ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធិ​ផល​ក្នុង​រយៈពេល​៥​ឆ្នាំ​លើ​វិស័យ​សំណង់​ដែល​រាជរដ្ឋាភិបាល​អនុវត្តន៍​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន កម្ពុជា​បាន​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ជោគជ័យ​ធំ​ៗ​ជា​ច្រើន នៅ​ក្នុង​ដំណាក់កាល​នីមួយ​ៗ​ជា​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា ។ សព្វ​ថ្ងៃនេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​កម្លាំង​មហា​សាមគ្គី​ជាតិ រួមចំណែក​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន កម្ពុជា​បាន​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ជោគជ័យ​ធំ​ៗ​ជា​ច្រើន នៅ​ក្នុង​ដំណាក់កាល​នីមួយ​ៗ​ជា​ប្រវត្តិសាស្ត្រ​របស់ កម្ពុជា ។

សព្វ​ថ្ងៃនេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​កម្លាំង​មហា​សាមគ្គី​ជាតិ រួមចំណែក​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ការ​ពង្រឹង​នីតិរដ្ឋ​ការពារ​សិទ្ធិ សេរីភាព សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន បង្កើន​វិសាលភាព ប្រសិទ្ធិ​ភាព និង​គុណភាព សេវា​សាធារណៈ ពង្រឹង​ខឿន​ការងារ​ជាតិ​របស់​ប្រជាជន ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​កម្ពុជា​ឲ្យ​បាន​គង់វង្ស ។

បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​អភិវឌ្ឍ​ឆ្ពោះទៅ​រក​អនាគត​ដែល​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​បំផុត ។ ជីវភាព​ប្រជាជន​កាន់តែ​មានការ​ប្រែប្រួល​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ។ កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់​ឈរ ។

ដើម្បី​ចូលរួម​អបអរសាទរ​ជាមួយ​សមិទ្ធិ​ផល​ដ៏​ត្រចះត្រចង់​នេះ​កោះសន្តិភាព​សូម​លើកយក​អត្ថបទ​ស្តី​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​របស់​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧ ឬ​មួយ​អាណត្តិ​របស់​រាជ​រដ្ឋ​ភិ​បាល ដែល​៥​ឆ្នាំ​សម្រាប់​អាណត្តិ​ទី​៥​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា ជន​កម្ពុជា​កន្លង​មកនេះ សំណង់​អគារ ខ្ពស់ ទាប តូច ធំ​មានការ​រីក​ចម្រើន និង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ដែល​ការ​កើនឡើង​បែប​នេះ ដោយសារ​តែ​កម្ពុជា​កាន់តែ​មាន​ភាព​សុខសាន្ត​ជា​បន្តបន្ទាប់ គឺ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ និង​ជឿ​ទុកចិត្ត​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវ័យ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី ។

លោក​ឡៅ ទិព្វ​សីហា​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​សំណង់​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​បាន​ឲ្យ​ដឹង​ថា វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​កន្លង​មកនេះ គឺ​វិស័យ​សំណង់​នៅ​តែ​ជា​វិស័យ​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា គឺ​មាន​ច្រើន​វិស័យ ប៉ុន្តែ​វិស័យ​ដែល​យើង​មើលឃើញ និង​កត់សម្គាល់​ជាងគេ គឺ​វិស័យ​កាត់ដេរ ឧស្សាហ៍កម្ម ទេសចរ កសិកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ ។

វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​វិនិយោគ​សំណង់​អគារ និង​ការ​ទិញ​លក់​ដីធ្លី​តែ​ម្តង ។ នៅ​កម្ពុជា​មាន​គម្រោង​សាងសង់​ជា​ច្រើន​បាន​ផ្តើម​មាន​គំហុក​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទេស​ទទួល​បាន​នូវ​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សង្គម និង​មានការ​អភិវឌ្ឍន៍ គឺ​ចាប់ផ្តើម​ខ្លាំង​ពី​ឆ្នាំ​២០០៥ មានការ​វិនិយោគ លើ​វិស័យ​សំណង់​ខ្លាំង​តែ​ម្តង ហើយ​ការ​វិនិយោគ​នេះ​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។ ការ​ហូរ​ចូល​របស់​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​បរទេស​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ គឺ​មាន​សភាព​ខ្លាំងក្លា​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ថា មាន​ប្រៀប​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួតប្រជែង និង​ផ្តល់​កំណើន​ខ្ពស់​ក្នុង​ការ ជម្រុញ​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​កំណើន​៦.៥​ភាគរយ​ក្នុង​ឆ្នាំ​២០១០ និង​បន្ត​កំណើន​ក្នុង​រង្វង់​៧​ភាគរយ​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៧ ។

តាម​រយៈ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារពលកម្ម​នៃ​វិស័យ​សំណង់​បាន​បង្ហាញ​ថា វិស័យ​សំណង់​បាន​ស្រូប​យក​កម្លាំង​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៣​ម៉ឺន​នាក់ ទៅ​២៦​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ប្រាក់​ចំណូល​កម្មករ​ម្នាក់​ដែល​អត់​ជំនាញ​សោះ​បាន​ទទួល​ប្រាក់​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ កម្មករ​ដែល​មាន​ជំនាញ​បាន​ទទួល​ពី​៥​ម៉ឺន​ទៅ​៧​ម៉ឺន​រៀល មេជាង​បាន​ទទួល​ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ បើ​អ្នកបច្ចេកទេស ឬ​វិស្វករ និង​ស្ថាបត្យករ​ទទួល​បាន​ប្រាក់​ចំណូល​ពី​៥០០​ទៅ​៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។

ទាក់ទិន្ន​ទៅ​នឹង​ការ​រីក​ចម្រើន​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​ក្រៅប្រទេស​នៅ​ពេល​ពួក​គាត់​មក​លេង​ស្រុក​កំណើត​វិញ ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ថ្លែង​នូវ​ការ​កោត​ស​សើរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​មើលឃើញ​នូវ​ភាព​រីក​ចម្រើន ជា​ពិសេស​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ ក្នុង​ប្រទេស​របស់​ខ្លួន​មានការ​អភិ​វ​ឌ្ឃ​យ៉ាង​ឆាប់រហ័ស​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ