ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ណាដល់ណីហើយ?… រឿងប៉ូលិសវាយ​​ទាត់ជនសង្ស័យ​នោះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី​សាលាដំបូង​ខេត្ត បាន​លើក​យក​សំណុំរឿង​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដែល​រង​ការ​ចោទប្រកាន់​ថា…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា លោក សុទ្ធ សំអោក ចៅក្រម​ជម្រះក្តី​សាលាដំបូង​ខេត្ត បាន​លើក​យក​សំណុំរឿង​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដែល​រង​ការ​ចោទប្រកាន់​ថា បាន​វាយដំ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​បាក់ឆ្អឹង​ជំនីរ​អស់​២​កាំ កាលពី​ឆ្នាំ​២០១៤​កន្លង​មក ។ ក្រោយ​សវនាការ ចៅក្រម​បាន​ប្រកាស​ថា សាលក្រម​នឹង​ប្រកាស​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

សូម​រំឭក​ថា បុរស​ម្នាក់​ឈ្មោះ ជា រ៉ា​ស៊ី អាយុ៣០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ប្តឹង​ឈ្មោះ ផាត គឹ​មយូ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ថា ប្រើ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​គាត់​បាក់​ឆ្អឹងជំនីរ​អស់​២​កាំ ខណៈ​ចុះ​ទៅ​ចាប់​រូប​គាត់​ពី​បទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ បន្ទាប់​ពី​ពួក​គាត់​បាន​ដោះស្រាយ​គ្នា​រួចរាល់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ រយៈពេល​ប្រហែល​១​ស​ប្តា​ហ៍​មក​ហើយ ។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់​និង​ប្រើ​ហិង្សា​លើ​ជន​រង​គ្រោះ គឺ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៤ រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លុះ​នៅ​ថ្ងៃ​ទី​៤ ខែសីហា សមត្ថកិច្ច​ក៏​បាន​បញ្ជូន​បុរស​ឈ្មោះ ជា រ៉ា​ស៊ី ទៅ​សាលាដំបូង ។

បើ​តាម​បុរស​ឈ្មោះ ជា រ៉ា​ស៊ី រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩​ព្រឹក គាត់​និង​ប្រពន្ធ​ឈ្មោះ រ៉ា​យសុខ​រ៉ា អាយុ​២៩​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្រពន្ធ​ទាញ​ដំបង​វាយ​ម៉ូតូ​បែក​កុង​ទ័​រ​និង​បែក​ក្បាំង ។ ពេល​នោះ​រូប​គាត់​ខឹង​យ៉ាង​ខ្លាំង ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ ។ បន្ទាប់​មក ប្រពន្ធ​គាត់​ក៏​រត់​ទៅ​ទាញ​យក​កូនកាំបិត​ចុង​ស្រួច​បម្រុង​មក​ចាក់ តែ​ត្រូវ​រូបគាត់​រុញ​ចេញ បណ្តាល​ឱ្យ​ដួល​ប៉ះ​នឹង​ពាង​រលាត់ខ្ទង់ច្រមុះ ហើយ​នាង​ក៏​ចេញពីផ្ទះ​ដោយ​ខ្លួនឯង ទៅ​ផ្ទះ​ឪពុក​បង្កើត​ដែល​នៅ​ក្បែរ​គ្នា ។ លុះ​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៤ ក៏​មានការ​សម្រុះសម្រួល​ពី​ចាស់ទុំ និង​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ហើយ​ពួក​គាត់​ក៏​យល់​ព្រមទៅ​នៅផ្ទះ​ជា​ធម្មតា​វិញ ។

ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​អ្វី​ទេ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២ ខែសីហា ២០១៤ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ មាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ដឹកនាំ​ដោយ​លោក ជា វ៉ា​ន់​រ៉​ន អតីត​ក្រឡាបញ្ជី​អម​សាលាដំបូង​ខេត្ត លោក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ លោក ណុ​ប សា​វុ​ធ និង​បុរស​ម្នាក់​ឈ្មោះ ផាត គឹ​មយូ បាន​ប្រើ​ហិង្សា​លើ​រូប​គាត់​រហូត​ដល់​បាក់​ឆ្អឹងជំនីរ​ទៅ​វិញ ។ គាត់​បន្ត​ថា ពេល​ចុះ​ទៅ​ចាប់​នោះ​គឺ​ឈ្មោះ ផាត គឹ​មយូ បាន​ទះកំផ្លៀង​គាត់​ចំនួន​៣​ដៃ លុះ​ពេល​ទៅ​ដល់​ស្នងការដ្ឋាន​ខេត្ត ខណ​:​ចុះ​ពី​រថយន្ត មន្ត្រី​នគរបាល​រូប​នេះ​បាន​ទាត់​គាត់​ចំនួន​៣​ជើង​ផ្ទួន​ៗ​គ្នា​ចំ​ឆ្អឹងជំនីរ​ខាងស្តាំ ។ លុះ​ពេល​បញ្ជូន​ទៅ​សាលាដំបូង មន្ត្រី​នគរបាល​ដដែល​នេះ​បាន​ទះកំផ្លៀង​គាត់​២​ដៃ​ទៀត ព្រមទាំង​បាន​ស្រែក​ប្រាប់​ឱ្យ​អ្នកទោស​ឯទៀត​វាយ​បន្ថែម ។

ចាប់តាំងពី​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​មក គាត់​ចេះ​តែ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ ជា​ពិសេស​ឆ្អឹងជំនីរ​ផ្នែក​ខាងស្តាំ ។ លុះ​មក​ដល់​ថ្ងៃ​បងស្រី​គាត់​ធានា​ឱ្យ​ចេញ​នៅ​ក្រៅ​ឃុំ ឃើញ​សភាព​ក្អក​ធ្លាក់ឈាម សាច់ញាតិ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល និង​ឆ្លុះ​មើលឃើញ​ឆ្អឹងជំនីរ​បាក់​អស់​២​កាំ គឺ​កាំ​ទី​៧ និង​ទី​៨ ។
រឿងរ៉ាវ​របស់​គាត់​កើត​តាំងពី​ឆ្នាំ​២០១៤ តែ​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ។ ម្យ៉ាងវិញទៀត គាត់​ជា​ប្រជាពលរដ្ឋ​សាមញ្ញ មិន​ចេះ​តែ​ប្តឹង​សមត្ថកិច្ច​នោះ​ទេ បើ​មិន​ប្រើ​អំពើ​ហិង្សា​មក​លើ​គាត់​ក៏​គាត់​មិន​ប្តឹង​ដែរ ។

នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះក្តី លោក ផាត គឹ​មយូ ដែល​ជា​ជន​ត្រូវ​ចោទ​បាន​បដិសេធ​ថា រូបគេ​បាន​ចុះ​ទៅ​ចាប់​ជន​រង​គ្រោះ​មែន តែ​មិន​បានប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ឡើយ ។ តាំងពី​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រហូត​ដល់​ក្នុង​ពន្ធនាគារ ក៏​អត់​បាន​វាយ​ដែរ ហើយ​នេះ​ប្រហែលជា​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ជា​អ្នកវាយ ទើប​បណ្តាល​ឱ្យ​បាក់ឆ្អឹង​ជំនីរ​បែប​នេះ ។ គាត់​ក៏​សូម​ឱ្យ​ចៅក្រម​រក​យុត្តិធម៌​ជូន ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រឿង​ក្តី​មួយ​នេះ នឹង​អាច​ដឹង​ថា អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​នៅ​​ពេល​សាលាដំបូង​ខេត្ត ប្រកាស​សាល​ក្រោម​នៅ​ថ្ងៃ​ទី​២ ខែកក្កដា​ខាង​មុខ ៕ ​

អត្ថបទសរសេរ ដោយ