ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលខ្លាំងណាស់ថា ផ្ទះនេះមាន​​ខ្មោច​លង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​បង្ហោះ​ព័ត៌មាន​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​0១ មិថុនា គឺជា​រឿងប្រឌិត​មួយ​ដែល​និយាយ​ពី​ផ្ទះ​ដែល​គេ​ទុក​ចោល​មួយ​ថា ​មាន​ខ្មោចលង ឬ​ជា​ផ្ទះ​ខ្មោច ។ តើ​ការ​ពិត​បែប​ណា​នោះ…

ខេត្តបន្ទាយមានជ័យ ៖ ការ​បង្ហោះ​ព័ត៌មាន​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​0១ មិថុនា គឺជា​រឿងប្រឌិត​មួយ​ដែល​និយាយ​ពី​ផ្ទះ​ដែល​គេ​ទុក​ចោល​មួយ​ថា ​មាន​ខ្មោចលង ឬ​ជា​ផ្ទះ​ខ្មោច ។ តើ​ការ​ពិត​បែប​ណា​នោះ កោះសន្តិភាព​បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​របស់​យើង​ទៅ​កាន់​ផ្ទះ​នោះ ដើម្បី​ស្វែងរក​ការ​ពិត ។

ដោយសារ​តែ​សម័យ​បច្ចេកវិជ្ជា​ទំនើប​ អ្វី​ៗ​មិន​អាច​លាក់បាំង​បាន​ឡើយ ប៉ុន្តែ​មាន​ពេល​ខ្លះ​ព័ត៌មាន ​ដែល​ទទួល​បាន​តាម​រយៈ​បណ្តាញ​សង្គម​ ក៏​អាច​ជា​រឿងប្រឌិត បើ​មិន​មាន​ប្រភព​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ ហើយ​ការ​បង្ហោះ​ផ្សាយ​នោះ​ មិន​មាន​វិជ្ជាជីវៈ​ និង​ខ្វះ​ស្មារតី​ទទួលខុសត្រូវ គឺ​ច្រើន​តែ​ប្រឌិត​មួលបង្កាច់​ក៏​មាន
​ដែរ ។

ករណី​ផ្ទះ​១​ខ្នង ស្ថិត​នៅ​ក្បែរ​វត្ត​ស្ទឹង​បត់ ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ថ្មី​ៗ​នេះ​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​ថា ​ជា​ផ្ទះ​ទុក​ចោល ហើយ​សូ​ម្បី​អ្នកស្រុក​ ក៏​មិន​ហ៊ាន​ដើរ​ឆ្លងកាត់ ព្រោះ​មាន​ខ្មោចលង​នោះ ទីបំផុត​មិនមែន​ជា​ការ​ពិត​ឡើយ ។ ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រុក​ដែល​មានផ្ទះ​នៅ​ម្ខាង​ផ្លូវ​ទល់មុខ​នឹង​ផ្ទះ​នេះ ​បាន​បញ្ជាក់​ថា ព័ត៌មាន​ខាងលើ​នោះ​ ជា​រឿង​មិន​ពិត ។

អ្នកស្រី សា​រុន ប៊ុ​ន​ថង អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ មាន​របរ​លក់​គ្រឿងទេស រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ បាន ពង្រៀ ​អាយុ​៤៥​ឆ្នាំ ម្តាយ​ឈ្មោះ ខាំ សុ​ភី អាយុ​៤៣​ឆ្នាំ បាន​អះអាង​ថា​ គ្រួសារ​នាង​រស់ នៅ​ចំណុច​ទល់មុខ​ផ្ទះ​នោះ​ជាង​១០​ឆ្នាំ​មក​ហើយ គឺ​ផ្ទះ​ខាងលើ​ពុំដែល​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ដូច​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នោះ​ឡើយ ។

អ្នកស្រី លី​ម ឆេ​ង​ហុង អាយុ​៤៨​ឆ្នាំ ជា​ភរិយា​លោក ឃួ​ន ទ្រី អាយុ​៥០​ឆ្នាំ មន្ត្រី​យោធា​និង​ជា​មេក្រុម​ទី​១ ក្នុងភូមិ​ស្ទឹង​បត់ បាន​ប្រាប់ «​កោះសន្តិភាព​» ម្សិលមិញ​ថា គ្រួសារ​គាត់​និង​គ្រួសារ​អ្នកលក់​គ្រឿងទេស​ខាង លើ​រស់នៅ​ទីនោះ​ជាង​១០​ឆ្នាំ​ហើយ ទាំង​គ្រួសារ​គាត់​និង​គ្រួសារ​ខាងលើ​កន្លង​មក​ធ្លាប់​ទៅ​ដេក​ផ្ទះ​នោះ​នៅ​ពេល​មាន​ទឹកជំនន់​ពី​ថៃ​លិចលង់​ភូមិ​និង​ផ្ទះសម្បែង​ម្តង​ៗ ។ អ្នកស្រី​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​ម្ចាស់ផ្ទះ​នោះ​គេ​មានផ្ទះ​២​កន្លែង​ចម្ងាយ​ពី​គ្នា​មិន​ដល់​១០០​ម៉ែត្រ ប៉ុន្តែ​ផ្ទះ​មួយ​កន្លែង​ទៀត​ជា​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ត្រូវ​ភ្លើង​ឆេះ​អស់ ម្ចាស់ផ្ទះ​នេះ​ក៏​បាន​រើ​អីវ៉ាន់​មក​រស់នៅ​ផ្ទះ​នេះ ។

ក្រោយមក​ម្ចាស់ផ្ទះ​បាន​លក់​ដី ​និង​ផ្ទះ​ឲ្យ​ទៅ​អ្នក​ផ្សេង ជា​បន្តបន្ទាប់​រហូត​ពួក​គាត់​ ក៏​មិន​ស្គាល់​ថា​ម្ចាស់ផ្ទះ​ថ្មី​នេះ​ជា​នរណា​ដែរ ។ អ្នកស្រី​ថា​ ផ្ទះ​ខាងលើ​គ្មាន​ខ្មោចលង​អ្វី​ឡើយ ទោះបី​ប្រៀប​ដូច​ជា​ផ្ទះ​បោះបង់​ចោល​ក្តី ប៉ុន្តែ​អ្វី​ដែល​អ្នក​ភូមិ​និយាយ​នោះ​ គឺ​ផ្ទះ​ខាងលើ​ធ្វើ​ដំបូល​ដូច​មឈូស​ ឬ​ផ្នូរខ្មោច​តែ​ប៉ុ​ណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ