ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​មើល​រំលង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កលើ​អ៊ីរ៉​ង់

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​ដែ​លី ៖ រដ្ឋមន្ត្រី​ការ​បរទេស ប្រទេស​ឥណ្ឌា លោកស្រី Sushma Swaraj បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ឥណ្ឌា​នឹង​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា…

ទីក្រុង​ញូ​វ​ដែ​លី ៖ រដ្ឋមន្ត្រី​ការ​បរទេស ប្រទេស​ឥណ្ឌា លោកស្រី Sushma Swaraj បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ឥណ្ឌា​នឹង​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បើ​ទោះជា​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទាំង​ពីរ​នេះ​ក្តី ។ លោកស្រី​បន្ត​ថា ប្រទេស​ឥណ្ឌា​នឹង​មិន​ចេញ​គោលនយោបាយ​ការ​បរទេស​ក្រោម​សម្ពាធ​ទេ ។

គួរ​បញ្ជាក់​ថា នៅ​ខែឧសភា​នេះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ និង​បញ្ជា​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ឡើង​វិញ ។

សហរដ្ឋអាមេរិក​ក៏​បាន​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ផង​ដែរ ព្រោះតែ​លោក​ប្រធានាធិបតី Nicolas Maduro បាន​កាន់​តំណែង​ឡើង​វិញ ។

ប្រទេស​ទាំង​ពីរ គឺជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា ហើយ​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ថា រាល់​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់ គឺ​អាច​នឹង​ទទួល​រង​ទណ្ឌកម្ម​ផង​ដែរ ។

ប៉ុន្តែ​លោកស្រី Swaraj និយាយ​ថា ប្រទេស​ឥណ្ឌា​មិន​ជឿ​លើ​គោលនយោបាយ​ឆ្លើយ​តប​ទេ ហើយ​ឥណ្ឌា​ក៏​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ណាមួយ​ដែរ ។

លោកស្រី​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា ៖« ពួក​យើង​មិន​ចេញ​គោលនយោបាយ​ការ​បរទេស​ក្រោម​សម្ពាធ​ពី​ប្រទេស​ផ្សេង​ទេ ។ ពួក​យើង​ជឿជាក់​លើ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អង្គការសហប្រជាជាតិ ប៉ុន្តែ​យើង​មិន​ជឿ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​ណាមួយ​ឡើយ » ។

ប្រទេស​ឥណ្ឌា​បាន​ចាប់អារម្មណ៍​នឹង​ប្រទេស​អ៊ី​រ៉​ង់ ជា​ពិសេស ឥណ្ឌា​បាន​ប្តេជ្ញា​សាង​សង់​​កំពង់​ផែ Chabahar នៅ​ឈូង​សមុទ្រ Oman ។ គេ​គិត​ថា កំពង់​ផែ​នេះ​ជា​វិធី​សម្រាប់​ប្រទេស​ឥណ្ឌា​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម ដែល​អាច​ចៀសវាង​ពី​ដៃគូ​របស់​ខ្លួន គឺ​ប្រទេស​ប៉ា​គី​ស្ថាន ។

ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌា និង​អ៊ី​រ៉​ង់ គឺ​ស្មើ​១២,៩​ប៊ី​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ។ ឥណ្ឌា​បាន​នាំ​ចូល​ពី​អ៊ី​រ៉​ង់​ប្រមាណ​១០,៥​ប៊ី​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​ប្រេង​ឆៅ និង​នាំ​ចេញ​ផលិតផល​ស្មើ​ប្រមាណ​២,៤​ប៊ី​លាន​ដុល្លារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ