ខេត្តប៉ៃលិន ៖ ដោយសារភ្លៀងធ្លាក់រាល់ថ្ងៃ ធ្វើឲ្យដំណាំពោតក្រហមរបស់កសិករជាច្រើននៅក្រុងប៉ៃលិន កំពុងទទួលរងការខូចខាតអស់ជាច្រើនហិកតា ខណៈចម្ការខ្លះពោតជិតដាក់ស្នៀតទៅហើយ ។
អ្នកស្រី ទូច ពៅ រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានប្រាប់កោះសន្ដិភាពថា អ្នកស្រីបានដាំពោតក្រហមចំនួន១ហិកតា ដែលមានចម្ងាយពីផ្ទះប្រហែល៣គីឡូម៉ែត្រ ។ បន្ទាប់ពីដំណាំនេះដុះលូតលាស់យ៉ាងល្អ និងជិតបញ្ចេញស្នៀតទៅហើយនោះ ស្រាប់តែភ្លៀងធ្លាក់រាល់ថ្ងៃ បណ្តាលឱ្យទឹកដក់រលួយគល់ខូចខាតអស់ទាំងស្រុងតែម្តង ។
អ្នកស្រីបន្តថា ៖« ខ្ញុំរំពឹងថា ក្រោយពេលប្រមូលផល នឹងលក់សងបំណុលគេ តែពេលនេះ ខ្ញុំពិតជាព្រួយបារម្ភចំពោះបញ្ហាជីវភាព ខណៈដំណាំក៏ខូច បំណុលក៏ជំពាក់ » ។
អ្នកស្រីបន្ដថា ៖« នៅតំបន់នេះ មិនត្រឹមតែដំណាំពោតរបស់ខ្ញុំទេ ដែលទទួលរងការខូចខាត សូម្បីតែចម្ការផ្សេងៗជាច្រើនទៀត ក៏បានខូចអស់ជាច្រើនផងដែរ ហើយបើសិនជាភ្លៀងនៅតែបន្តធ្លាក់ មើលទៅចម្ការដទៃទៀតក៏មានវាសនាដូចចម្ការខ្ញុំដែរ » ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិសួនអំពៅ ភូមិបាហ៊ីជើង ភូមិប៉ាហ៊ីត្បូង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបានដាំដំណាំពោតក្រហមដូចគ្នានេះដែរ ក៏បានលើកឡើងថា ដំណាំពោតរបស់ពួកគាត់ក៏ទទួលរងការខូចខាតអស់ជាច្រើនដែរ ។
ប្រជាពលរដ្ឋទាំងនេះនិយាយថា ពួកគាត់ប្រហែលជាមិនទទួលបានផលច្រើនប៉ុន្មានទេ នៅដើមរដូវឆ្នាំនេះ បើសិនជាភ្លៀងនៅបន្តធ្លាក់ហើយមិនត្រឹមតែដំណាំពោតប៉ុណ្ណោះទេ សូម្បីតែដំឡូងមីដែលស្ថិតនៅត្រង់តំបន់ទំនាប ក៏កំពុងទទួលរងការរលួយងាប់អស់ជាច្រើនគួរឱ្យកត់សម្គាល់ដែរ ធ្វើឲ្យម្ចាស់ចម្ការលាន់មាត់គ្រប់គ្នាថា ៖« នៅឆ្នាំថ្មីនេះ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំណាៗទាំងអស់ ដោយពួកគាត់មិនធ្លាប់ជួបប្រទះឡើយ » ។
ប្រធានមន្ទីរកសិកម្មខេត្ត លោក សាយ សុផាត បានឱ្យដឹងថា រហូតមកដល់ពេលនេះ ដំណាំពោតក្រហមនៅតាមចម្ការនីមួយៗក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅត្រង់កន្លែងដីទំនាប ទទួលរងការខូចខាតអស់ជាច្រើនហិកតា ដោយសារតែភ្លៀងធ្លាក់រាល់ថ្ងៃ ធ្វើឲ្យដំណាំទាំងនោះរលួយគល់ ។ ទោះយ៉ាងនេះក្ដី លោកមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ ស្តីពីការខូចខាតដំណាំរបស់ប្រជាពលរដ្ឋនៅឡើយទេ ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាកសិករទាំងអស់ដែលប្រកបរបរដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម បើសិនជាអាច សូមរៀបចំធ្វើការឈូសឆាយដីបង្កើតជាប្រឡាយទឹកបង្ហូរចេញ-ចូលទៅក្នុងអូរនៅក្នុងចម្ការរបស់ខ្លួនឱ្យបានច្រើន ទោះបីជាមានភ្លៀងធ្លាក់ច្រើនប៉ុនណា ក៏មិនព្រួយបារម្ភពីការដក់ទឹករងការខូចខាតដែរ ៕
ចែករំលែកព័តមាននេះ