ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះភ្លៀងនៅតែធ្លាក់រាល់ថ្ងៃ ពោលគឺអស់រយៈពេលប្រហែល១ខែ មកហើយ មិនដែលសម្រាកមួយថ្ងៃណាឡើយ ជាហេតុបណ្តាលឱ្យក្លាយទៅជាជំនន់លិចលង់ផ្ទះ ប្រជាពលរដ្ឋ នៅឃុំស្ទឹងត្រង់។ មិនត្រឹមតែប៉ុណ្ណោះ ទឹកភ្លៀងបានបំផ្លាញដំណាំប្រជាពលរដ្ឋ ដូចជា ពោត និងដំឡូងមី ក៏រលួយគល់ និងងាប់អស់ជាច្រើនផងដែរ។ ហេតុការណ៍ជំនន់ទឹកភ្លៀងលិចភូមិ ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅមុខវត្តផ្ទះស្បូវ ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី៣០ ខែឧសភា នេះ មេឃចាប់ផ្តើមខ្មៅអួរអាប់ ងងឹតសូន្យ ហើយក៏ចាប់ផ្តើមធ្លាក់ភ្លៀងអស់រយៈពេលជាច្រើនម៉ោង បណ្ដាលឲ្យក្លាយទៅជាជំនន់ទឹកភ្លៀង ហើយក៏ហូរកាត់ផ្លូវចំនួន០៣កន្លែង ដែលកន្លែងនីមួយៗត្រូវទឹកហូរកាត់ប្រវែង១៥ម៉ែត្រ និងធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង ស្មើនឹង០៩គ្រួសារផងដែរ។ ប្រភពបន្តទៀតថា រហូតមកដល់រសៀលថ្ងៃដដែល មេឃបានចាប់ផ្តើមបន្តភ្លៀងនៅក្នុងក្រុងប៉ៃលិន អស់ រយៈពេលជាច្រើនម៉ោង ហើយគេមិនដឹងថាទឹកអាចបន្តហូរបុកទៅជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកសាលាក្រៅ ឬយ៉ាងណានៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរ និងសមត្ថកិច្ច បានឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅពេលថ្ងៃ ឬយប់ មិនត្រូវដើរទៅណាឆ្ងាយពីផ្ទះរបស់ ខ្លួននោះឡើយ។ ចំណែកប្រជាពលរដ្ឋរស់នៅភូមិខាងលើ និងភូមិនៅក្បែរៗគ្នាក្នុងស្រុកសាលាក្រៅ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ក្រែងទឹកជន់នៅពេលយប់ព្រលប់ហូរបុកខ្លាំងមិនអាចគេច រួច នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកនគរបាល នៃអធិការស្រុកសាលាក្រៅ បានចុះទៅជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ខាងលើផងដែរ៕
ចែករំលែកព័តមាននេះ