ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៣នឹង​អស់ក្តីកង្វល់​ បន្ទាប់​ពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ស្ថាបនា​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក នឹង​អស់​ក្តី​កង្វល់​អំពី​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ហើយ បន្ទាប់​ពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ​បាន​ស្ថាបនា​រួច ។  លោក​សាំ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក នឹង​អស់​ក្តី​កង្វល់​អំពី​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ហើយ បន្ទាប់​ពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ​បាន​ស្ថាបនា​រួច ។

 លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ តំណាក់កាល​ទី​១​ជិត​រួចរាល់​ហើយ ពេល​នេះ​ក្រុមការងារ​កំពុង​ត្រៀម​បន្ត​អនុវត្ត​ន៏​គម្រោង​ជំហាន​ទី​២​បន្ត​ទៀត ។ លោក​បន្ត​ថា ប្រឡាយ​ស្ទឹង​មាន​ជ័យ​នេះ​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ​ទទឹង​៨​ម៉ែត្រ ការ​សាងសង់​ត្រូវ បាន​បែងចែក​ជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​តំណាក់កាល​ទី​១​នេះ ក្រុមការងារ​បាន​ស​ម្រេច​ការងារ​របស់​ខ្លួន​បាន​៩៥​ភាគរយ ចំណែក​ការ​ចាក់​ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ចាក់​ដី​បាន​ជិត​រួចរាល់ រីឯ​ការងារ​កាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​អនុវត្ត​ន៏​បាន​១០០​ភាគរយ​តែ​ម្តង ។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រឡាយ​ស្ទឹង​មាន​ជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​អភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២​នោះ​គឺ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់នេះ​នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។

លោក​បន្ត​ថា ប្រឡាយ​នេះ​ត្រូវ​សាងសង់​ឡើង ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក​ភ្លើង​អគ្គី​ស​នី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្គោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ លោកនាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​នាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹង​ទំពុន ដែល​តួ​ប្រឡាយ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខ​ផ្ទះ​១​ម៉ែត្រ​កន្លះ និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ