ទោះជាក្នុងកាលៈទេសៈណាក៏ដោយបុគ្គលគប្បីមានការអត់ធន់ចំពោះពាក្យដែលអ្នកដទៃស្តីថា ពាក្យគេរិះគន់ ត្មះតិះដៀល ឬអំពើដែលគេបៀតបៀនជានិច្ច ព្រោះអំពើទាំងអស់នេះបើហ៊ានទោសៈតបនឹងនាំឱ្យខូចប្រយោជន៍ធ្ងន់ធ្ងរ ។
តាមធម្មតាមនុស្សដែលកើតមកក្នុងលោកសន្និវាសនេះដែលថាមិនឱ្យគេស្តីថា មិនឱ្យគេរិះគន់នោះពិតជាគ្មានទេ អម្បាលព្រះអាទិត្យ ព្រះចន្ទ ដែលឆ្លុះបំភ្លឺលោកជាប្រក្រតី ម្តេចក៏គង់នឹងមានគេតិះដៀលខ្លះដែរ ចុះចំណង់បើមនុស្សក្នុងលោកនឹងរកនរណាឱ្យជាមនុស្សឥតគេតិះដៀលនោះ ពិតជាមិនមានឡើយ ទុកជាព្រះសាស្តាបរមគ្រូជាម្ចាស់ ដែលប្រកបដោយមហាករុណាទិគុណ ក៏គង់មានគេតិះដៀលខ្លះដែរ ។ បើយល់ជាក់យ៉ាងនេះហើយ គួរឱ្យមានការអត់ធន់កុំក្រោធខឹងជានិច្ច ។
បោរាណាចារ្យទាំងឡាយ លោកសម្តែងប្រាប់ឧបាយ គឺយោបល់ជាគ្រឿងរំលត់សេចក្តីក្រោធខឹងថា បើទុកជាមានភ្នែកភ្លឺក៏ត្រូវធ្វើដូចជាងងឹត មានត្រចៀកស្តាប់ឮពិត ក៏ត្រូវធ្វើដូចជាគថ្លង់ ដូច្នេះទើបអត់ធន់នឹងសេចក្តីក្រោធខឹងនោះបាន ។
ប្រសិនបើធ្វើជាមនុស្សភ្នែកទិព្វ ត្រចៀកទិព្វចេះតែឃើញ ចេះតែឮ ហើយនៅជាបុថុជ្ជនចិត្តស្រាលផង ក៏នឹងរក្សាខន្តីសេចក្តីអត់ធន់នោះបានដោយកម្រណាស់ ។
ចែករំលែកព័តមាននេះ