ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ព្រ​លាន​យន្ដហោះ​ថ្មី​នៅ​ស្រុក​កណ្ដាលស្ទឹងត្រូវ​បាន​លុប​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ថ្មី ដែល​រាជរដ្ឋាភិបាល​ប្រកាស​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​២​ពាន់​ហិ​កតា ស្ថិត​ក្នុង​បឹង​រៀន ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​នោះ ពេល​នេះ បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល បាន​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ គម្រោង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ថ្មី ដែល​រាជរដ្ឋាភិបាល​ប្រកាស​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​២​ពាន់​ហិ​កតា ស្ថិត​ក្នុង​បឹង​រៀន ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​នោះ ពេល​នេះ បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល បាន​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ម្សិលមិញ​ថា គម្រោង​នេះ​ត្រូវ​បាន​ប្រកាស​លុប​ចោល​ហើយ ដោយសារ​តែ​លក្ខខណ្ឌ​, បច្ចេកទេស និង​ស្ថានភាព​នគរូបនីយកម្ម ដែល​ជា​លទ្ធផល​បន្ទាប់​ពី​អ្នកជំនាញ​ចិន​ធ្វើការ​សិក្សា​ចប់ ។

ប្រភព​ដែល​បាន​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា ៖« គម្រោង​ព្រ​លាន​យន្តហោះ​នៅ​ស្រុក​កណ្តាលស្ទឹង ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​ចិន ត្រូវ​បាន​លុប​ចោល​ដោយ​ស្ងាត់​ៗ​ហើយ ដោយសារ​ហេតុផល​សំខាន់​ៗ​ចំនួន​៣ គឺ​ទី​១ ទីតាំង​ព្រ​លាន​យន្តហោះ​នេះ ស្ថិត​នៅ​លើ​ផ្ទៃ​បឹង ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​សាងសង់ ដោយសារ​តែ​ដី​នៅ​ខាងក្រោម​ជ្រាយ ។ បន្ទាប់​ពី​អ្នកជំនាញ​ចិន​បាន​សិក្សា​ចប់ ពួក​គេ​បាន​លើក​ជា​យោបល់​ថា ព្រ​លាន​យន្តហោះ​នៅ​ទីតាំង​នេះ មិន​អាច​សាងសង់​បាន​ទេ ។

ហេតុផល​ទី​២ ទីតាំង​ព្រ​លាន​យន្តហោះ​នេះ​ស្ថិត​នៅ​ជិត​ក្រុងភ្នំពេញ​ពេក ព្រោះ​រយៈពេល​យ៉ាង​យូរ​១០​ឆ្នាំ​ទៀត ទីក្រុង​ភ្នំពេញ នឹង​រីក​ទៅ​ដល់​តំបន់​ខាងលើ​នោះ​ហើយ និង​ហេតុផល​ទី​៣ ព្រ​លាន​យន្តហោះ​នេះ ស្ថិត​នៅ​ក្បែរ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពេក ហេតុនេះ ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ នឹង​ត្រូវ​លុប​ចោល​ដោយសារ​លក្ខខណ្ឌ​ទីតាំង បច្ចេកទេស និង​នគរូបនីយកម្ម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​ស​.​ជ​.​ណ ប្រកាស​លុប​ចោល​ផង​ដែរ »​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ៖« បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កំពុង​សិក្សា​ជា​ថ្មី​នៅ​ទីតាំង​ព្រ​លាន​យន្តហោះ​ចាស់​ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ព្រ​លាន​នេះ​មាន​ស្ថាន​ភាពល្អ​ប្រសើរ និង​ទីតាំង​ថ្មី​មួយទៀត​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ ។ ទោះបី​យ៉ាងនេះ​ក្ដី ការ​សិក្សា​លម្អិត និង​បញ្ចប់​នៅ​ពេល​ណា ហើយ​ជ្រើសរើស​ទីតាំង​ណាមួយ​ពិតប្រាកដ​នោះ នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ » ។

គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង គ្រា​ដែល​លោកនាយក​រដ្ឋមន្ត្រី​ចិន​រូប​នេះ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីដើម​ឆ្នាំ​នេះ ។
ការ​លេច​ចេញ​នូវ​គម្រោង​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​ជុំវិញ​នោះ​ហក់​ឡើង​ដូច​ពពុះ​សាប៊ូ ថែម​ទាំង​មាន​បាតុភាព​កើតឡើង​ទៀត​ផង ពិសេស​ឈ្មួញ​ដីធ្លី​សប្បាយ​នឹង​ទិញ​លក់​យកចំណេញ តែ​ពេល​នេះ ក៏​មាន​អ្នក​ទឹកភ្នែក​មិន​ចេញ​ដែរ ។

អ្នកជំនាញ​អចលនទ្រព្យ និង​សេដ្ឋកិច្ច លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ធ្វើ​ជំនួញ​សូមកុំ​រេ​តាម​ខ្យល់ ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ បើសិន​នៅ​តែ​រេ​តាម​ខ្យល់ ពួក​គេ​អាច​នឹង​ក្លាយជា​ជន​រង​គ្រោះ​ដោយ​មិនដឹង​ខ្លួន ។
លោក​បន្ត​ថា ៖« ការ​ប្រកាស​សាងសង់​ព្រ​លាន​នេះ ហើយ​អាច​លុប​ចោល​វិញ វា​នឹង​ធ្វើ​ឲ្យ​សាធារណជន​បាត់បង់​ទំនុកចិត្ត ។ ហេតុនេះ​ប្រជាពលរដ្ឋ​គួរ​ប្រមូល​ព័ត៌មាន តាមដាន​ឲ្យ​បាន​លម្អិត​សិន មុន​នឹង​សម្រេចចិត្ត ទើប​មិន​មាន​ហានិភ័យ​ក្នុង​ការ​វិនិយោគ​របស់​ខ្លួន » ។ លោក​ថា ៖« ខ្ញុំ​ធ្លាប់​វាយតម្លៃ​ហើយ​ថា ទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​ហ្នឹង វា​នៅ​កៀក​ក្រុង​ពេក ហើយ​ការ​ជ្រើសរើស​ទីតាំង​នេះ វា​មិន​សម​ហេតុផល​នោះ​ទេ » ។
លោក​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ថា គួរ​កុំ​យក​វាសនា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទៅ​ពឹងផ្អែក​អ្នក​ដទៃ ព្រោះ​វា​មិនមែន​ជា​ជម្រើស​ល្អ​ទេ ។

អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភី​រុន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៤ មិថុនា ម្សិលមិញ​ថា លោក​មិន​ដែល​បានដឹង និង​ទទួល​សំណើ​ណាមួយ​ពី​ក្រុមហ៊ុន​OCIC ដើម្បី​ស្នើ​វិនិយោគ​គម្រោង​ព្រ​លាន​យន្តហោះ​នេះ​ទេ ។

លោក​បន្ត​ថា ៖« ព័ត៌មាន​កន្លង​មក ជា​ការ​និយាយ​ត​ៗ​គ្នា គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ »​។
យោង​តាម​លិខិត​ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ​១៣១៩ ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ផ្ញើ​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ដោយ​យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​ឯកភាព​ឲ្យ​បង្កើត​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អុ​ិ​ន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co., Ltd) ជា​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង​ឯកជន (PPP) ក្នុង​គោលបំណង​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់​4F ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លើ​ផ្ទៃដី​២.៦០០​ហិ​កតា ក្រោម​ទុន​វិនិយោគ​រួម​ប្រមាណ​១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​នោះ កម្ចី​ពី​ធនាគារ​បរទេស​ចំនួន​១.១០០​លាន​ដុល្លារ​អា​មេ​រិ​ក​, កម្ចី​ពី​ភាគទុន​OCIC ចំនួន​២៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដើមទុន​ចុះបញ្ជី​ចំនួន​១២០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ