ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចូលខ្លួន​បំភ្លឺ​សុំ​រឿង​លោក កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ដី​កោះ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ជា​សាក្សី​ខាង​មុខ​ក្នុង​សំណុំរឿង​របស់​លោក…

រាជធានី​ភ្នំពេញ ៖ លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ដី​កោះ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ជា​សាក្សី​ខាង​មុខ​ក្នុង​សំណុំរឿង​របស់​លោក កឹ​ម សុខា ដែល​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ពី​បទ «​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ។

លោកស្រី ចក់ សុភាព ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ដែល​ចៅក្រម​ស៊ើបសួរ​លោក គី ឫ​ទ្ធី ដែល​កាន់​សំណុំរឿង​របស់​លោក កឹ​ម សុខា បាន​កោះហៅ​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ។ ការ​គ្រោង​ចូល​បំភ្លឺ​នេះ​ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។

មជ្ឈមណ្ឌល​សិទ្ធិ​បាន​លើក​ឡើង​ថា មាន​មន្ត្រី​ចំនួន​៤​រូប​ក្នុង​ចំណោម​នោះ​ម្នាក់​ស្លៀក​សំលៀក​បំពាក់​នគរបាល​បាន​ប្រគល់​ដីកា​ដល់​លោកស្រី ចក់ សុភាព នៅ​គេហដ្ឋាន​របស់​លោកស្រី ។ តាម​ដីកា​នោះ​តម្រូវ​ឱ្យ​លោកស្រី​ត្រូវ​ចូល​ទៅ​បំភ្លឺ​ជា​សាក្សី​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​(​ជាន់​ទី​៣​បន្ទប់​គ​) ។

លោកស្រី ចក់ សុភាព បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រៅរបង​តុលាការ​ថា លោកស្រី​មិន​ចង់​និយាយ​លើ​ការ​តុលាការ​ច្រើន​ទេ តែ​លោកស្រី​លើក​ឡើង​ថា តុលាការ​បាន​សួរ​លោកស្រី​ជុំវិញ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ការងារ​របស​លោកស្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ផ្ទាល់ ។ កិច្ច​ការងារ​ច្រើន​ណាស់​នៅ​ក្នុង​នោះ​ទោះបី​លោកស្រី​ចូល​ធ្វើ​ការងារ​យូរ​ក្តី​តែ​មិនដឹង​អស់​ទេ ។

លោកស្រី​លើក​ឡើង​ថា «​តុលាការ​បាន​សួរ​ពី​ការងារ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក កឹ​ម សុខា និង​ការងារ​បច្ចុប្បន្ន​ខ្លះ​ដែរ​» ។ លោកស្រី​ថា មិន​និយាយ​លម្អិត​លើ​នីតិវិធីតុលាការ​ទេ ។ ការ​ចូល​បំភ្លឺ​នេះ​ជា​សាក្សី និង​ចង់​ឃើញ​នីតិវិធី​ជំនុំជម្រះ​ដោយ​យុត្តិធម៌​សម្រាប់​សាក្សី និង​ជនជាប់ចោទ ។

គួរ​រំលឹក​ថា​លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុងផ្ទះ​របស់​លោក​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្រោម​បទ​ចោទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ឬ​ក្បត់ជាតិ ។ បន្ទាប់​ពី​ខ្សែអាត់​សម្លេង​ក្នុង​វី​ដេ​អូ​ត្រូវ​បាន​គេ​បង្ហោះ​ភ្លាម​ដែល​លោក​បាន​និយាយ​នៅ​បរទេស​កំឡុង​ឆ្នាំ​២០១៣ ។ តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​ប្រសិនជា​តុលាការ​រក​ឃើញ​កំហុស​ដូច​ចោទ​លោក កឹ​ម សុខា ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥​ដល់​៣០​ឆ្នាំ ។

ជនជាប់ចោទ​លោក កឹ​ម សុខា ពេល​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​(​ម​៣)​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ចាប់តាំងពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​៦​ខែ​មក​ហើយ លោក​ត្រូវ​បាន​នាំ​មក​កាន់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​បើក​សវនាការ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​ហើយ​តុលាការ​បាន​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ៕

កែសម្រួលដោយ