សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ៖ ក្រសួងរតនាគារអាមេរិកប្រកាសនាថ្ងៃទី៣០ ឧសភាថា បានដាក់ទណ្ឌកម្មប្រឆាំងអង្គការ៣ ដែលទាក់ទងជាមួយអ៊ីរ៉ង់ ព្រមទាំងជនជាតិអ៊ីរ៉ង់៦នាក់ ដោយចោទពួកគេថា ចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្ស។
ទណ្ឌកម្មថ្មីនេះរបស់រដ្ឋការលោកដូណាល់ ត្រាំ កើតមានក្រោយពីការដកខ្លួនថយរបស់អាមេរិក ពីកិច្ចព្រមព្រៀងស្ដីពីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីដើមខែនេះ។
សហរដ្ឋអាមេរិកបានចាកចេញពីកិច្ចព្រមព្រៀងនោះ ហើយចាប់ផ្ដើមដាក់ទណ្ឌកម្មឡើងវិញប្រឆាំងអ៊ីរ៉ង់ ក្រោយផ្អាកក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង។ ការសម្រេចបែបនេះរបស់ក្រុងវ៉ាស៊ិនតោននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE POMPEO គំរាមដាក់ទណ្ឌកម្មខ្លាំងបំផុតនៃប្រវិត្តិសាស្ត្រ ប្រសិនបើអ៊ីរ៉ង់ពុំបញ្ឈប់ការវាតទីរបស់ខ្លួននៅមជ្ឈឹមបូព៌ា ហើយបន្តការសាកល្បងមីស៊ីលរយៈឆ្ងាយទេនោះ។
បណ្ដាសហគ្រាសរដ្ឋរុស្ស៊ី និងចិន ហាក់ត្រៀមខ្លួនទាញយកប្រយោជន៍ពីបណ្ដាទណ្ឌកម្មរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់។ សហគ្រាសទាំងនេះមានចេតនាហក់មកជំនួសបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលពុំចង់មានភាពល្អក់កករជាមួយអាមេរិក ហើយសម្រេចចាកចេញពីអ៊ីរ៉ង់។
ពួកអឺរ៉ុបពិចារណាថា ពួកគេបោះបង់ចោលទីផ្សារដ៏មានសក្ដានុពលមួយ ប៉ុន្តែពុំអាចធ្វើអ្វីកើត ទោះបីជាទីផ្សារទាក់ទាញមួយរបស់ពួកគេក្ដី។ ទីផ្សារអ៊ីរ៉ង់ពុំអាចប្រៀបផ្ទឹមជាមួយទីផ្សារអាមេរិកឡើយ។ សូមកុំភ្លេចថា ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ឧទាហរណ៍គ្របដណ្ដប់ដល់៩០% នៃការទូទាត់ផ្ទេរប្រាក់របស់ក្រុមហ៊ុនយក្សបារាំងតូតាល់។
ក្រុមហ៊ុនចិន CHINA PETROLEUM AND CHEMICAL CORP បានបញ្ជូនក្នុងខែឧសភា នូវគណៈប្រតិភូមួយមកកាន់អ៊ីរ៉ង់ ដើម្បីចុះហត្ថលេខាលើកុងត្រាមួយមានទឹកប្រាក់៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍទីតាំងប្រេងកាតធំ YADARAVAN ជំនួសក្រុមហ៊ុន ROYAL DUTCH SHELL ដែលសម្រេចមិនប្រថុយនឹងគ្រោះថ្នាក់ ហើយចាកចេញពីអ៊ីរ៉ង់ ដើម្បីចៀសវាងកុំឲ្យប៉ះទង្គិចគ្នាជាមួយអាមេរិក។ ក្រុមហ៊ុនចិនមួយទៀត គឺក្រុមហ៊ុន CHINA NATIONAL PETROLEUM CORP សង្ឃឹមហក់មកជំនួសក្រុមហ៊ុនតូតាល់៕
ចែករំលែកព័តមាននេះ