ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OECD ព្រមាន​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក

5 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា អង្គការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ទាមទារ​ឲ្យ​បញ្ចប់​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ខណៈ​ជិត​ដល់​ពេល​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម…

ទី​ក្រុងប៉ារីស ៖ កាលពី​ថ្ងៃ​ទី​៣០ ឧសភា អង្គការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ទាមទារ​ឲ្យ​បញ្ចប់​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ខណៈ​ជិត​ដល់​ពេល​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម ។

កាលពី​ខែមីនា​កន្លង​មកនេះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ថា នឹង​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល ។

ការ​ដាក់​ពន្ធ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែមិថុនា បើ​ទោះជា​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ក្តី ។

ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ចិន ដោយ​ចោទប្រកាន់​ថា ប្រទេស​នេះ​បាន​លួច​យក​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន ។

លោក Alvaro Pereira ប្រធាន​សេដ្ឋវិទូ​ស្តីទី​របស់ OECD បាន​និយាយ​ថា ៖« ជាដំបូង យើង​គួរតែ​ចៀសវាង​ភាព​តានតឹង​ពាណិជ្ជកម្ម​កាន់តែធ្ងន់ធ្ងរ​ឡើង ព្រោះតែ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​រួម និង​ត​ភ្ជាប់​ជាង​មុន ។ ភាព​តានតឹង​នេះ គឺ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ខ្លាំង » ។

លើស​ពី​នេះ OECD បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​កំណើន​តម្លៃ​ប្រេង​ផង​ដែរ ។ កំណើន​តម្លៃ​ប្រេង​កើត​មាន​ឡើង ក្រោយ​ក្រុម​ប្រទេស OPEC និង​ប្រទេស​រុ​ស្ស៊ី បាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់​បន្ថយ​ផលិតកម្ម​ប្រេង បន្ទាប់​ពី​មាន​ចំនួន​ប្រេង​លើសលប់​លើ​ទីផ្សារ​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ។

OECD បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« តម្លៃ​ប្រេង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ ហើយ​វា​អាច​នឹង​ជំរុញ​ដល់​អតិផរណា ខណៈ​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ប្រាក់​ចំណូល​តាម​ផ្ទះ » ។

ពួក​គេ​បន្ថែម​ថា ៖« ការ​គំរាមកំហែង​រឹត​បន្តឹង​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ប៉ះពាល់​ដល់​ជំនឿ​​ចិត្ត ហើយ​បើ​វិធានការ​ទាំងនេះ​អនុម័ត វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​ដល់​ការ​វិនិយោគ និង​ការងារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ