រាជធានីភ្នំពេញ៖ រថយន្តដឹកប្រេងសាំង១គ្រឿងមានសណ្ដោងកន្ទុយដឹកស៊ីទែនប្រងផងបានបើកបរបោះពួយក្នុងល្បឿនយ៉ាងលឿន ហើយបានវាក់ជាមួយបុរសម្នាក់ដែលអ្នកជិះម៉ូតូដឹកមាន់ជាច្រើនក្បាលកាត់ភ្លៀងរលឹមស្រិចៗ ហើយដោយសារតែស្ថានភាពផ្លូវរអិលផងនោះ បណ្ដាលឲ្យដួលម៉ូតូ ។ ពេលនោះរថយន្តខាងលើបានកាច់ចង្កូតគេច និងជាន់ហ្វ្រាំងឈប់យ៉ាងប្រថុចញ៉ុចខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់រថយន្តសង្កត់លើអ្នកជិះម៉ូតូនោះ និងអូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះខ្ទេចសាច់ដូចគេចិញ្ច្រាំស្លាប់ភ្លាមៗតែម្ដង ចំណែកមាន់ក៏ងាប់ជាច្រើនក្បាលផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២០K ស្ថិតនៅក្នុងភូមិសិរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកបុរសរងគ្រោះមិនត្រូវបានគស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបរម៉ូតូមួយគ្រឿងម៉ាកស៊ីទី សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល ១K-៣៣៥៦ ។ រីឯរថយន្តដឹកប្រេងសាំងមាន
សណ្តោងកន្ទុយដឹកស៊ីទែន បើកបរដោយបុរសម្នាក់ឈ្មោះ រស់ អៀងលី អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវរអិលបានធ្វើឲ្យជនរងគ្រោះដួលម៉ូតូបោកទៅលើថ្នល់ ។ ខណៈនោះស្រាប់តែរថយន្តដឹកប្រេងសាំងមានសណ្តោងកន្ទុយដឹកស៊ីទែន បានបើកបរក្នុងទិសដៅស្របគ្នាបានមកដល់ ហើយពេលឃើញជនរងគ្រោះដួលបែបនេះក៏បានបើកគេច និងជាន់ហ្វ្រាំងឈប់ទាំងប្រថុចញ៉ុច ប៉ុន្តែដោយសារតែរថយន្តកំពុងមានល្បឿនលឿនផងនោះមិនអាចឈប់បានឡើយ រួចក៏ក្រឡាប់សង្កត់លើជនរងគ្រោះ និងម៉ូតូ ព្រមទាំងអូសជាច្រើនម៉ែត្រថែមទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទេចសាច់ដូចគេចិញ្ច្រាំស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែកម៉ូតូរបស់ជនរងគ្រោះបានរងការខូចខាតធ្ងន់ធ្ងរ រីឯមាន់ក៏ងាប់អស់ជាច្រើនក្បាល ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានអ្នកភូមិដេញតាមចាប់បានរួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍គងនយនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែង និងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ