ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​បុរាណ​ថ្ងូរ​រឿង​ចំណូល​ បើ​ប្រៀប​នឹងសម័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិល្បករ​បុរាណ​ជា​ច្រើន​លើក​ឡើង​ថា ហាក់​មាន​គម្លាត​គ្នា​ឆ្ងាយ​បើ​ប្រៀប​ជាមួយ​សិល្បករ​សម័យ បើ​និយាយ​ពី​កត្តា​ជីវភាព និង​ទីផ្សារ​នៃ​ការ​សម្តែង ។ អ្នកសិល្បៈ​ទាំងនោះ​យល់​ថា អ្នកសិល្បៈ​បុរាណ​គឺ​ពិបាក​រក​លុយ​ជាង​សិល្បៈ​សម័យ ដោយហេតុ​ថា…

រាជធានី​ភ្នំពេញ ៖ សិល្បករ​បុរាណ​ជា​ច្រើន​លើក​ឡើង​ថា ហាក់​មាន​គម្លាត​គ្នា​ឆ្ងាយ​បើ​ប្រៀប​ជាមួយ​សិល្បករ​សម័យ បើ​និយាយ​ពី​កត្តា​ជីវភាព និង​ទីផ្សារ​នៃ​ការ​សម្តែង ។

អ្នកសិល្បៈ​ទាំងនោះ​យល់​ថា អ្នកសិល្បៈ​បុរាណ​គឺ​ពិបាក​រក​លុយ​ជាង​សិល្បៈ​សម័យ ដោយហេតុ​ថា សម័យនេះ​គឺ​យុវវ័យ​ភាគច្រើន​ហាក់​មិនសូវ​ឲ្យ​តម្លៃ​លើ​សិល្បៈ​បុរាណ​ឡើយ ប៉ុន្តែ​ពួក​គេ​ឲ្យ​តម្លៃ​លើ​សិល្បៈ​សម័យ ។

យ៉ាងណា​ក៏​ដោយ​ការ​លើក​ឡើង​នេះ​ក៏​មិន​អាច​ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ដែរ ក្នុង​ពេល​ដែល​អ្នកសិល្បៈ​បុរាណ​ខ្លះ​ក៏​មាន​ទីផ្សារ​ស្ទើរ​មិន​ដាច់​សូរ និង​មាន​ជីវភាព​មួយ​ល្អ​ប្រសើរ​ផង​ដែរ ។

ជា​អ្នក​ចាប៉ី​ដង​វែង​លោក​សាន សុវណ្ណ​ឌឿ​ន បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​សិល្បៈ​បុរាណ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សិល្បៈ​សម័យ​ដោយសារ​តែ​សិល្បៈ​បុរាណ​គឺ​គេ​មិន​សូវ​ជា​ឲ្យ​តម្លៃ​នោះ​ឡើយ ។ បុរាណ​ទោះ​ពូកែ​យ៉ាងណា​ក៏​មិន​ទាន់​គេ​សម័យ​ដែរ​ទាំង​កម្ម​វិធី​ទូរទស្សន៍ សម័យ​គេ​មាន​ម្ចាស់​ឧបត្ថម្ភ ចំណែក​បុរាណ​គ្មាន​កម្មវិធី​១​ទេ​ពេល​នេះ ។ គេ​សម័យ​រក​ចំណូល​បាន​ច្រើន​ជាង បើ​ល្បី​វិញ​គេ​ស៊ី​មួយ​កម្មវិធី​រាប់​ពាន់​ដុល្លារ គេ​មាន​concert ច្រៀង​ម្តង​៤​ទៅ​៤​បទ​រាប់​ពាន់ បើ​បុរាណ​នៅ​ផ្អាប់​កន្លែង​លេង​ហ្នឹង​រាប់​ម៉ោង ហើយ​គ្នា​ច្រើន តម្លៃ​មិន​ស្មើនឹង​គេ​ម្នាក់​ផង ។ មនុស្ស​ល្បី​ដោយសារ​គេ​មាន​កន្លែង​ផ្សាយ​ឱ្យ តែបើ​សមត្ថភាព​មាន​ហើយ​គ្មាន​កន្លែង​លេង​ក៏​ទៅ​មិន​រួច​ដែរ គឺ​បាត់​ដោយ ឯង​ៗ ។

សិល្ប​:​រស់​បាន មាន​ក្រសួង​បី​ដែល​ពាក់​ព​ន្ធ័ ១​ក្រសួង​វប្បធម៌ ២​ក្រសួង​ព័ត៌មាន និង​៣​ក្រសួងទេសចរណ៍ នេះ​គឺ​ការ​មើលឃើញ​របស់ខ្ញុំ​។ សិល្ប​:​បុរាណ​គឺជា​ព្រលឹង​ជាត វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ស្គាល់​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​នែ​ប្រទេស​ជាតិ​យើង »​។

ជាតា​រា​កំប្លែង និង​ជា​អ្នកលេង​ភ្លេងបុរាណ​ម្នាក់​ផង​នោះ​លោក ខាត់ ចំរើន ហៅ​នាយ កន្តេះឡង់ អះអាង​ថា ស្ទើរ​គ្រប់​ទម្រង់​សិល្បៈ​បុរាណ​ទាំងអស់​ហាក់​ពិបាក​រក​ប្រាក់​ណាស់​នា​សម័យនេះ ព្រោះ​ដោយ​របកគំហើញ​នៃ​វប្បធម៌​បរទេស​បាន​ហូរ​ចូល​មក​យ៉ាង​ច្រើន​។ បញ្ហា​នេះ​យើង​ក៏​មិន​អាច​បន្ទោស​ខាង​ណា​ដែរ ដោយសារ​តែ​ទស្សនិកជន​ខ្មែរ​មានការ​និយម និង​ទទួលយក​វប្បធម៌​បរទេស​លឿន​ខ្លាំង​មែនទែន ពោល​ឲ្យ​តែ​មាន​អ្វី​ប្លែង​គឺ​តាម​ភ្លាម ។ ជា​ឧទាហរណ៍​បទ​ចម្រៀង​បច្ចុប្បន្ន​ចេញ​ភ្លាម​គឺ​និយម​បាក់ទឹកបាក់ដី ប៉ុន្តែ​ភាព​ល្បី​នោះ​គឺ​មិន​បាន​ស្ថិត​ស្ថិរ​យូរអង្វែង​ដូច​សម័យ​មុន​ឡើយ វា​ក៏​ឆាប់​សាប​រលាប​​ទៅ​វិញ​ផង​ដែរ ។

តួយ៉ាង​ដូច​ជា​សិល្បៈ​កំប្លែង ដែល​បច្ចុប្បន្ន​គឺ​ស្ទើរតែ​គេ​បំបាត់​ចោល​ទាំងស្រុង​ទៅ​ហើយ ដោយសារ​មិនសូវ​មានការ​គាំទ្រ​ខ្លាំង​ដូច​មុន ។ ពី​ដើម​នៅ​ពេល​កម្មវិធី​តន្ត្រី​មួយ​គេ​តែង​តែ​ដាក់​កំប្លែង​នៅ​ចុង​ម៉ោង​កម្មវិធី តែ​ឥឡូវ​ប្រសិនបើ​ដាក់​ចុង​ម៉ោង​នោះ​គឺ​មាន​ទស្ស​និក​ជន​គាត់​ដើរ​ចេញ ហេតុនេះ​អ្នក​រៀបចំ​កម្មវិធី​ត្រូវ​បំបិទ​កំប្លែង ហើយ​ដាក់​តារាចម្រៀង​កិត្តិ​យស​ដែល​ល្បី​នៅ​ចុង​កម្មវិធី​វិញ ។

អ្នករៀន​កំប្លែង​ជំនាន់​លោក​គឺ​មាន​ច្រើន​ណាស់ ហើយពី​ដើម​ឡើយ​កំប្លែង​ដែល​លេចធ្លោ​គឺ​កំប្លែង​តាម​រយៈ​ត្លុក​ល្ខោនបាសាក់ យីកេ និង​អា​យ៉ៃ​រឿង​ដែល​មានការ​ពេញ​និយម និង​ជា​ចំណី​អារម្មណ៍​ដ៏​ពិសេស​មួយ​សម្រាប់​ទស្សនិកជន​បាន​សើច​សប្បាយ ។ ប៉ុន្តែ​ដល់​ពេល​​ឥឡូវ​គេ​ទាត់​អ្នក​កំប្លែង​ចោល​តែ​ម្តង ហើយ​សម្រាប់​អ្នក​កំប្លែង​នេះ​ទៀត​សោត ប្រសិន​បើ​មិន​ចេះ​អ្វី​ក្រៅពី​នេះ​គឺ​ដាច់​បាយ​តែ​ម្តង ។

លោក​ខាត់ ចំរើន ស្នើ​ឲ្យ​ទស្សនិកជន​ទាំងអស់​ជួយ​ផ្តល់​តម្លៃ​ដល់​អ្នកសិល្បៈ​បុរាណ​ផង ព្រោះ​កាលពីដើម​ឡើយ​មាន​តែ​សិល្បៈ​បុរាណ​នេះ​ប៉ុណ្ណោះ​ដែល​ជា​អ្នកបម្រើ​អារម្មណ៍​ទស្សនិកជន ដោយ​មិន​មាន​សម័យ​នោះ​ឡើយ ។

អ្នក​រាំ និង​អ្នក​បង្ហាត់​របាំ​ល្ខោនខោល​លោក ហង់ ភូមិ​រ៉ា លើក​ឡើង​ថា ក្នុង​សម័យ​ដ៏​ទំនើប​​នេះ​យុវវ័យ​ភាគច្រើន​បាន​នាំ​គ្នា​ងាក​ទៅ​រក​សិល្បៈ​សម័យ​ស្ទើរ​ទាំងស្រុង ដោយ​ពួក​គេ​ហាត់​មិន​អើពើ​នឹង​សិល្បៈ​បុរាណ​នោះ​ឡើយ ។ លោក​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​បុរាណ​គឺ​គាត់​នៅ​តែ​មក​គាំទ្រ ប៉ុន្តែ​អ្នក​ដែល​មិន​ឲ្យ​តម្លៃ​សិល្បៈ​បុរាណ​ទោះជា​អូស​ដៃ​គាត់​​មក​ទៀត​ក៏​មិន​មក​ដែរ តែ​សំខាន់​យើង​ទាំងអស់​គ្នា​ដែល​ជា​អ្នក​ស្រឡាញ់​ត្រូវ​ថែរក្សា​ឲ្យ​បាន ។

បើ​តាម​លោក​ហង់ ភូមិ​រ៉ា ថា​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​លោក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​គឺ​មិន​សំដៅ​ទាំងស្រុង​លើ​ប្រាក់​ចំណូល​ឡើយ ដោយពេល​ខ្លះ​មាន​ទាំង​ចេញ​លុយ​ខ្លួនឯង​ផង គឺ​សម្រាប់​តែ​ពួក​គាត់​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ដឹង និង​ចេះ​ស្រឡាញ់​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ​លោក​ស៊ូ ផល្លា ដែល​ជា​រៀមច្បង​ក្នុង​អាជីព​សិល្បៈ​បុរាណ​ខ្មែរ​បាន​អះអាង​ថា ជា​ការ​ជាក់ស្តែង​តាម​ការ​សង្កេត​របស់​លោក​អ្នកសិល្បៈ​សម័យ ល្មម​ៗ​គឺ​រក​លុយ​មិន​ទាន់​អ្នក​បុរាណ​ទេ ប៉ុន្តែ​អ្នក​បុរាណ​ទាំងនោះ​មិនមែន​ភាគច្រើន​ឡើយ ។ ជាក់ស្តែង​ដូច​ជា​រូប​លោក​ផ្ទាល់​គឺ​ពី​ដើម​មក​ដល់​ឥឡូវ​លោក​លេង​តែ​បុរាណ​ប៉ុណ្ណោះ ប៉ុន្តែ​ជីវភាព​របស់​លោក​មិន​លំបាក​ដូច​គេ​ឡើយ ។

លោក​ស៊ូ ផល្លា ទទួលស្គាល​ថា វា​ក៏​មាន​អ្នកចម្រៀង​ខ្លះ​ក៏​ជួប​រឿង​លំបាក​ដែរ ដោយ​រក​ចំណូល​បាន​ពី​អាជីព​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ជីវភាព​មានការ​ខ្វះ​ខ្វាត ។ សម្រាប់​អ្នក​អាជីព​សិល្បៈ​សម័យ​នោះ​ទាល់តែ​អ្នក​ដែល​ល្បីល្បាញ​ខ្លាំង​ទើប​អាច​រក​លុយ​បាន​ច្រើ​មិន​ខ្វះខាត ប៉ុន្តែ​បើ​សម្រាប់​អ្នក​សម័យ​មិន​ល្បី​នោះ ក៏​ពិបាក​រក​លុយ​មិន​ខុស​ពី​អ្នក​បុរាណ​ដែរ ។

លោក​ស៊ូ ផល្លា បាន​លើក​ឡើង​ថា ទីផ្សារ​សម្រាប់​អ្នក​បុរាណ​គឺ​មាន​តែ​ភ្លេង​ការ​ប៉ុណ្ណោះ​ដែល​មានការ​ចេញ​សម្តែង​ច្រើន​ជាងគេ តែ​វា​ក៏​បាន​តែ​ខែប្រាំង​ប៉ុណ្ណោះ ។ ចំណែក​សម័យ​គឺ​មាន​ទីផ្សារ​ខួប​ប្រាំង ខួប​វស្សា តែ​វា​ក៏​សម្រាប់​អ្នក​ដែល​ល្បី​ដែរ សម្រាប់​អ្នក​ដែល​មិន​ល្បី ឬ​មិនសូវ​ល្បី​រក​ព្រឹក​ខ្វះ​ល្ងាច​ដូច​តែ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ