ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក និង​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​អះអាង​កន្លង​មក​ថា ផ្លូវ​រថភ្លើង​ពី​ក្រុង​បាត់ដំបង មក​ក្រុង​ពោធិ៍សាត់ នឹង​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​២៩ ឧសភា…

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក និង​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​អះអាង​កន្លង​មក​ថា ផ្លូវ​រថភ្លើង​ពី​ក្រុង​បាត់ដំបង មក​ក្រុង​ពោធិ៍សាត់ នឹង​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​២៩ ឧសភា នេះ ដែល​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ជាប់​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​សិរី​សោភ័ណ បាត់ដំបង និង​ពោធិ៍សាត់ ។

ការ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ខ្សែ​រថភ្លើង​ពី​ក្រុង​បាត់ដំបង មក​ក្រុង​ពោធិ៍សាត់​នា​ពេល​នេះ គឺជា​កា​រត​ភ្ជាប់​ផ្លូវដែក​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​តម្លៃ​កាន់តែ​ទាប​, ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សុរិយា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ម្សិលមិញ ថា ការ​ជួសជុល​ផ្លូវដែក ក៏​ដូច​ជា​កែ​លម្អ ចាប់ផ្តើម​ធ្វើ​ពី​ប៉ោយ​ប៉ែ​តម​ក​បាត់ដំបង យើង​ចែក​ជា​កង់​ៗ និង​ទៅ​តាម​ដំណាក់កាល ដែល​មាន​ទិស​ដៅ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា ៖« ប្រវែង​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស ចាប់ពី​ភ្នំពេញ​ទៅ​ដល់​ប៉ោយ​ប៉ែ​ត មាន​ប្រវែង​ប្រមាណ​៣៨៦​គីឡូម៉ែត្រ ហើយ​ក្រសួង​បាន​ប្រកាស​ថា ប្រហែលជា​នៅ​ថ្ងៃ​ទី​៤​កក្កដា ខាង​មុខ​នេះ អាច​នឹង​ត​ភ្ជាប់​មក​ដល់​បាត់ដឹង​ហើយ » ។

លោក​បន្ត​ថា ៖« ក្រសួង​បាន​ចាត់​ទុក​ផ្លូវដែក​សំខាន់​ណាស់​សម្រាប់​កម្ពុជា ហើយ​នៅ​ថ្នាក់​ប្រទេស​អាស៊ាន យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ត​ភ្ជាប់​បណ្តាញ​ផ្លូវដែក​ទូ​ទាំង​អាស៊ាន ។ ដូចនេះ​ដើម្បី​បម្រើ​វិស័យសេដ្ឋកិច្ច ទាល់តែ​មាន​ផ្លូវ​ដែល​អាច​ជំនួស​គ្នា​បាន ហើយ​ផ្លូវដែក​ជា​វិស័យ​ទី​២​ក្នុង​ការ​ដឹក​ជញ្ជូន បន្ទាប់​ពី​ផ្លូវថ្នល់ » ។
លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​នា​ថ្ងៃ​ដដែល​ថា ៖« ផ្លូវដែក ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​ចំណាយ​ថ្លៃដើម​ទាប ។ ដូចនេះ នៅ​ពេល​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​បាន​ត​ភ្ជាប់​រួចរាល់ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ច្រក​ចែកចាយ​ទំនិញ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ឬ​ឥណ្ឌូចិន ។ អីចឹង ទំនិញ​ទាំងអស់​អាច​បង្ហូរ​ពី​ប្រទេស​ចិន ទៅ​ឡាវ និង វៀតណាម ទៅ​វិញ​ទៅ​មក​បាន​តាម​រយៈ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ការ​ចំណេញ​ថ្លៃដើម​ច្រើន និង​មាន​សុវត្ថិភាព » ។

លោក​បណ្ឌិត​បន្ត​ថា ៖« សម្រាប់​ម្ចាស់​ផលិតកម្ម​ក្នុងស្រុក គាត់​អាច​លំហូរ​ទំនិញ​ដោយ​ស្រួល មិន​ចាំបាច់​ដឹក​តាម​រថយន្ដ ធ្វើការ​ចំណាយ​ថ្លៃដើម​ទាប ធ្វើ​ឱ្យ​យើង​មានឱកាស​ក្នុង​ការ​ប្រកួតប្រជែង និង​ផ្តល់​ផល​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់ តាម​រយៈ​ថ្លៃ​លក់​នៅ​លើ​ទីផ្សារ​ចុះថ្លៃ ពលរដ្ឋ​សប្បាយចិត្ត​ក្នុង​ការ​ទិញ​ប្រើប្រាស់ » ។
លោក​បណ្ឌិត​លើក​ឡើង​ថា នៅ​ពេល​ប្រព័ន្ធ​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស​ត​ភ្ជាប់​រួចរាល់ ហាក់​មិនសូវ​មាន​សក្តានុពល​ទាក់ទាញ​វិនិយោគ​ខ្លាំង​ណាស់ណា​ទេ ព្រោះ​ការ​ដឹក​ទំនិញ​សព្វ​ថ្ងៃនេះ កម្ពុជា​មិន​បាន​ដឹក​ទំនិញ​ទៅ​តាម​រថភ្លើង​ទេ ភាគច្រើន​ដឹក​ទៅ​អឺរ៉ុប តាម​ផ្លូវ​សមុទ្រ ។ ដូចនេះ កា​រត​ភ្ជាប់​នេះ វា​គ្រាន់តែ​ជួយ​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ផែ​ក្រុងព្រះសីហនុ ។

លោក​បណ្ឌិត​បន្ត​ថា ៖« កំណាត់​ផ្លូវដែក​ពី​បាត់ដំបង មក​ពោធិ៍សាត់ វា​មិន​មាន​សក្តានុពល​ទាក់ទាញ​អ្នក​វិនិយោគ​ខ្លាំង​ទេ ប៉ុន្តែ​វា​មាន​សក្តានុពល​ឱ្យ​យើង​លំហូរ​ទំនិញ​កសិផល​មួយ​ចំនួន​ពី​កម្ពុជា​ទៅ​ថៃ និង​លំហូរ​ទំនិញប្រើប្រាស់​មួយ​ចំនួន​ពី​ថៃ​មក​កម្ពុជា​វិញ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​ថ្លៃដើម​ទាប ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​អាច​រស់នៅ​បាន » ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​ថា កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿងចាំបាច់​មួយ​សម្រាប់​កម្ពុជា​ក្នុង​បរិការណ៍​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ​ថែម​ទៀត ទាមទារ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន ។

លោក​បន្ត​ថា ៖« វា​ពិតជា​សំខាន់​ក្នុង​ការ​ពង្រីក​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ដែល​នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​នៃ​សេវាកម្ម​ដឹក​ជញ្ជូន ដែល​សេវាកម្ម​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ