ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយមើលៗផង ពិបាកធ្វើដំណើរខ្លាំងណាស់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជាប់​នឹង​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជាប់​នឹង​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​រិះគន់​ដល់​ម្ចាស់​ក្រុមហ៊ុន​ជីក​កកាយ​ដី​ដឹក​លក់​តាម​ភូមិ​ថា កំពុង​តែ​ធ្វើ​សកម្មភាព​បំផ្លាញ​ផ្លូវលំ​សា​ធារ​ណៈ​ឱ្យ​ទទួល​រង​នូវ​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញចូល​ទៅ​មក ដោយ​អ្នកខ្លះ​ធ្លាប់​ទទួល​រង​ការ​រអិល​ដួល​ប្រឡាក់​សម្លៀក​​បំពាក់ និង​រង​របួសស្រាល​ធ្ងន់ ថែម​ទៀត​ផង ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រថយន្ត​ក្រុមហ៊ុន​ដឹក​ដី​ជា​ច្រើន​គ្រឿង​រួម​ជាមួយនឹង​គ្រឿងចក្រ​ត្រូវ​បាន​គេ​យក​ទៅ​ជីក​កកាយ​ដី​ដឹក​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដែល​កំពុង​រៀបចំ​ពុះ​ដី​ឡូ​តិ៍លក់​នៅ​ក្បែរ​ៗ​ច្រក​ទ្វារ​អន្តរជាតិ​យ៉ាង​គគ្រឹកគគ្រេង​អស់​រយ​:​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​គឺ​បាន​បំផ្លាញ​ផ្លូវ​សាធារណៈ​តែ​ម្តង ។

រហូត​មក​ដល់​ពេល​នេះ​រថយន្ត​ទាំងនោះ​បាន​បំផ្លាញ​ផ្លូវ​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ​អស់​ជា​ច្រើន​កន្លែង​ដោយ​ក្លាយទៅជា​ជង្ហុក​តូច​ធំ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​របស់​ពួក​គាត់​តែ​អ្នកខ្លះ​មិន​ហ៊ាន​និយាយ​អ្វី​នោះ​ទេ ។ ម្យ៉ាងវិញទៀត​ពួក​គាត់​មិន​ធ្លាប់​ឃើញ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឬ​ខេត្ត​ណា​ម្នាក់​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ឬ​អប់រំ​ម្ចាស់​រថយន្ត​មិន​ឱ្យ​បន្ត​ដឹក​ដី ឬ​ឱ្យ​ជួសជុល​ផ្លូវ​ឡើង​វិញ​នោះ​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បានឱ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ថា​មាន​ក្រុមហ៊ុន​ដឹក​ដី​បាន​បំផ្លាញ​ផ្លូវ​នៅ​ភូមិ​របស់​លោក​ហើយ​ពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ឱ្យ​លោក​ជួយ​អន្តរ​គម​ន៍​ដើម្បី​លប់​ជង្ហុក​ទាំងនោះ​ឡើង​វិញ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​ទើប​ឃើញ​ម្ចាស់​គ្រឿងចក្រ​ឈូស​ពង្រាប​ឱ្យ​ស្មើ​ឡើង​វិញ ព្រោះ​ផ្លូវ​នោះ​មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ចេញចូល​ទៅ​មក​ទាំង​យប់​ទាំង​ថ្ងៃ​មានការ​លំបាក​យ៉ាង​ខ្លាំង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ភ្នាក់ងារ​ព័ត៌មាន កោះសន្តិភាព យើង​បាន​ទាក់ទង​សួរនាំ​ទៅ​ខាង​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ​តែ​លោក​បាន​ទទួល​ទូរស័ព្ទ​ហើយ​និយាយ​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​ៗ​តែ​ម្តង ។

ចំណែក​លោក អ៊ា​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ទទួល​ដំណឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ហើយ​ក៏​បានឱ្យ​ក្រុមការងារ​ចុះ​ទៅ​ហាមប្រាម​មិន​ឱ្យ​បន្ត​ទៀត ខណៈ​ពេល​នេះ​លោក​កំពុង​ជាប់រវល់​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ