ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook មានទាំងគុណ​សម្បត្តិ និងគុណវិបត្តិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពិតជា​ផ្ដល់​នូវ​ប្រយោជន៍​ច្រើន ប្រសិនបើ​អ្នក​ប្រើ​ចំ​គោលដៅ​ត្រឹមត្រូវ ប៉ុន្ដែ​វា​ក៏​ផ្ដល់​គ្រោះថ្នាក់​ផង​ដែរ ប្រសិនបើ​ការ​ចែកចាយ​ព័ត៌មាន​, រូបភាព​ឬ​វី​ដេ​អូ​នោះ ដោយ​មិន​បាន​គិត​គ្រប់​ជ្រុងជ្រោយ ។ មិនតែប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពិតជា​ផ្ដល់​នូវ​ប្រយោជន៍​ច្រើន ប្រសិនបើ​អ្នក​ប្រើ​ចំ​គោលដៅ​ត្រឹមត្រូវ ប៉ុន្ដែ​វា​ក៏​ផ្ដល់​គ្រោះថ្នាក់​ផង​ដែរ ប្រសិនបើ​ការ​ចែកចាយ​ព័ត៌មាន​, រូបភាព​ឬ​វី​ដេ​អូ​នោះ ដោយ​មិន​បាន​គិត​គ្រប់​ជ្រុងជ្រោយ ។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ជនខិលខូច​ប្រើប្រាស់​គណនី ឬ​ព័ត៌មាន​ផ្សេង​ៗ​ក្នុង​គោលដៅ​ទុច្ចរិត​នានា​ផង​ដែរ ហើយ​អ្នក​អាច​ក្លាយជា​ជន​រង​គ្រោះ​ដោយ​មិនដឹង​ខ្លួន ឬ​មហន្ដរាយ​ដល់​គ្រួសារ បងប្អូន​និង​សាច់ញាតិ​ក៏​ថា​បាន ។

មន្ត្រី​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ក្រើនរំឭក​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​ឈ្វេងយល់​បន្ថែម​ទៀត​ពី​ការ​ប្រើប្រាស់ ចៀសវាង​នាំទុក្ខ​ដាក់ខ្លួន​នៅ​ថ្ងៃ​ណាមួយ ។

លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គនា​គម​ន៍ បាន​ប្រាប់​កោះសន្ដិភាព​ថា ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ពិសេស​ហ្វេ​ស​ប៊ុ​ក ពិតជា​ផ្ដល់​ប្រយោជន៍​ច្រើន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​អាច​កសាង​ទំនាក់ទំនង​, បង្កើត​ធុរកិច្ច ឬ​ពាណិជ្ជកម្ម​សព្វបែបយ៉ាង ប្រសិនបើ​អ្នក​ប្រើ​ចេះ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​មួយ​នេះ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ប្រើ​មិន​បាន​ឈ្វេងយល់​ស៊ីជម្រៅ ហើយ​ចេះ​តែ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន បង្ហោះ​រូបថត វី​ដេ​អូ ឬ Check-in ប្រាប់​ទីតាំង​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ ហើយ​បង្ហោះ​ជា​សាធារណៈ នេះ​ជា​គ្រោះថ្នាក់​មួយ ប្រសិនបើ​មាន​ជនខិលខូច​ចង់​ព្យាបាទ ។

លោក ផា​ន់​ណា​រិ​ទ្ធ និយាយ​ថា ៖« ការ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន វា​បង្ហាញ​អំពី​ជម្រើស និង​គោលដៅ​ថា តើ​យើង​ចង់​ចែកចាយ​ព័ត៌មាន​ទៅ​អ្នក​ណា ? ទៅ​មិត្តភក្ដិ ជា​ក្រុម ឬ​ជា​លក្ខណៈ​សាធារណៈ ? » ។ លោក​ថា ៖« បើ​យើង​ចែករំលែក​ជា​សាធារណៈ មាន​ន័យ​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទូ​ទាំង​ពិភពលោក អាច​មើលឃើញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង​ហើយ ដែល​នេះ​វា​អាច​ជា​គ្រោះថ្នាក់​មួយ » ។

លោក​បញ្ជាក់​ថា ៖« ប្រ​សិន​ប្រាប់​ថា​យើង​កំពុង​ស្ថិត​នៅ​កន្លែង​ណាមួយ ហើយ​មាន​អ្នក​ណា​មាន​បំណង​មិនល្អ​មក​លើ​យើង គេ​ដឹង​ថា​យើង​កំពុង​ស្ថិត​នៅ​កន្លែង​ណា គេ​អាច​ទៅ​ធ្វើអំពើ​មិនល្អ​បាន​នៅ​ទីនោះ ឬ​ម្យ៉ាងទៀត គេ​អាច​មក​ធ្វើទុក្ខបុកម្នេញ​នៅ​លំនៅ​ឋាន​យើង​ក៏​បាន ដោយសារ​យើង​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​ហើយ​។ ម្យ៉ាងទៀត វា​អាច​មាន​ករណី​កើត​ឡើងជា​ច្រើន​ទៀត ដែល​យើង​នឹក​ស្មាន​មិន​ដល់ ដូច​ជា គេ​យក​រូបយើង​ហើយ​បង្កើត​គណនី​ថ្មី​សម្រាប់​បោកប្រាស់​អ្នក​ដទៃ ឬ​លួច​គណនី​ផ្ទាល់ខ្លួន​យើង​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​ទុច្ចរិត​ផ្សេង​ៗ​ទៀត ហើយ​អ្នក​អាច​ក្លាយជា​ជន​រង​គ្រោះ​នៅ​ថ្ងៃ​ណាមួយ » ។

លោក​បញ្ជាក់​ថា ៖« ជា​រួម បើសិនជា​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម មិន​បាន​យល់​ដឹង​អំពី​ព័ត៌មាន​ឯកជន​ភាព​ថា​ជា​រឿង​សំខាន់ មិន​បាន​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​អាច​ក្លាយជា​ជន​រង​គ្រោះ​វិញ ដោយសារ​ព័ត៌មាន​ទាំងនោះ ។ បើសិន​អ្នក​ណាមួយ​មាន​គោលបំណង​មិនល្អ គឺ​គេ​អាច​តាមដាន​យើង ហើយ​ធ្វើបាប​យើង​ដោយ​ងាយស្រួល » ។

បើ​តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍ គិត​ត្រឹម​ដើមឆ្នាំ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ចំនួន​ប្រមាណ​៧​លាន​នាក់ ក្នុង​នោះ​៨១%​ប្រើប្រាស់​តាម​ទូរស័ព្ទ ខណៈ​អ្នក​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​១០​លាន​នាក់ ស្មើនឹង​៦៧%​នៃ​ប្រជាពលរដ្ឋ​សរុប និង​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ស៊ី​មកា​ត​សព្វថ្ងៃ មាន​ប្រមាណ​២០​លាន​ស៊ី​ម ខណៈ​ប្រជាពលរដ្ឋ​សរុប​មាន​តែ​ប្រមាណ​១៦​លាន​នាក់​ប៉ុណ្ណោះ ។ បើ​ទោះបីជា​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ច្រើន​ក្ដី ប៉ុន្តែ​ចំណេះដឹង​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​ភាព​របស់​ពួក​គេ​នៅ​មាន​កម្រិត​នៅឡើយ ។

លោក ហ៊ី បូ​រិ​ន បុគ្គលិក​បម្រើ​ការ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​មួយ​បាន​និយាយ​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មិនសូវ​ជា​ខ្វល់ ឬ​ព្រួយបារម្ភ​អំពី​ការ​បាត់​ព័ត៌មាន​ផ្ទាល់ខ្លួន​នោះ​ទេ នៅ​ពេល​ចែករំលែក​ព័ត៌មាន​ជា​សាធារណៈ ។

លោក​និយាយ​ថា ៖« អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ថត​ទី​តាំងនៅ​ក្នុងផ្ទះ​ខ្លួនឯង ឬ​សកម្មភាព​ផ្សេង​ៗ រួច​ចែករំលែក​ជា​សាធារណៈ អីចឹង បើ​មាន​ជន​ណា​ម្នាក់​មាន​បំណង​អាក្រក់ គេ​អាច​លួច​ចូល​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​បាន​យ៉ាង​ស្រួល ។ មួយវិញទៀត អ្នកមួយ​ចំនួន​បាន​ថតរូប ឬ​វី​ដេ​អូ ដែល​មាន​លក្ខណៈ​ផ្ទុយ​នឹង​ច្បាប់ នៅ​ពេល​សមត្ថកិច្ច​ដឹង អាច​នាំទុក្ខ​ដាក់ខ្លួន​ដែល​ករណី​បែប​នេះ​កើត​ឡើងជា​ញឹកញាប់​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន ។ ដូចនេះ ព័ត៌មាន​ឯកជន​ភាព ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​នេះ វា​សំខាន់​ណាស់ កុំ​ចេះ​តែ​ចែករំលែក​ផ្តេសផ្តាស » ។

បើ​តាម​លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ដើម្បី​ជៀសវាង​ក្លាយជា​ជន​រង​គ្រោះ អ្នក​ប្រើប្រាស់​គួរ​ឈ្វេងយល់​បន្ថែម​តាម​រយៈ​មិត្តភក្តិ ឬ​ទទួល​ការ​បណ្តុះបណ្តាល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​កុំ​ចេះ​តែ​បង្ហោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​ដែល​មិន​គួរ​ឲ្យ​គេ​ដឹង ហើយ​មិន​គួរ​ចុច ​Like​ ឬ​ Share ​នូវ​ព័ត៌មាន​ដែល​ខ្លួន​យល់​ថា​មិន​ត្រឹមត្រូវ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ