ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដើម​ចេញពី​ភាព​ក្រីក្រ ពុះពារ​ចិញ្ចឹម​ទា​ជិត​៣​ម៉ឺន​ក្បាល

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ « ទម្រាំ​មាន​ថ្ងៃនេះ គ្រួសារ​ខ្ញុំ​បាន​ផ្ដើម​ចេញពី​ជីវិត​ក្រីក្រ​ដ៏​លំបាក ដែល​ពឹង​តែ​ធ្វើស្រែ​ចម្ការ​បន្ដិច​តួច​ប៉ុណ្ណោះ តែ​ពេល​នេះ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ល្អ​ប្រសើរ​មួយ​កម្រិត តាម​រយៈ​ការ​ប្រកប​របរ​ចិញ្ចឹម​ទា ដែល​ពី​ដំបូង​ឡើយ ចិញ្ចឹម​តិចតួច​ប៉ុណ្ណោះ…

ខេត្តកំពង់ឆ្នាំង ៖ « ទម្រាំ​មាន​ថ្ងៃនេះ គ្រួសារ​ខ្ញុំ​បាន​ផ្ដើម​ចេញពី​ជីវិត​ក្រីក្រ​ដ៏​លំបាក ដែល​ពឹង​តែ​ធ្វើស្រែ​ចម្ការ​បន្ដិច​តួច​ប៉ុណ្ណោះ តែ​ពេល​នេះ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ល្អ​ប្រសើរ​មួយ​កម្រិត តាម​រយៈ​ការ​ប្រកប​របរ​ចិញ្ចឹម​ទា ដែល​ពី​ដំបូង​ឡើយ ចិញ្ចឹម​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន បាន​ពង្រីក​ការ​ចិញ្ចឹម​រហូត​ដល់​ជិត​៣​ម៉ឺន​ក្បាល និង​ទទួល​បាន​ពង​ទា​ជាង​១​ម៉ឺន​គ្រាប់​ក្នុង​១​ថ្ងៃ » ។ នេះ​ជា​ការ​រៀបរាប់​របស់​កសិករ​ចិញ្ចឹម​ទា នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ។

លោក ប៊ិ​ន ម៉ា​រិ​ទ្ធ អាយុ​២៣​ឆ្នាំ បាន​រៀបរាប់​ថា ឪពុក​ម្ដាយ​របស់​ខ្លួន​ជា​កសិករ​ចិញ្ចឹម​ទា ។ កាលពី​ដំបូង គឺ​ចិញ្ចឹម​តិចតួច​ប៉ុណ្ណោះ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ហើយ​ក៏​បាន​ពង្រីក​ការ​ចិញ្ចឹម​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ម្តង​បន្តិច​ៗ បើ​គិត​មក​ដល់​ពេល​នេះ ការ​ចិញ្ចឹម​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ ។

ប៊ិ​ន ម៉ា​រិ​ទ្ធ បន្ត​ថា ទា​សរុប​មាន​ចំនួន​ជិត​៣​ម៉ឺន​ក្បាល ក្នុង​នោះ​មាន​ទា​ថ្មី​ជាង​១​ម៉ឺន​ក្បាល និង​ទា​ចាស់​ពង​ស្រាប់​ជាង​១​ម៉ឺន​ក្បាល​។ ក្នុង​១​ថ្ងៃ ទទួល​បាន​ពង​ទា​ពី​១​ម៉ឺន​៣​ពាន់ ទៅ​១​ម៉ឺន​៤​ពាន់​គ្រាប់​ដែរ ។ សម្រាប់​តម្លៃ​ពង​ទា​លក់​ចេញ​វិញ គឺ​១​គ្រាប់​៤០០​រៀល ប៉ុន្តែ​ទើបតែ​ឡើងថ្លៃ​ប្រហែល​១​ខែ​នេះ​ទេ ខណៈ​ពេល​មុន តម្លៃ​ពង​ទា​ចុះថោក​បាន​ត្រឹមតែ​៣៥០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គ្រាប់​។ សព្វថ្ងៃ មាន​អាជីវករ​មក​ពី​ខេត្តកំពង់ឆ្នាំង បាន​មក​ទិញ​ពង​ទា និង​មាន​ម៉ូយ​កុម្ម​ង់​ទិញ​ពី​ខេត្តពោធិ៍សាត់​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ​, កំពង់ធំ និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

យុវជន​រូប​នេះ​ថា ៖« កាលពី​ឆ្នាំ​២០១៤ ឪពុក​ខ្ញុំ​បាន​ទៅ​ចូលរួម​ប្រឡង​ការ​ចិញ្ចឹម​ទា​ថ្នាក់​ជាតិ ហើយ​ក៏​បាន​ទទួល​ពានរង្វាន់​លេខ​១ ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ឪពុក​ខ្ញុំ​ទទួល​បាន​គោ​យន្ត​១​គ្រឿង​, ម៉ាស៊ីន​កិន​ចំណី​១​គ្រឿង​ពី​សម្តេច និង​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ ចំនួន​១០​ថ្ងៃ​ទៀត​ផង » ។

យុវជន ប៊ិ​ន ម៉ា​រិ​ទ្ធ បន្ត​ថា ថ្វីបើ​យើង​ទទួល​បាន​ពង​ទា​ច្រើន និង​កម្រៃ​ច្រើន​មែន ប៉ុន្តែ​ចំណី​ទា​ដែល​បាន​ទិញ​ពី​ទីផ្សារ ក៏​ថ្លៃ​ដែរ ។ ម៉ា​រិ​ទ្ធ បាន​ទិញ​កន្ទក់ ខ្យង​ខ្ចៅ និង​កំ​ពិស មក​កិន​លាយ​បញ្ចូល​គ្នា​ឲ្យ​ទា​ស៊ី ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ចំណី​របស់​វា ។ ក្រៅពី​នេះ ការ​ចិញ្ចឹម​ទា ត្រូវ​តាមដាន​ជំងឺ​ជា​ប្រចាំ​ផង​ដែរ បើ​សង្ស័យ​ថា​វា​ឈឺ ត្រូវ​ដាក់​ថ្នាំ​ជា​បន្ទាន់ ។ សត្វ​ទា​ដែល​ចិញ្ចឹម​យក​ពង គឺ​មាន​រយៈពេល​ពី​៤​ទៅ​៥​ឆ្នាំ ហើយ​ត្រូវ​ចាប់​មេ​លក់ និង​ដាក់​មេ​ថ្មី​ទៀត ។

ម៉ា​រិ​ទ្ធ បញ្ជាក់​ថា សព្វ​ថ្ងៃនេះ ខ្លួន​បាន​ជួល​កម្មករ​ចំនួន​៦​នាក់​សម្រាប់​ដាក់​ចំណី កើប​លាមក រើស​ពង​ទា និង​យាម​ទា ប៉ុន្តែ​ក៏​នៅ​មាន​បាត់​ទា​ខ្លះ​ដែរ ពេល​វា​ទៅ​ស៊ី​ចំណី​ឆ្ងាយ​ៗ ហើយ​ជាប់​មង និង​សន្ទូច​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ