ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​សុបិន្ត​គាស់​បាន​វត្ថុបុរាណ.. តាមពិត​របស់​ថ្មី​លក់​តាម​ផ្សារសោះ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ភ្ញាក់ផ្អើល​មួយ បាន​កើត​មាន​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភាបន្ទាប់​ពី​លោក​មេ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ស្រុក​រលាប្អៀរ បាន​ផ្ញើ រូបភាព​វត្ថុ​បុរាណ​ទៅ​ឱ្យ​លោក​ស្មៀនឃុំ​ជ្រៃ​បាក់​ដោយ​អះអាង​ថា លោក គ្រូ​ចៅអធិការ​វត្ត​ព្រះ​រាម​រង្សី​គាស់​បាន…

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ភ្ញាក់ផ្អើល​មួយ បាន​កើត​មាន​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភាបន្ទាប់​ពី​លោក​មេ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ស្រុក​រលាប្អៀរ បាន​ផ្ញើ រូបភាព​វត្ថុ​បុរាណ​ទៅ​ឱ្យ​លោក​ស្មៀនឃុំ​ជ្រៃ​បាក់​ដោយ​អះអាង​ថា លោក គ្រូ​ចៅអធិការ​វត្ត​ព្រះ​រាម​រង្សី​គាស់​បាន ។ បន្ទាប់​មក ស្មៀនឃុំ​បាន​ឆាត​រូប​នោះ​បន្ត​ទៅឱ្យ​អ្នកកាសែត​បានដឹងហើយ​ក៏​បាន​ផ្អើល​នាំ​គ្នា​ទៅ​យក​ព័ត៌មាន​តែ​ម្តង ព្រោះថា​ជា​រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ពេល​ទៅ​ដល់​ជួប​លោក​មេ​ភូមិ​ក៏​បាន​ប្រាប់​ថា គាត់​បង្ហោះ​រូប​នោះ​លេងសើច​ជាមួយ​ស្មៀនឃុំ​ទេ ។ ប៉ុន្តែ អ្នកកាសែត​និង​លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តមិន​ជឿ ហើយ​បាន​បង្ហាញ​រូបភាព​និង​សួរ​ដេញដោល​លោក​ចៅអធិការ​វត្ត​ទៀត ទើប​លោក​ចៅអធិការ​វត្ត​ព្រម​បង្ហាញ​វត្ថុ​បុរាណ​នោះ​ដល់​ក្រុម​អ្នកកាសែត និង​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ពិនិត្យ ។

នៅ​ក្នុង​រឿង​នេះ លោកគ្រូ​ចៅអធិការ​វត្ត​ព្រះ​រាម​រង្សី​នាម នៅ ជឿន ព្រះ​ជន្ម​៧២​ឆ្នាំ បាន​មាន​ថេរ​ដិ​កា​មិន​គួរ​ឱ្យ​ជឿ​ថា ជា​រៀងរាល់ថ្ងៃ ព្រះ​អង្គ​ចេះ​តែ​ស្រមៃ​ថា បើ​រើស​បាន​កំណប់​មួយមក​នឹង​បាន​លុយ​យក​ទៅ​ធ្វើ​ព្រះ​វិហារ​បន្ត ដែល​បច្ចុប្បន្ន​កំពុង​ជំពាក់​ថ្លៃ​ជាង​ចំនួន​ជាង​៧០​លានរៀល​ទៀត ។ លុះ​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​ឧសភា លោក​បាន​សុបិន​ឃើញ កុមារ​មានបុណ្យ​ម្នាក់​អាយុ​៥​ឆ្នាំ ព្រះ​នាម​ឧត្ត​មន​មោ ឱ្យទៅ​គាស់​វត្ថុ​បុរាណ​​មាន​តម្លៃ​នៅ​ក្នុង​ដី តែ​មិនដឹង​ថា​នៅ​ទីណា​ទេ ដើម្បី​យក​មក​លក់​កសាង​ព្រះ​វិហារ​ដែល​កំពុង​ជំពាក់​គេ​នេះ ។ ក្នុង​សុបិន​នោះ ព្រះ​អង្គ​ហាក់ដូចជា​និមន្ត​ទៅ​គាស់​កំណប់​តែ​មួយ​អង្គ​ឯង ហើយ​ពេល​ត្រឡប់​មក​វិញ ក៏​ដឹងខ្លួន​គឺ​ព្រះ​អង្គ​បាន​ឈរ​នៅ​ក្នុង​កុដិ​ដោយ​មាន​កាន់​វត្ថុ​បុរាណ​ចំនួន​៣​ផង​ដែរ ។

លោកតា​មាន​សង្ឃដីកា​ទៀត​ថា នៅ​ថ្ងៃ​បន្ទាប់​មក ព្រះ​អង្គ​បាន​រក​គេ​មើល​វត្ថុ​បុរាណ​នោះ គេ​ថា​គ្មាន​តម្លៃ​ទេ​ក៏​បាន​លាក់​វត្ថុ​នោះ​ទុក​ទៅ ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា លោកតា​បាន​បង្ហាញ​និង​មាន​ថេរ​ដីកា​ប្រាប់​លោក ហាក់ ប្រធាន​ភូមិ​ព្រះ​រាម​រង្សី ហើយ​ក៏​បែកធ្លាយ​រឿង​នេះ​ដល់​ស្មៀនឃុំ និង​បែកធ្លាយ​ដល់​អ្នកកាសែត និង​លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​តែ​ម្តង ។ ទាក់ទង​នឹង​វត្ថុ​បុរាណ​នេះ ក្រោយ​ពី​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈខេត្ត រូ​ម​នឹង​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​រួច​មក បាន​និយាយ​ឱ្យ​ដឹង​ថា វត្ថុ​កសាង​ពី​លោហៈ​ទាំង​៣​នេះ​មាន រូប​មាន់​ចំនួន២ និង​រូប​ឃ្លោក​មាន​ព្រះ​និង​លោកតា​កំប៉ោង​របស់​ចិន​មិនមែន​ជា​វត្ថុ​បុរាណ​របស់​ខ្មែរ​ទេ គឺជា​វត្ថុ​ដែល​គេ​កសាង​ក្នុង​សម័យ​បច្ចុប្បន្ន​តាម​រចនាបថ​សាសនា​ចិន ដោយនៅ​បាត​ក្រោម​មាន​អក្សរ​ចិន​ជា​ភ័ស្តុតាង ។ វត្ថុ​នេះ​គេ​ធ្វើ​ដើម្បី​លក់​ហើយ​អ្នកទិញ​យក​ដាក់​តាំង​លំអ​ក្នុងផ្ទះ​តែ​ប៉ុណ្ណោះ មិន​មាន​តម្លៃ​ជា​របស់បុរាណ​ឡើយ ។ លោ​កថា​របស់​នេះ​ទៀត​សោត ក៏​មិន​មាន​ភ័ស្តុតាង​ណា​បង្ហាញ​ថា បាន​កប់​ក្នុង​ដី​ដែរ គឺជា​របស់​ដែល​នៅ​លើ​ដី គឺ​ស្អាត​ចែស​ដូច​ទើប​ទិញ​ពី​ផ្សារ​។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន សូមកុំ​ចេះ​តែ​ជឿ​នូវ​ជំនឿ​អរូបី​ផ្តេ​សផ្តាស ចាញ់​ឧបាយកល​គេ ដូច​ជា​យក​ទឹក​ទៅ​ស្រោច​លើ​វត្ថុ​លោហៈ​នេះ​យក​មក​ទទួលទាន​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ជាដើម ប្រយ័ត្ន​ពុល​រាករូស​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ព្រោះ​រឿង​ខ្លះ​គឺជា​រឿងប្រឌិត​ឱ្យ​គេ​ជឿ​ដើម្បី​អ្វីមួយ​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នៅ​វត្ត​មួយ​ក្នុងស្រុក​បរិបូណ៌ ក៏​មាន​ជំនឿ​មិន​សម​ហេតុ​សម​ផល​នេះ​ដែរ​ថា មាន​មនុស្ស​ស្រី​ម្នាក់​កើតកូន​មក​ជា​ពង​និង​ចិញ្ចៀន ហើយ​ក៏​មាន​មនុស្ស​ភ្លូកទឹកភ្លូកដី​ចូល​លុយកាក់ តែ​ក្រោយមក​ក៏​សាបរលាប​ទៅ​វិញ ព្រោះ​ជា​រឿង​បោកប្រាស់​របស់​បុគ្គល​ដើម្បី​លាភសក្ការៈ​តែ​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ