ជឿទេដែលថា បាតដៃរបស់មនុស្សយើងអាចកំណត់ពីជោគជតារាសីរបស់ខ្លួន ។ បាតដៃរបស់មនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ គឺមានសភាពខុសប្លែកពីគ្នា ហើយបាតដៃនេះក៏អាចដឹងពី ជោគវាសនារបស់យើងបានដែរ។ បើតាមក្បួនតាំងពីចាស់ជាន់ដើមលោកបានចែកប្រភេទនៃបាតដៃនេះជា៤ប្រភេទ និងបានបង្ហាញឲ្យឃើញពីលក្ខណៈនៃបាតដៃនីមួយៗដូចតទៅ។
១-បាតដៃដែលប្រពៃនោះគឺ សាច់ខ្នងដៃឡើង.ងខ្ពង់ដូចខ្នងអណ្ដើក កណ្ដាលបាតដៃខួចដូចគូទខ្យង ថ្នាំងដៃរលីងស្មើស្អាត អញ្ចាញដៃមានខ្សែតូចល្អិតឆ្មារដូចសូត្រពណ៌ក្រហម សាច់ក្រាស់ទន់ល្មើយដូចសំឡី និងមានសភាពក្ដៅឧណ្ឌៗជានិច្ច បើអ្នកណាមានបាតដៃដូចពោលមកនេះ គង់នឹងជាអ្នកមានទ្រព្យច្រើន និងបុណ្យវាសនា ល្អប្រពៃ ។
២-មនុស្សណាមានខ្នងដៃសរសៃឡើងប៉ោង បាតដៃសាច់រឹងកំព្រឺស អ្នកនោះជាមនុស្សរឹងមាំ ជាអ្នកនឿយហត់ច្រើន បើសរសៃរៀបរយ សាច់ណែនហាប់ល្អជាអ្នកមានលុយច្រើន, បើស្បែកបាតដៃ និងខ្នងដៃ មានពណ៌សាច់ដូចគ្នា ជាមនុស្សមានបុណ្យវាសនាល្អ មានទ្រព្យមហាសាល តែបើបាតដៃខ្មៅជាងខ្នងដៃ ជាអ្នកខ្សត់ទ្រព្យ ខ្សត់អ្នករាប់អាន ។
៣- លក្ខណៈបាតដៃពណ៌ខ្មៅស្រអ័ព្ទ សរសៃធំថ្លោស ស្បែករឹង គគ្រាត ស្ងួត ក្រៀម ខ្លោច ឆ្អឹងធំឡើងកោងខ្ពស់ ជាមនុស្សច្រើនជួបការលំបាក ហើយជីវិតក៏មិនបានរស់នៅយឺនយូរផងដែរ ។
៤-រីឯអ្នកដែលមានខ្នងដៃឆ្អឹងឡើងខ្ពស់ អ្នកនោះត្រូវនឿយព្រួយច្រើនតាំងពីតូចមក បាត់ដៃធំ ម្រាមខ្លី អ្នកនោះច្រើនត្រូវគេចាំចាប់កំហុស ត្រូវគេស្តីបន្ទោស រាល់ថ្ងៃ ឆ្អឹងធំ សរសៃអណ្ដែតឡើង អ្នកនោះបានសុខតិចណាស់ តែជាអ្នកមានទុក្ខព្រួយច្រើន, ខ្លួនតូច ដៃធំ ច្រើនជាអ្នកចាយវាយប្រាក់កាក់មិនគិត គឺមាន១ពាន់ចាយ២ពាន់ ។
ចែករំលែកព័តមាននេះ