ជន​ពិការ​មាន​សមត្ថភាព​ធ្វើការ​ងារ​បាន​សូមកុំ​អស់សង្ឃឹម


ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ​ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​តាំងពី​ខែកក្កដា ឆ្នាំ​២០០៩ បាន​កំណត់​ថា ៖ ក្រសួង​ស្ថាប័នរដ្ឋ​ដែល​មាន​មន្ត្រីរាជការ​ចាប់ពី​៥០​នាក់​ឡើង​ទៅ​ត្រូវ​មាន​ជន​ពិការ​ដែល​មាន​សមត្ថភាព​ធ្វើ​ការងារ​ក្នុង​អត្រា​២% ។

ចំណែក​នីតិបុគ្គល​ដែល​មាន​កម្មករនិយោជិត​ចាប់ពី​១០០​នាក់​ត្រូវ​មាន​ជន​ពិការ​ដែល​មាន​សមត្ថភាព​ធ្វើ​ការងារ​ក្នុង​អត្រា​១% ។ ចំពោះ​ការ​មិន​អុ​វត្ត​ន៍​តាម​ច្បាប់​ស្តី​ពី​ជន​ពិការ​នេះ​ប្រធាន​ស្ថាប័នរដ្ឋ និង​ត្រូវ​ទទួល​ការ​ផាកពិន័យ​កាត់​ប្រាក់ខែ​៥០%​របស់​ខ្លួន ។ ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ឯកជន​វិញ គឺ​ត្រូវ​ធ្វើការ​ផាកពិន័យ​ប្រាក់​ចំនួន​៦​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៦​ឆ្នាំ​តាម​ច្បាប់​កំណត់​ផង​ដែរ ។
លោក ឯម ច​ន្ទ័​មក​រា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ជន​ពិការ​តាម​រយៈ​ការ​លើកកម្ពស់​កំណើន​ការងារ និង​អាជីព​សម​ស្រប​សម្រាប់​ជន​ពិការ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​សមរម្យ ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​កំពង់ឆ្នាំង ។

លោក​បាន​បន្ត​ថា ៖ គោលបំណង​នៃ​សិក្ខាសាលា​នេះ​ក្រសួងទេសចរណ៍​ជុំរុញ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រុង ឲ្យ​ចូលរួម​រៀបចំ​កែសម្រួល​ធ្វើ​ជម្រាល​បន្ទប់ទឹក ធ្នាក់​ដៃ​ក្នុង​បន្ទប់ទឹក ចំណត​អាទិភាព ផ្លា​ក​សញ្ញា​សម្គាល់ ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការ​ភាព និង​ការ​ដាក់​ហិប​មូលនិធិ​សម្រាប់​ជន​ពិការ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម មាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន រមរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ដើម្បី​រួមចំណែក​ជួយ​ដល់​ជន​មាន​ពិការ​ភាព​របស់​យើង ។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ក្រុមការងារ​ក្រសួងទេសចរណ៍​ក៏​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​កិច្ច​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​ចាក់​ស្លាយ​អប់រំ ពន្យល់​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​រមរ​ណី​យ​ដ្ឋា​ន ដែល​បាន​ចូលរួម​ឲ្យ​បាន​យល់​ផង​ដែរ ដើម្បី​ចូលរួម​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​បាន​សម​ស្រប និង​ចូលរួម​អនុវត្តន៍​ច្បាប់​ស្តី​ពី​ជន​ពិការ​ឲ្យ​បាន​ប្រសើរ ។

ដោយឡែក​ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ទទួល​បន្ទុក​វិស័យ​ទេសចរណ៍​បាន​ថ្លែង​ក្នុង​ពេល​បិទ​សិក្ខាសាលា​នេះ​ថា ៖ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ឯកឧត្តម សូម​អំពាវនាវ​ដល់​ម្ចាស់​សេវាកម្ម​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ជន​ពិការ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ព្រោះថា ជន​ពិការ​យើង​មួយ​ចំនួន គឺជា​អ្នក​មានគុណ​ដែល​បាន​លះបង់​សាច់ឈាម​ដៃជើង ដើម្បី​ជាតិ ដើម្បី​សុខ​សន្តិភាព​ដូច​សព្វ​ថ្ងៃនេះ ។

ទន្ទឹម​គ្នា​នេះ​ដែរ​អាជ្ញាធរ​ខេត្ត​ក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ និង​កំណត់​រួច​មក​ហើយ​ថា ៖ បើ​ម្ចាស់​សេវាកម្ម​ទាំងអស់​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍ និង​ច្បាប់​ស្តី​ពី​ជន​ពិការ​នេះ​ទេ​អាជ្ញាធរ​ខេត្ត​នឹង​បិទ​អាជីវកម្ម​ដោយ​មិន​ចុះហត្ថលេខា​បន្ត​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ឲ្យ​ទៀត​ឡើយ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ