រាជធានីភ្នំពេញ ៖ ភាពយន្តបែបភ័យរន្ឋត់រឿង «ចិញ្ចៀនខ្មោច» ជាភាពយន្តថ្មីចូលរួមសម្តែងដោយលោកឃុំ ប៉ុណ្ណាដែត និងយក់ ឋិតរដ្ឋា ក្រោយពីរយៈពេលជិត១០ឆ្នាំ ដែលគូស្វាមី-ភរិយានេះខកខានសម្តែងភាពយន្ត ។
ពិធីសម្ពោធរឿងបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ ក្រោមការចូលរួមពីតារាសម្តែង តារាចម្រៀង និងផលិតករមួយចំនួន។ ផលិតកម្មអិលឌីរមែងសម្រិតសម្រាំងស្នាដៃភាពយន្តរបស់ខ្លួនយ៉ាងល្អគាប់ចិត្តទស្សនិកជន។ ដូចនេះហើយរាល់ពេលចេញរឿងថ្មី ម្តងៗមានទស្សនិកជនចូលមើលពេញរោងគួរឱ្យកត់សម្គាល់ ។
លោកឃុំ ប៉ុណ្ណាដែត ដែលបាត់មុខពីពិភពសិល្បៈជិត១០ឆ្នាំបានលើកឡើងថា «ពេលនេះខ្ញុំរំភើបចិត្តដែលបានអិលឌីក៏ដូចជានាយពែកមី បានជ្រើសរើសរូបខ្ញុំ និងភរិយាសម្តែងម្តងទៀត ក្រោយភាពយន្តទី១របស់យើងទាំង២បានបញ្ចប់ជិត១០ឆ្នាំមុន ។ ប្រសិនបើមានការគាំទ្រខ្ញុំពេញចិត្តថតសម្តែងជាបន្តទៀត បើមានឱកាសព្រោះពីរនាក់ប្តីប្រពន្ធយើងគឺរីកដុះដាលកេរ្តិ៍ឈ្មោះព្រោះសិល្បៈតាំងពីនៅ ក្មេងៗដូចគ្នា ។
អ្នកនាង យក់ ឋិតរដ្ឋា និយាយថា «នេះជាភាពយន្តមួយថ្មីដែលខ្ញុំបានសម្ដែងម្ដងទៀត បន្ទាប់ពីអាជីពសម្ដែងត្រូវកប់បាត់ឈឹងតាំងពីនាងខ្ញុំមិនទាន់មានស្វាមី ។ ការសម្ដែង លើកនេះ គឺនាងខ្ញុំត្រូវបានផ្ដល់ឱកាសឱ្យសម្ដែងជាតួម្ដាយមួយរូប ដោយក្នុងសាច់រឿងតួអង្គស្វាមីរបស់នាងខ្ញុំ ក៏ជាលោកឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីនៅក្រៅឆាកតែម្ដង ។ នៅក្នុងផ្ទៃរឿងនាងខ្ញុំគឺជាគ្រួសារអ្នកមានមួយរូបតែមានកូនស្រី ដែលសម្ដែងដោយកូនស្រីរបស់លោកពែកមី ហើយកូនស្រីនោះត្រូវវិញ្ញាណខ្មោចសណ្ឋិត និងបង្កើតជាបញ្ហារាប់រយជំពូក ។ ខ្ញុំមានអារម្មណ៍ពេញចិត្ត បើទោះជាភាពយន្តដែលគ្រោងលក់សំបុត្រនៅថ្ងៃទី៣១ ឧសភា នេះ តម្រូវឱ្យនាងខ្ញុំសម្ដែងជាតួអ្នកម្ដាយដែលមានវ័យជ្រេបន្តិច ។ នាងខ្ញុំកាន់តែសប្បាយចិត្តទៅទៀត នៅពេលនាយពែកមី ដែលអ្នកនិពន្ធសាច់រឿង និងជាអ្នកដឹកដោយផ្ទាល់នៅក្នុងភាពយន្តនោះ ប្រកាសដាក់ក្បាលមេក្រូសរសើរនាខ្ញុំមិនដាច់ពីមាត់នៅក្នុងម៉ោងសម្ពោធថាជាតារាគោរពពេលវេលាថតនិងធ្វើការ »។
នាយពាក់មីបានសំណូមពរដល់នាយកដ្ឋានភាពយន្តគួរគិតគូរឿងពន្ឋភាពយន្តកុំយកថ្លៃពេក ព្រោះផលិតករថតរឿង មួយៗចំណាយច្រើន ។ ប្រសិនបើពន្ឋនៅទាបមិនដំឡើងថ្លៃ គឺដូចជួយកុនខ្មែរឱ្យកាន់តែល្អ ហើយតួអង្គ នីមួយៗសប្បាយចិត្ត ៕
ចែករំលែកព័តមាននេះ