រាជធានីភ្នំពេញ ៖ វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពសំខាន់មួយនៅក្នុងចំណោមវិស័យផ្សេងទៀត ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា គិតមកដល់ត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងជាង១០% ។
ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍លោក គង់ សុភារក្ស បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំ២០១៨នេះ នៅតែរក្សាបានកំណើនរឹងមាំគួរឱ្យកត់សម្គាល់ ដោយផ្អែកទៅលើចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាតំបន់កម្សាន្តនានានៅកម្ពុជានៅតែកើនឡើង១៤% ។
លោកបានមានប្រសាសន៍កាលពីថ្ងៃទី៣១ ឧសភា ម្សិលមិញថា ៖« នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនា កម្ពុជាមានចំនួន១,៧លាននាក់ កើនឡើង១៤% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៧។ ក្នុងនោះទីផ្សារគោលដៅសំខាន់ៗមានដូចជា ចិន, វៀតណាម, កូរ៉េ, ឡាវ និងថៃ ហើយភ្ញៀវទេសចរទាំងនោះទៅទស្សនាច្រើននៅតំបន់ទេសចរណ៍ដូចជា ខេត្តសៀមរាប, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងតំបន់ភូមិភាគឦសានអេកូទេសចរណ៍ » ។
លោកបន្ដថា ទន្ទឹមនឹងភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រទេសកម្ពុជាកើនឡើង សម្រាប់ភ្ញៀវទេសចរក្នុងស្រុកក៏បានដើរកម្សាន្តនៅក្នុងប្រទេស មានជាង៤លាននាក់ដែរ កើនឡើងប្រមាណ៣% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ។
លោក គង់ សុភារក្ស លើកឡើងថា ៖«វិស័យទេសចរណ៍នៅឆ្នាំ២០១៧ យើងឃើញមានអត្រាកំណើនជាង១១% ។ ដោយឡែក នៅត្រីមាសទី១ឆ្នាំ២០១៨នេះ គឺវានៅរក្សាកំណើនរហូតដល់១៤% ។ សម្រាប់វិស័យទេសចរណ៍យើងសង្ឃឹមថា នៅដំណាច់ឆ្នាំ២០១៨ខាងមុខ កម្ពុជាទទួលបានភ្ញៀវទេសចរប្រហែល៦,១លាននាក់ មានអត្រាកំណើនប្រហែលជាង១០% » ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ៖«កាលពីដើមឆ្នាំនេះ យើងមើលឃើញកើនឡើងជាងឆ្នាំមុនជាង១០% ក្នុងនោះភ្ញៀវចិន និងអង់គ្លេស កើនឡើងយ៉ាងគំហុក តែភ្ញៀវខាងប៉ែកអឺរ៉ុបហាក់នៅទ្រឹង បណ្តាលមកពីស្ថានភាពនយោបាយនៅលើសកលលោកមានការប្រែប្រួល និងម្យ៉ាងទៀត អាចមកពីកម្ពុជា នៅខ្វះផលិតផលទេសចរណ៍ មិនទាន់មានការច្នៃប្រឌិតឱ្យរត់ទៅតាមបណ្តាប្រទេសអាស៊ាននៅឡើយ » ។
លោកស្រីបន្តថា ៖« សម្រាប់ភ្ញៀវទេសចរក្នុងស្រុក យើងមើលឃើញការដើរកម្សាន្តរបស់ពលរដ្ឋក្នុងស្រុក ចាប់ផ្តើមគិតអំពីការធ្វើទេសចរណ៍ទៅលើគោលដៅដែលមិនធ្លាប់បានទៅ និងមានលក្ខណៈពុះកញ្ជ្រោល ។ ជារួម វិស័យទេសចរណ៍កម្ពុជានៅប៉ុន្មានខែដើមឆ្នាំនេះ គ្មានអ្វីជាបញ្ហាចោទនោះទេ មានន័យថា លំហូរ និងកំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជា នៅតែទទួលបានកំណើនគួរឱ្យកត់សម្គាល់ » ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងទេសចរណ៍បង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាសរុប៥,៦លាននាក់ កើនឡើង១១,៨% បើធៀបនឹងឆ្នាំ២០១៦ ។ ក្នុងនោះភ្ញៀវមកតាមផ្លូវអាកាស មានប្រមាណ៣,៣លាននាក់ ស្មើនឹង៥៩%នៃចំនួនសរុប កើនឡើង២២,៥% ។ ផ្លូវគោកមានជាង២,១លាននាក់ ស្មើនឹង៣៨,៣%នៃចំនួនសរុប ថយចុះ០,៥% និងតាមផ្លូវទឹកមានជាង១៤ម៉ឺននាក់ ស្មើនឹង២,៦%នៃចំនួនសរុប ថយចុះ៥,២% ។
មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានលើកឡើងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០១៧កន្លងទៅ វិស័យទេសចរណ៍ស្រូបយកវិនិយោគិន មានរហូតដល់៥០% ច្រើនជាងវិស័យហេដ្ឋារចនាសម្ព័ន្ធ(២៤%), វិស័យកសិកម្ម កសិ-ឧស្សាហកម្ម(៦%) និងវិស័យឧស្សាហកម្ម(២០%) ៕
ចែករំលែកព័តមាននេះ