ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​ព្រមាន​ពី​គ្រោះ​ថា្ន​ក់​​

5 ឆ្នាំ មុន

ទីក្រុង LA MALBAIE ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោកស្រី​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់​គ្លេស Theresa May បាន​ព្រមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក…

ទីក្រុង LA MALBAIE ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោកស្រី​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់​គ្លេស Theresa May បាន​ព្រមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​សហភាព​អឺរ៉ុប (EU) ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះតែ​ការ​ដាក់​ពន្ធ និង​បាន​​ជំរុញ​ឲ្យ​ភាគី​ទាំង​សងខាង​ផ្តោត​សំខាន់​លើ​ផលិតកម្ម​ដែកថែប​ដ៏​ច្រើន​លើសលប់​របស់​ប្រទេស​ចិន​វិញ ។

កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​កា​ណា​ដា​, EU និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​បង្ក​ឲ្យ​មាន​ការ​​ឆ្លើយ​តប និង​ភាព​តានតឹង​ក្នុង​កិច្ចប្រជុំ G7 នៅ​ប្រទេស​កា​ណា​ដា ។

មន្ត្រីជាន់ខ្ពស់​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ៖« រួម​ជាមួយ​អ្នក​រួមការ​ងារ​ដទៃ​ទៀត លោកស្រី May គិត​ថា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​លើ​ការ​ដាក់​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម ដែល​នាំ​ចូល​ពី​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់​ៗ​មួយ​ចំនួន គឺ​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ » ។

មន្ត្រី​រូប​នេះ​បន្ត​ទៀត​ថា ប្រសិនបើ​ពួក​យើង​មិន​អាច​ស្វែងរក​វិធី​ងាក​ចេញពី​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​បាន​ឆាប់​ៗ​ទេ​នោះ វិធានការ​ឆ្លើយ​តប​ពី​សហភាព​អឺរ៉ុប​នឹង​មិន​អាច​ចៀស​ផុត​ឡើយ » ។

ទោះបីជា​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​គោល​ជំហរ​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធ​របស់​សហ​រដ្ឋអាមេរិក​ក្តី ប៉ុន្តែ​លោកស្រី Theresa May និយាយ​ថា ការ​ឆ្លើយ​តប​របស់ EU គឺ​ត្រូវ​តែ​សមរម្យ និង​សម​ស្រប​តាម​ច្បាប់​ផង​ដែរ ។

គោល​ជំហរ​នេះ​បង្ហាញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​លោកស្រី May ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ពី​ការ​ចាក​ចេញពី EU ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ