ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​ខេត្ត​អំពាវនាវ​ប្រជា​នេសាទ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​បែ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​ចិញ្ចឹម​ត្រី​អណ្តែង​តាម​បែ​ក្នុង​ទន្លេ គឺ​ល្អ​ប្រសើរ​ជាង​ការ​ចិញ្ចឹម​ក្នុង​រណ្តៅ​ក្រាល​ថង់​ប្លា​ស្ទិ​ក ព្រោះ​ទឹក​ទន្លេធំ ហើយ​យើង​មិន​លំបាក​ផ្លាស់​ប្តូរ​ទឹក​ដូច​ក្នុង​រណ្តៅ​ថង់​ប្លា​ស្ទិ​ក​ឡើយ ។ នេះ​ជា​ប្រសាសន៍​របស់​លោក សោម ភិ​រុណ…

ខេត្តកំពង់ឆ្នាំង ៖ ការ​ចិញ្ចឹម​ត្រី​អណ្តែង​តាម​បែ​ក្នុង​ទន្លេ គឺ​ល្អ​ប្រសើរ​ជាង​ការ​ចិញ្ចឹម​ក្នុង​រណ្តៅ​ក្រាល​ថង់​ប្លា​ស្ទិ​ក ព្រោះ​ទឹក​ទន្លេធំ ហើយ​យើង​មិន​លំបាក​ផ្លាស់​ប្តូរ​ទឹក​ដូច​ក្នុង​រណ្តៅ​ថង់​ប្លា​ស្ទិ​ក​ឡើយ ។ នេះ​ជា​ប្រសាសន៍​របស់​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ ឲ្យ​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​ចិញ្ចឹម​ត្រី​អណ្តែង​តាម​បច្ចេកទេស​របស់​ជលផល ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ បាន​ទទួល​ការ​ឧបត្ថម្ភ​ជំហាន​ដំបូង​ពី​សហគមន៍​អឺ​រុ​ប ក្នុង​ការ​ចិញ្ចឹម​ត្រី​អណ្តែង ទាំង​ពូជ​ត្រី ស្បៃ​មុង និង​ចំណី​។ លោក​ថា ៖« ការ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​បែ​ត្រឹមតែ​រយៈពេល​២​ខែ គឺ​យើង​អាច​ចាប់​លក់ ឬ​បរិភោគ​ខ្លួនឯង​បាន ដែល​ត្រី​៤​ទៅ​៥​ក្បាល ស្មើនឹង​១​គីឡូក្រាម ហើយ​ចំណេញ​បាន​ពី​៦០​ទៅ​៧០​ម៉ឺន​រៀល ។ បើ​ចិញ្ចឹម​បាន​ធំ​ល្អ យើង​អាច​ចំណេញ​បាន​ដល់​ទៅ​១​លាន​រៀល​ឯណោះ » ។

លោក​បញ្ជាក់​ថា ជា​ធម្មតា ការ​ចិញ្ចឹម​ត្រី​អណ្តែង​ត្រឹម​៤​ទៅ​៥​ក្បាល​ស្មើ​១​គីឡូក្រាម គេ​ចាប់​លក់​ហើយ មិន​ទុក​ឲ្យ​វា​ធំ​ពេក​ទេ ព្រោះ​គេ​មិនសូវ​ហ៊ាន​ទិញ​បរិភោគ​ឡើយ ។ ដូចនេះ លោក​ស្នើ​សុំ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​អណ្តែង​បន្ត​ទៀត ដើម្បី​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ថ្លែងអំណរគុណ​ដល់​សហគមន៍​អឺរ៉ុប និង​មន្ត្រី​ជលផល​ខេត្ត ដែល​បាន​ជួយ​ឧបត្ថម្ភ​ទាំង​ពូជ​ត្រី ស្បៃ​មុង និង​ចំណី​ដល់​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នេះ ហើយ​លោក​ក៏​បាន​ស្នើ​សុំ​សហគមន៍​អឺរ៉ុប​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទៀត ។

ជាមួយ​គ្នា​នេះ លោក​មេឃុំ​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​ប្រជា​នេសាទ សូម​ផ្លាស់​ប្តូរ​ពី​ការ​នេសាទ​ខុសច្បាប់ ងាក​មក​ចិញ្ចឹម​ត្រី​អណ្តែង​វិញ ដោយ​មានការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​ជលផល ពី​របៀប​ចិញ្ចឹម​ត្រី​រយៈពេល​ខ្លី​បាន​ត្រី​បរិភោគ និង​លក់​នៅ​ទីផ្សារ ដើម្បី​យក​ប្រាក់​ជួយ​ដល់​គ្រួសារ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​បែ ក្រៅពី​ឲ្យ​ចំណី​ដែល​ទិញ​ពី​ទីផ្សារ​ហើយ អ្នក​ចិញ្ចឹម​ក៏​អាច​ឲ្យ​ចំណី​សល់​ពី​ផ្ទះបាយ​ផង​ដែរ ដូច​ជា បាយ ត្រកួន និង​បន្លែ​ផ្សេង​ទៀត ឬ​អាច​យក​កន្ទក់​ច្របាច់​លាយ​ជាមួយ​បាយ​ឲ្យ​ត្រី​ស៊ី​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ