ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោត​​ពី​​លើ​​សាឡាង​​អ្នក​​លឿង ប៉ង​​ធ្វើ​​អត្ត​​ឃាត​​កណ្តាល​​ទន្លេ អ្នក​​នេសាទ​​ជួយ​​ស្រង់​​ឡើង​​គោក

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​មាន​សាឡាង​ឈ្មោះ​វិស្ណុ​​បោះ​ពួយ​យ៉ាង​លឿន​ពីត្រើយ​ខាង​កើត​ឆ្ពោះ​ទៅ​ត្រើយ​ខាង​លិច​ លុះ​ទៅ​ដល់ពាក់​កណ្តាល​ទន្លេ​ ក៏ស្រាប់​តែ​មនុស្ស​​ម្នា​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​ជិះ​នៅ​លើ​សាឡាង​ស្រែក​ឆោឡោ​ស្ទើរ​​គ្រប់​គ្នាថា​ ស្ត្រី​ម្នាក់​លោត​ទឹក​សម្លា.ប់​ខ្លួន ។​ ពេល​នោះ​ទាំង​បុគ្គលិក​សាឡាង​ ទាំង​អ្នក​បញ្ជា​នៅ​លើ​សាឡាង​

ខេត្ត​ព្រៃ​វែង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​មាន​សាឡាង​ឈ្មោះ​វិស្ណុ​​បោះ​ពួយ​យ៉ាង​លឿន​ពីត្រើយ​ខាង​កើត​ឆ្ពោះ​ទៅ​ត្រើយ​ខាង​លិច​ លុះ​ទៅ​ដល់ពាក់​កណ្តាល​ទន្លេ​ ក៏ស្រាប់​តែ​មនុស្ស​​ម្នា​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​ជិះ​នៅ​លើ​សាឡាង​ស្រែក​ឆោឡោ​ស្ទើរ​​គ្រប់​គ្នាថា​ ស្ត្រី​ម្នាក់​លោត​ទឹក​សម្លាប់​ខ្លួន ។​ ពេល​នោះ​ទាំង​បុគ្គលិក​សាឡាង​ ទាំង​អ្នក​បញ្ជា​នៅ​លើ​សាឡាង​ ទាំង​អ្នក​នៅ​លើ​គោក​ក៏​បាន​ដឹង​ និង​​ជួយ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថ​កិច្ច​ដើម្បី​រក​មធ្យោបាយ​ចេញ​កាណូត​ទៅ​ជួយសង្គ្រោះ​មនុស្ស​លង់​ទឹក​​ តែ​គាប់​ជួន​សំណាង​ល្អ​ ស្ត្រីដែល​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​នោះ​ចេះ​ហែល​ទឹក​ ហើយ​ពេលនោះ​​ទូក​នេសាទ​ត្រី​មួយ​នៅ​កណ្តាល​ទន្លេ​ក្បែរ​​ស្រី្ត​ដែល​​លោត​ទឹក​ ក៏បាន​ជួយ​ស្រង់​ស្ត្រី​នោះ​ដាក់​លើ​ទូក​ម៉ាស៊ីន​ ហើយ​​នាំ​យក​មក​លើ​គោក​ត្រើយ​ខាង​កើត​ រួច​ក៏​បីស្ត្រី​នោះ​ឱ្យ​ជិះ​ម៉ូតូ​ឌុប​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង​ដើម្បី​ជួយ​សង្គ្រោះ ។​

ក្រុម​គ្រូ​ពេទ្យ​បាន​ជួយ​ដាក់​ខ្យល់​អុក​ស៊ីសែន​ និង​ដាក់​សេរ៉ូម​ ជួយ​ប្តូរ​សម្លៀក​បំពាក់​ឱ្យ​ស្រ្តី​នោះ​បាន​ស្រួល​ខ្លួន​ដឹង​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​សន្លប់​អស់​រយៈ​ពេល​ជិត​១​ម៉ោង​ ។ ក្រោយ​ពី​ដឹងខ្លួន​ ស្ត្រី​នោះ​បាន​ឱ្យ​អ្នក​យក​ព័ត៌មាន​កោះ​សន្តិ​ភាព​ដឹងថា​ នាង​ឈ្មោះ​ ជាម បួយ​ អាយុ​២៩​ឆ្នាំ​ ឪពុក​ឈ្មោះ​ ជា អឹុម​ តែ​គាត់​ស្លាប់​ហើយ​ និង​ម្តាយ​ឈ្មោះ​ ងិន ខុម នៅ​រស់ ។​ នាង​មាន​ប្តី​ហើយ​និង​មាន​​កូន​ម្នាក់ តែ​ប្តី​ស្លាប់​ចោល​ហើយ ។​  ក្រោយ​ពី​ប្តី​ស្លាប់​ចោល នាងទុក​កូន​ឱ្យ​រស់​នៅ​ជាមួយ​ជីដូន​ក្នុង​ភូមិ​ស្តុក​ ឃុំ​កុមារ​រាជា​ ស្រុក​បាទី​ ខេត្ត​តាកែវ​ ចំណែក​រូបនាង​មក​ភ្នំពេញ​រក​ការងារធ្វើ​ ។ ដំបូងនាង​​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​ ក្រោយ​មក​ឈប់​ធ្វើការ​នៅ​រោងចក្រ​មក​បម្រើ​ការ​នៅ​អាហារ​ដ្ឋាន​មួយ​កន្លែង​ ក៏​បាន​ស្គាល់​ប្រុស​ស្នេហ៍​ម្នាក់​ (សុំ​មិនបញ្ចេញ​ឈ្មោះ) និង​បាន​ដេក​នៅជាមួយ​គ្នា​មួយ​រយៈ​ពេល​ ក្រោយ​មក​នាង​ក៏​បាន​ឆ្លង​​ជំងឺ​អេដស៍​ពី​ប្រុស​ស្នេហ៍​ហេងស៊យ​នោះ ។​ បន្ទាប់​ពីខ្លួន​នាង​បាន​ផ្ទុក​មេរោគ​អេដស៍​ ក៏​ធ្លាក់​​ខ្លួន​ឈឺ​ ហេវ​ហត់​អស់​កម្លាំង​ ធ្វើ​ការ​អ្វី​ក៏​លែង​កើត​ នាង​បាន​ឱ្យប្រុស​ស្នេហ៍​ជូន​ទៅ​មន្ទីរ​ពេទ្យ​ ក្រុម​គ្រូពេទ្យ​ក៏បាន​ជួយ​ព្យាបាល​ជំងឺ​ឱ្យ​នាង​បាន​ធូរ​ស្រាល ហើយ​បាន​បើក​ថ្នាំ​លេប​ពន្យារ​ជីវិត​ជា​ច្រើន​គ្រាប់​ទុក​ឱ្យ​នាង​លេប ។​

នៅថ្ងៃទី​១៥​ កុម្ភៈ​ ប្រុស​ស្នេហ៍បាន​បបួល​នាង​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ស្វាយ​រៀង​ នាង​ក៏​យល់​ព្រម​មក​តាម​ និង​បាន​បើក​ប្រាក់​ខែ​ប្រមូល​ទាំង​ប្រាក់​សន្សំ​បាន​ចំនួន​ជាង​៤០​ម៉ឺន​រៀល​បម្រុងទុក​ផ្ញើ​ទៅ​ឱ្យ​ម្តាយ​ និង​កូន​នៅឯ​​ស្រុក​កំណើត​ តែ​ដោយ​ប្រុស​ស្នេហ៍​បបួល​មក​ហើយ​ក៏​មក​តាម​ ។ លុះជិះ​រថយន្ត​ទៅ​ដល់​ខេត្ត​ស្វាយ​រៀង​ ប្រុ​សព្រាន​នោះ​ចុះ​ពី​លើ​រថយន្ត​ទៅ​ចោល​នាង​បាត់​ ទូរស័ព្ទ​ចូល​ក៏​មិន​លើក​ ប្រាក់​ក៏​ប្រមូល​យក​ទៅ​អស់​ ទុក​តែ​សម្លៀក​បំពាក់​ និងថ្នាំ​ប៉ុណ្ណោះ ។​ នាង​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ​លុះ​មក​ដល់​ជិះ​លើ​សាឡាង​ នាង​គិត​ថា​ត្រូវ​តែ​លោត​ទឹក​សម្លាប់​ខ្លួន ព្រោះ​គ្មាន​លុយ​ឱ្យ​ថ្លៃ​រថយន្ត​ ​ឯ​ប្រាក់​បម្រុង​ផ្ញើ​ទៅម្តាយនិង​​កូន​ក៏​អស់ ចំណែក​ការងារត្រូវ​ថៅកែ​ហាង​គេបញ្ឈប់​ទៀត​ ខ្លួន​ក៏​មាន​ជំងឺ​ទើប​សម្រេចចិត្ត​ចុះពី​រថយន្ត​ទុកបង្វេច​​សម្លៀក​បំពាក់​និងថ្នាំ​ពន្យារ​លើ​សាឡាង​ លោត​ទឹកនៅ​​កណ្តាល​ទន្លេ​មេគង្គ​តែ​ម្តង តែ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង​នៅ​ក្នុងមន្ទីរ​ពេទ្យ​ ។

ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ជួយ​ផ្តល់​យោបល់​ ជួយ​ឧបត្ថម្ភ​សម្លៀក​បំពាក់​ រួម​នឹង​ថវិកា​បន្តិច​បន្តួច​ នាង​ក៏​សម្រេច​ចិត្ត​វិល​ទៅ​រក​ម្តាយ​និងកូន​នៅឯ​ស្រុក​កំណើត​វិញ។​ នេះ​ជា​មេរៀន​នៃ​ជីវិត​ស្រី្ត​ម្នាក់​ដែល​គ្មាន​កំហុស​ មិន​គប្បី​​បុរស​កើត​អេដស៍​បោក​ប្រាស់​ចិត្ត​នាង​បែប​នេះ​ឡើយ ៕​