ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខិតខំ​រៀនសូត្រ បែរជា​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​នគរបាល​ស្នងការ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់ ដែល​​សង្ស័យ​មាន​គំនុំ​នឹង​គ្នា​ដោយ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ម៉ូតូ​២​គ្រឿង​របស់​ជន​រង​គ្រោះ​ចត​ទុក​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ខូចខាត ខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​ក្បែរ​នោះ ក្រោយ​ពី​បង្កហេតុ​រួច​ក៏​នាំ​គ្នា​គេច​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ តែ​រហូត​ដល់​ព្រឹក​នគរ​បាល​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​បក្ខពួក​ដទៃ​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​នគរបាល​ស្នងការ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់ ដែល​​សង្ស័យ​មាន​គំនុំ​នឹង​គ្នា​ដោយ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ម៉ូតូ​២​គ្រឿង​របស់​ជន​រង​គ្រោះ​ចត​ទុក​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ខូចខាត ខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​ក្បែរ​នោះ ក្រោយ​ពី​បង្កហេតុ​រួច​ក៏​នាំ​គ្នា​គេច​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ តែ​រហូត​ដល់​ព្រឹក​នគរ​បាល​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​បក្ខពួក​ដទៃ​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៧ មិថុនា ស្ថិត​នៅ​ចំណុច​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វុ​ធ ដេ​វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​បក្សពួក​មិន​ស្គាល់​អត្ត​សញ្ញាណ​មាន​គ្នា​ប្រហែល​១៦​នាក់​។ ចំណែក​ជន​រង​គ្រោះ ១-​ឈ្មោះ កែម ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គ្មាន​របួស តែ​ខូចខាត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ប៉ៃលិន 1C-5579 ខូច​ផ្នែក​ខាង​មុខ ២- ឈ្មោះ ឆាង វុ​ទ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា គ្មាន​របួស រង​ការ​ខូចខាត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ប៉ៃលិន 1C-2547 ខូច​ផ្នែក​ខាងក្រោយ ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​យក​ថ្មភ្នំ​គប់​រួច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ ចំណែក​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវ​នគរបាល​សួរនាំ រីឯ​ក្មេង​ទំនើង​ដទៃ​ទៀត​កំពុង​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​យក​មក​ដោះស្រាយ​តាម​ច្បាប់ ។

បើ​តាម​ប្រជាពលរដ្ឋ​រិះគន់​ថា នៅ​ក្មេង​ៗ​សោះ​មិន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ឱ្យ​មានចំណេះ​ដឹង​នៅ​ក្នុង​ខ្លួន​ចៀស​ផុត​ពី​ភាព​ល្ងង់ខ្លៅ និង​ភាព​ក្រីក្រ បែរជា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​វាយ​កាប់​ចាក់​គ្នា​ដែល​សង្គម​កំពុង​ស្អប់ខ្ពើម ។ ជា​ពិសេស​ឪពុក​ម្តាយ​គួរតែ​តាមដាន​មើល​សកម្មភាព​រៀនសូត្រ​របស់​កូន​ខ្លួន​ឱ្យ​បាន​ដិត​ដល់ មិន​ត្រូវ​បណ្តែតបណ្តោយ​បែប​នេះ​នាំ​ឱ្យ​ខូចអនាគត​នោះ​ទេ ព្រោះ​បើ​ខ្វះ​ការ​អប់រំ​ល្អ​ៗ​ពី​ឪពុក​ម្តាយ ពួក​គេ​នឹង​ទៅ​សេព​គប់​មិត្តភក្តិ​ដែល​មិនល្អ ប​ង្វ​ក់​ស្មារតី​ឱ្យ​ដើរ​តាម​ពួក​គេ​ក្លាយទៅជា​ក្មេង​គេច​សាលា​ជាក់​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ