុង​ចំនួន​ច្រើន​។

លោក​ថា ប៉ុស្ដិ៍​លេខ​៥​បើក​ការ​ប្រកួត​ក្នុង​រូបមន្ត​បែប​នេះ ច្រើន​លើក​មក​ហើយ ហើយ​សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ក៏​ធ្លាប់​ជ្រើសរើស​ដែរ ដោយ​កីឡាករ​ស្ទើរ​គ្រប់​ប្រភេទ​ទម្ងន់​លោកថា​ត្រូវ​រើស​ជា​ថ្មី ដោយ​ការ​ប្រកួត​លើក​នេះ គឺ​ជម្រើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​វិញ​ម្ដង ។ ការ​ប្រកួត​លើក​នេះ ត្រូវ​បាន​ប្រកាស​ថា​មាន​កីឡាករ​ចាស់​ថ្មី​៣២​នាក់​ណាត់គ្នា​ប្រកួត​ចាញ់​ធ្លាក់​ដើម្បី​ដណ្តើម​ពានរង្វាន់​«TV5 Knock Out Series By K.cement» និង​ប្រាក់​លាន​ដូច​គ្នា​នឹង​ការ​ប្រកួត​ដែល​ធ្លាប់​ធ្វើ​ឡើង​មុន​ៗ​នោះដែរ ។

នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​៣​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ នៅ​ព្រែក​កំ​ពិស បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បញ្ចប់​ចំនួន​២​លើក​យ៉ាង​ជោគជ័យ​នៅ​លើ​សង្វៀន​​ព្រែក​កំ​ពិស​កន្លង​មក ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​តាម​រយៈ​វេទិកា​សន្និសីទ​សារព័ត៌មាន អម​ដោយ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ៗ​របស់​កីឡាករ​៤​រូប ដោយ​ការ​ប្រកួត​នេះ គឺ​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​អ្នក​ចាញ់​បាន​ត្រឹម​ហាលអាវ ។

ព្រឹត្តិការណ៍​នេះ មានការ​ប្រកួត​ជម្រុះ​៣​ជុំ ដោយ​ជុំ​ទី​១​គឺ​តម្រូវ​ឱ្យ​កីឡាករ​៣២​រូប​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​ជម្រុះ​យក​១៦​នាក់ ។ ជុំ​ទី​២​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​១៦​នាក់​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​បន្ត​ដើម្បី​ជម្រុះ​៨​នាក់ និង​ជុំ​ទី​៣​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​ប្រកួត​ជម្រុះ​បន្ត​យក​៤​នាក់​ដើម្បី​ជម្រើស​យក​តំណែង​ម្ចាស់​ពាន​លេខ​១ ។ គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ «​ជើងឯក K-Cement TV5 Knock Out Series » ផ្សាយ​ផ្ទាល់​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៧​យប់ ដោយ​ក្នុង​ការប្រកួត​ជម្រុះ​នោះ ក៏​មានការ​ប្រកួត​អន្តរជាតិ​មួយគូ​ៗ​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នោះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ ។ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នោះ ក៏​មានការ​ប្រកួត​រវាង​កីឡាករ​៤​រូប​ដែល​ជា​សមាសភាព​ក្នុង​ចំណោម​៣២​រូប ដោយ​ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ កីឡាករ ម៉​ន ព្រហ្ម​ម៉ា​ញ បាន​ឈ្នះ​កីឡាករ លី​ន វិ​រៈ ដោយ​ពិន្ទុ ដែល​ការ​ប្រកួត​មួយគូ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​បើក​ឆាក​ភ្លាម ក៏​វាយ​សម្រុក​ដាក់​គ្នា​តែ​ម្ដង ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត ។

កីឡាករ​ម៉​ន ព្រហ្ម​ម៉ា​ញ បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ឡើង​អង្គុយ​កៅអី​១៦​នាក់​មុនគេ ក្នុង​ចំណោម​៣២​រូប​ដែល​ត្រូវ​គេ​ឱ្យ​ប្រកួត​ចាញ់​ឈ្នះ​ៗ ដែល​អ្នក​ឈ្នះ​បាន​ឡើង​បន្ត ហើយ​​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។ កីឡាករ​អ្នក​ឈ្នះ​បាន​អះអាង​ថា ទម្រាំ​តែ​បាន​ឈ្នះ​ហើយ​បាន​ឡើង​អង្គុយ​កៅអី​១៦​នាក់​មុនគេ គឺ​លោក​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​អស់​ពី​​សមត្ថភាព ស្របគ្នា​ដែល​លោក​ក៏​មាន​បំណង​ចង់បាន​ជ័យជម្នះ​ក្នុង​ថ្ងៃបើក​សម្ពោធ​ព្រឹត្តិការណ៍ ដែល​មាន​ទាំង​អ្នកគាំទ្រ​កុះករ និង​តំណាង​សហព័ន្ធ​ចូលរួម​នោះ​ផង​។

លោក​ថា ជ័យជម្នះ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​នោះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​បាន​ពី​ការ​ប្រកួត​ប្ដូរ ហើយ​លោក​ក៏​មិន​ទាន់​អស់​បន្ទុក ក្នុង​ការ​ហ្វឹកហាត់​នោះ​ដែរ ដោយ​សារ​តែ​លោក​ចង់​បន្ត​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​៨​នាក់ និង​វគ្គ​បន្តបន្ទាប់​បន្ថែម​ទៀត ។ ក្នុង​នោះ​ក្រោយ​ទទួល​ជ័យជម្នះ លោក​ក៏​ត្រូវ​រក្សា​ទម្ងន់​ឱ្យ​នៅ​តែ​៦០​គីឡូក្រាម​កុំឱ្យ​ឡើង​ចុះ​នោះ​ផង​ដែរ ដើម្បី​កុំឱ្យ​ទទួល​រង​ពិន័យ​ពី​គណៈកម្មការថា ​រក្សា​គីឡូ​អត់​បាន ហើយ​តម្រូវ​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

លោក សេង ក​ដិ​កា ថា ការ​ប្រកួត​ជម្រើស​ជើងឯក​រដូវ​កាល​ថ្មី​នេះ លោក​សម្រេច​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដើម្បី​ឱ្យកីឡាករ​ចាស់​ថ្មី​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម បាន​បង្ហាញ​សមត្ថភាព​ឡើង​ប្រកួត​គ្នា​ដណ្ដើម​ជើងឯក បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​ប្រភេទ​​ទម្ងន់​៦៥​គីឡូក្រាម និង​៦៣​គីឡូក្រាម ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ។ លោក​ថា ការ​ប្រកួត​វគ្គ​នេះ មាន​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​រួម​មាន​ទាំង​កីឡា​ករ​ជើង​ចាស់ និង​ជើង​ថ្មី​ច្រើន​នាក់ ដែល​លោក​បញ្ជាក់​ថា ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​នេះ​ក៏​ល្អមើល​មិន​ចាញ់​ការ​ប្រកួត​មុន​ៗ​នោះ​ដែរ ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ​ចាស់​ថ្មី ដែល​មាន​សមត្ថភាព និង​ល្បីឈ្មោះ នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ប៉ះ​គ្នា​ក្នុង​វគ្ក​បន្តបន្ទាប់ ដើម្បី​ប្រកួត​ជម្រុះ​ពី​៣២​នាក់​យក​១៦​នាក់ ។ លោក​ថា ការ​ប្រកួត​វគ្គ​នេះ មាន​ការ​សម្រិតសម្រាំង​កីឡាករ​ខុស​ប្លែក​ពី​មុន ដោយ​មុន​ឈាន​ដល់​ការ​ជ្រើសរើស​ឱ្យ​ប្រកួត គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ក្នុង​ក្លិប​ក្នុង​ប្រភេទ​ទម្ងន់​ដូច​គ្នា​រួច​ជា​ស្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ