ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ពិត​គាត់​ទាំង​ពីរ​នាក់​ធ្វើ​ចឹ​ង​សោះ ទើប​…

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កសិករ​ម្នាក់​រស់នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង កំពុង​កាក់កប​នឹង​របរ​ចិញ្ចឹម​កង្កែប ដោយ​ក្នុង​១​ខែ​ៗ គាត់​អាច​រក​ចំណូល​បាន​ជាង​៣​លាន​រៀល ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង…

ខេត្តព្រៃវែង ៖ កសិករ​ម្នាក់​រស់នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង កំពុង​កាក់កប​នឹង​របរ​ចិញ្ចឹម​កង្កែប ដោយ​ក្នុង​១​ខែ​ៗ គាត់​អាច​រក​ចំណូល​បាន​ជាង​៣​លាន​រៀល ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង ។

លោក រស់ ផល្លា អ្នក​ចិញ្ចឹម​កង្កែប​រូប​នេះ​បាន​រៀបរាប់​ថា ក្រោយ​ពេល​ចាប់​មុខរបរ​នេះ​ឃើញ​ថា ជីវភាព​គ្រួសារ​របស់​លោក​ធូរធារ​ច្រើន ដោយសារ​តែ​កង្កែប​សម្បូរ​ទីផ្សារ ដែល​គ្រប់​គ្នា​អាច​យក​ទៅ​ធ្វើ​ម្ហូប​ប្រចាំ​គ្រួសារ ភោជនីយដ្ឋាន ឬ​នៅ​ក្នុង​កម្មវិធី​តូច​ធំ​ផ្សេង​ៗ ។

លោក​បន្ដ​ថា ៖« សាច់​កង្កែប​មាន​ហាងឆេង​ខ្ពស់ ធ្វើ​ឲ្យ​យើង​ជា​អ្នក​ចិញ្ចឹម​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៅ​តាម​នោះ​ដែរ ។ សព្វ​ថ្ងៃនេះ ខ្ញុំ​ចិញ្ចឹម​កង្កែប​លក់​ទាំង​កូន និង​កង្កែប​សាច់ ដោយ​ក្នុង​១​ខែ អាច​រក​ចំណូល​បាន​ជាង​៣​លាន​រៀល ដែល​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ធូរធារ​ជាង​មុន​ច្រើន » ។

លោក​បាន​បន្ថែម​ថា ៖« ជា​ធម្មតា កង្កែប​អាយុ​ចាប់ពី​៤០​ថ្ងៃ​ទៅ យើង​អាច​ចាប់​លក់​បាន​ហើយ ដោយ​ក្នុង​១​ក្បាល​តម្លៃ​៥០០​រៀល ប៉ុន្ដែ​បើ​យើង​ចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៦​ខែ កង្កែប​ពី​៨​ទៅ​១០​ក្បាល បាន​ទម្ងន់​១​គីឡូក្រាម អាច​លក់​តម្លៃ​៨​ពាន់​រៀល ហើយ​មាន​ប៉ុន្មាន ក៏​លក់​អស់​ដែរ គឺ​មិន​បារម្ភ​ខ្លាច​អត់​ទីផ្សារ​ដូច​ដំណាំ​ផ្សេង​ៗ​នោះ​ទេ » ។ លោក​ថា ៖« បងប្អូន​ប្រជា​កសិករ​បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ​រួច គួរតែ​ចាប់​យក​របរ​មួយ​នេះ ព្រោះ​វា​ផ្ដល់​ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ » ។

លោក​ក៏​បាន​បង្ហើប​ពី​ការ​ចិញ្ចឹម​កង្កែប​ដោយ​ត្រួស​ៗ​ថា ការ​បង្កាត់​ពូជ​កង្កែប គេ​ត្រូវ​យក​កង្កែប​មេ និង​ឈ្មោល​ល្អ​ៗ ដែល​មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ឡើង​ពី​សំបុក​ផ្សេង​គ្នា ទៅ​បង្កាត់​នៅ​ទីតាំង​ទំហំ​១​ម៉ែត្រការ៉េ​ទឹក ។ ការ​បង្ក​កំណើត គឺ​ចាប់ពី​ខែមិថុនា រហូត​ដល់​ខែវិច្ឆិកា ក្នុង​ចន្លោះ​ពេល​នោះ វា​អាច​បង្ហូរ​ពង​បាន​៣​ទៅ​៤​ដង​តាម​បែប​ពាក់កណ្ដាល​ធម្មជាតិ ឬ​ហៅ​ថា តាម​បែប​សិប្បនិមិត្ត វា​ឲ្យ​ផល​ច្រើន​លើស​ពី​៤​ដង​ក្នុង​១​ឆ្នាំ ខុស​ពី​បង្ក​កំណើត​តាម​ធម្មជាតិ​នៅ​តាម​វាលស្រែ ដែល​ញាស់​ម្តង ឬ​២​ដង​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ។

ក្រោយ​ពី​បង្ក​កំណើត​រួច កង្កែប​មេ​អាច​បញ្ចេញ​ពង​បាន​ចន្លោះ​ពី​៣​ទៅ​៨​ពាន់​ពង ហើយ​នៅ​ពេល​ពង​កង្កែប​ចេញ​មក​ក្នុង​រយៈពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ វា​នឹង​ញាស់​ជា​កូន​កង្កែប​ភ្លាម ។ ពេល​នោះ យើង​មិន​ចាំបាច់​ផ្ដល់​ចំណី​ទេ ព្រោះ​វា​មាន​អាហារ​បម្រុង​នៅ​ជាប់​ខ្លួន​ស្រាប់​ដែល​អាច​ឲ្យ​វា​ស៊ី​បាន​៣​ថ្ងៃ ។ ក្រោយមក ទើប​យើង​ដាក់​ពង​ទា​ដែល​ស្ងោរ​ឲ្យ​ឆ្អិន យក​តែ​ពង​ក្រហម​ឲ្យ​កូន​វា​ស៊ី ។ ពេល​កូន​កង្កែប​នៅ​តូច យើង​មិន​អាច​កំណត់​បាន​ថា វា​ស៊ី​អស់​ពង​ទា​ប៉ុន្មាន​ទេ​ក្នុង​១​ថ្ងៃ តែ​យើង​អាច​ដាក់​តិច​ល្មម​ៗ​បាន​ហើយ ចៀសវាង​សល់​ចំណី ។

យោង​តាម​ឯកសារ​ក្រសួងកសិកម្ម ស្ដី​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​កង្កែប បច្ចុប្បន្ន កង្កែប​មាន​ចំនួន​ប្រមាណ​ជា​៤.៨០០​ប្រភេទ រស់នៅ​ក្នុង​ទឹកសាប ដី​ស្ងួត ក្រោម​ដី និង​នៅ​លើ​ដើមឈើ ។ គេ​អាច​ចិញ្ចឹម​កង្កែប​តាម​វិធីសាស្ត្រ​ច្រើន​យ៉ាង អាស្រ័យ​ដោយ​ប្រភព​ទុន និង​គោលដៅ​របស់​អ្នក​ចិញ្ចឹម ប៉ុន្តែ​ជា​ទូទៅ ការ​ចិញ្ចឹម​នៅ​ក្នុង​អាង​ស៊ីម៉ងត៍ មាន​ប្រសិទ្ធភាព​ជាង ព្រមទាំង​អាច​ប្រើ​ការ​បាន​យូរអង្វែង​ផង​ដែរ ។ កង្កែប​អាច​ចិញ្ចឹម​នៅ​ទីណា​ក៏​បាន សូ​ម្បី​តែ​អាង​ស៊ីម៉ងត៍​ដែល​ចោល​មិន​ប្រើ​ការ ក៏​អាច​ចិញ្ចឹម​បាន​ដែរ ។ ក្រៅពី​នេះ គេ​អាច​ចិញ្ចឹម​វា​ក្នុង​ស្រះ ឬ​ចិញ្ចឹម​ក្នុង​ស្បៃ​ដាក់​ក្នុង​បឹង ឬ​ត្រពាំង​ធំ​ៗ​ក៏​បាន អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​ចិញ្ចឹម និង​ស្ថានភាព​អំណោយផល​ជាក់ស្តែង​ប៉ុណ្ណោះ ។

ប្រសិនបើ​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ងត៍ យើង​ត្រូវធ្វើ​អាង​ទំហំ​ចាប់ពី​៦​ទៅ​៣០​ម៉ែត្រការ៉េ កម្ពស់​ចាប់ពី​០,៨​ទៅ​១​ម៉ែត្រ និង​បាត​អាង​ត្រូវ​សង់​មាន​លក្ខណៈ​ជម្រាល​ទៅ​ម្ខាង ។ ចំណែក​កម្ពស់​ទឹក​ត្រូវ​ដាក់​ប្រមាណ​១​ភាគ​២ ឬ​២​ភាគ​៣​នៃ​ខ្លួន​កង្កែប ។ ចំពោះ​ចំនួន​កង្កែប​វិញ ត្រូវ​ដាក់​ខែ​ទី​១ ចាប់ពី​១៥០​ដល់​២០០​ក្បាល​ក្នុង​១​ម៉ែត្រការ៉េ ។ ខែ​ទី​២ ចាប់ពី​១០០​ទៅ​១៥០​ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​ខែ​ទី​៣ ត្រូវ​ដាក់​តែ​៨០​ទៅ​១០០​ក្បាល​ក្នុង​១​ម៉ែត្រការ៉េ​បាន​ហើយ ហើយ​ត្រូវ​ត្រួតពិនិត្យ​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ​ម្ដង ។

ចំណែក​សមាសធាតុ​ផ្សំ​ធ្វើ​ចំណី​របស់​វា មាន​ដូច​ជា កន្ទក់ ម្សៅ​ត្រី សណ្ដែកសៀង ពោតក្រហម និង​អំបិល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ